តួឯក​រឿង "​សិស្ស​ចំណូល​ថ្មី​" និយាយ​ពី​បទ​ពិសោធន៍​សម្ដែង និង​ចំណុច​ពិសេសៗ​ក្នុង​សាច់​រឿង

  • 2018-12-06 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "សិស្ស​ចំណូល​ថ្មី" ឬ​ "I Am Not A Fool” ទើប​តែ​ចាប់​ដាក់​ឲ្យ​ទស្សនា​បាន​នៅ​លើ​ Soyo ថ្មីៗ​នេះ​។ ភាពយន្ត​នេះ​ជា​សមិទ្ធផល​ថ្មី​ ដែល​ចូលរួម​សម្ដែង​ពី​តារា​សម្ដែង​ថ្មីៗ​វ័យ​ក្មេង​ ជា​ពិសេស​និយាយ​អំពី​រឿង​រ៉ាវ​កើត​ឡើង​ចំពោះ​ ក្មេងៗ​វ័យ​ជំទង់​តែ​ម្ដង​។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​តួ​ឯក​នៅ​ក្នុង​ភាពយន្ត​នេះ​ទាំង​ពីរ​រូប​គឺ លោក ហន គឹមធាន និង​ កញ្ញា ចន្ធី ដាឡែន​ បាន​ជួប​សម្ភាសន៍​ជាមួយ​ Sabay ផ្ទាល់​តែ​ម្ដង​ ដើម្បី​និយាយ​ពី​បទ​ពិសោធន៍​និង​ចំណុច​ពិសេស​ខ្លះៗ​ជុំវិញ​ភាពយន្ត​នេះ។

លោក ហន គឹមធាន
កញ្ញា ចន្ធី ដាឡែន​

ក្នុង​នាម​ជា​តារា​សម្ដែង​វ័យ​ក្មេង​ និង​ទើប​តែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ គឹម​ធាន​ បាន​និយាយ​ថា នេះ​ពិត​ជា​បទ​ពិសោធន៍​ដ៏​ល្អ​មួយ​របស់​ខ្លួន​​ក្នុង​ការ​សម្ដែង​ភាពយន្ត​បែប​នេះ ក៏​ដូច​ជា​សិក្សា​ពី​ចំណេះ​ដឹង​ផ្សេងៗ​ជា​ច្រើន​ក្នុង​វិស័យ​ភាពយន្ត។ តារា​រូប​​នេះ​ក៏​បញ្ជាក់​ថា​រឿង "I Am Not A Fool” បាន​បង្ហាញ​ពី​សារ​អប់​រំ​មួយ​ដែល​ក្មេង​​វ័យ​ជំទង់​គួរ​តែ​ទទួល​យក មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​ចង់​​ចូលរួម​ចំណែក​ធ្វើ​គម្រោង​ផ្សេង​ៗ ដែល​ផ្ដល់​នូវ​ភាព​វិជ្ជមាន​ចំពោះ​សង្គម​ទៀត​ផង។

ចំពោះ​ឯ ដាឡែន​ វិញ​ ក្នុង​សាច់​រឿង​នេះនាង​បាន​ដើរ​តួ​ជា​ប្រភេទ​តួអង្គ​ឡិកឡក់​ ប៉ុន្តែ​មាន​ទឹក​ចិត្ត​ល្អ​។ ចំពោះ​ដំណើរ​ការ​ថត​ តារា​វ័យ​ក្មេង​រូប​នេះ​បញ្ជាក់​ថា​ មាន​ភាព​លំបាក​ច្រើន​ដោយ​សារ​តែ​ភាពយន្ត​នេះ​មាន​ឈុត​ឆាក​ផ្សេងៗ​ច្រើន​តម្រូវ​ឲ្យ​នាង​សម្ដែង​ ប៉ុន្តែ​ក៏​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ​ជា​ច្រើន​ផង​ដែរ។ ដាឡែន​​ បន្ថែម​ថា​ចំណុច​ពិសេស​ក្នុង​សាច់​រឿង "សិស្ស​ចំណូល​ថ្មី" គឺ​អប់​រំ​ឲ្យ​ចេះ​ស្រលាញ់​គ្នា​និង​លើក​ទោស​នូវ​កំហុស​ផ្សេងៗ​ រវាង​គ្នា​និង​គ្នា​ជៀសវាង​​ ការ​ធ្វើ​អំពើ​មិន​ល្អ​ចំពោះ​គ្នា​ប្រកាន់​ខ្ជាប់​នូវ​គំនុំ​សង​សឹក។

ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​ជា​តារា​ថ្មី​ ដូច្នេះ​ពួក​គេ​ក៏​បាន​បង្ហាញ​ពី​តារា​ចាស់ៗ រៀម​ច្បង​ដែល​ជា​អ្នក​ពួក​គេ​សិក្សា​តាម​ផង​ដែរ គឺ​លោក ទេព​ រិនដារ៉ូ​ និង​អ្នក​នាង អម្ពរ​ ទេវី។ ដូច្នេះ​ពួក​គេ​នៅ​តែ​រៀន​សូត្រ​​ជា​និច្ច​នូវ​ចំណេះ​ដឹង​ថ្មីៗ​ពាក់​ព័ន្ធ​នឹង​អាជីព​ជា​អ្នក​សម្ដែង ក៏​ដូច​ជា​ប្រកប​អាជីព​នេះ​បណ្ដើរៗ។ ភាពយន្ត​ "សិស្ស​ចំណូល​ថ្មី" ឬ "I Am Not A Fool” អាច​ទស្សនា​បាន​នៅ​លើ​ Soyo ដែល​ទើប​តែ​បញ្ចេញ​ថ្មីៗ។

ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖


អត្ថបទ៖ ធារ៉ូ