ក្រោយជាប់ឈ្មោះ "អាត្មានិយម" ធ្វើឲ្យជើងហោះហើរពន្យារ Jimmy ចេញមុខបកស្រាយភ្លាម

  • 2018-12-07 03:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ជំនាន់​ទសវត្សរ៍​ ៩០​ Jimmy Lin ទទួល​បាន​ក្ដី​ស្រឡាញ់ពី​អ្នក​គាំទ្រ​ជា​ច្រើន​អស់​រយៈពេល​ជាង​ ២០​ឆ្នាំហើយ ហើយ​តារា​រូបនេះ​ក៏​មិន​ដែល​មាន​ព័ត៌មាន​មិនល្អ​ប្រឡាក់​ជាប់​ខ្លួន​ដែរ លើក​លែង​ពេល​នេះ​លោក​បាន​ធ្វើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ផ្ដោត​លើ​គ្រប់​គ្នា​ព្រោះ​រឿង​ហេតុ​មួយ។

កាល​ពី​ថ្ងៃទី​ ២៩ ខែ​វិច្ឆិកា​ Jimmy បាន​រៀបចំ​ហោះហើរ​ពី​ទីក្រុង​ហុងកុង​ ទៅ​កាន់​តៃវ៉ាន់។ ពេល​នោះ​ដែរ ការហោះហើរ​រៀបចំជិត​ចេញ​ដំណើរ​ ហើយ​អ្នក​ដំណើរ​ក៏​អង្គុយ​តាម​កន្លែង​រៀងៗខ្លួន ប៉ុន្តែ​ Jimmy ឯណេះ​វិញ​បែរជាសុំ​ត្រួតពិនិត្យ​​វ៉ាលី​រប​ស់​ខ្លួន។

ផ្អែក​តាម​ប្រភព​ព័ត៌មាន​មួយ ជើង​ហោះ​ហើរ​នៅ​ពេល​នោះ​ត្រូវ​ពន្យារ​ ប្រមាណ​កន្លះ​ម៉ោង​ ដើម្បី​ទុក​ពេល​ឲ្យ​ជំនួយការ​របស់​ Jimmy ត្រួតពិនិត្យ​ និង​យក​របស់របរ​របស់​លោក​ទុក​ដាក់​ឲ្យ​ស្រួលបួលវិញ។

បើ​ទោះ​បី​ Jimmy ជាមនុស្ស​សុភាព​រាបសារ​ ចេះ​គួរសម​ និង​សុំទោស​ដល់​គ្រប់​គ្នា​នៅ​ទីនោះ​ក៏​ដោយ​ ប៉ុន្តែ​លោក​ក៏​ត្រូវ​អ្នក​ដំណើរ​ជាមួយ​គ្នា​រអ៊ូរទាំ ថែម​ទាំង​រាយការណ៍​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ហុងកុង​ទៀត​ថា​ តារា​ប្រុស​រូបនេះ​ធ្វើ​ឲ្យ​ពួកគេ​ខាត​ពេល​ ៣០​នាទី​ ហើយ​ទង្វើ​បែប​នេះ​ពិត​ជា​អាត្មានិយម​ណាស់។

ដោយ​ឡែក​បើ​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ Cathy Pacific បាន​ឲ្យ​ដឹង​ថា​ ទ្វារ​យន្តហោះ​បាន​បិទ​នៅ ម៉ោង​ ១០ និង​៥៦នាទីយប់ រីឯម៉ោង​ដែល​ត្រូវ​ហោះហើរ គឺ​នៅ​បន្ទាប់​ពី​ពន្យារ​ពេល​ប្រមាណ​ ២ ទៅ៣នាទី​ប៉ុណ្ណោះ​ ពោល​គឺ​ម៉ោង ១០ និង​៥៨នាទី។ ចំណែក​ម៉ោង​ដែល​រំពឹង​ថា​ទៅ​ដល់​ទីក្រុង​តៃប៉ិ​គឺ ១២ និង​៣២នាទី​ ដូចនេះ​មិន​មាន​ការ​បន្លាយ​ពេល​យូរ​ពេក​នោះទេ។

សម្រាប់​ Jimmy Lin វិញ​ក៏​បានចេញ​មុខ​ទទួល​ខុស​ត្រូវនូវ​ទង្វើ​របស់​ខ្លួន ដោយ​​បង្ហោះ​សុំទោស​ និងបញ្ជាក់រឿងពិតនៅ​លើគណនី​ Weibo របស់​ខ្លួន។ សំណេរ​សុំទោស​នោះ​មាន​ន័យ​ដូចតទៅ៖

“ជាការពិត​មែន​ហើយ​ដែល​នៅ​ពេល​ជិត​ចេញ​ដំណើរ​ យើង​ស្រាប់​តែ​ដឹង​ថា​ភ្លេច​របស់​សំខាន់​​មួយ។ ពេល​នោះ​ខ្ញុំ​ក៏​សួរ​ជំនួយការ​របស់​ខ្ញុំដើម្បី​សុំ​ខាង​ក្រុមការងារ​ជើង​ហោះ​ហើរ​ ទៅ​រក​របស់​នោះ។ ពេល​នោះ​ដែរ​ ជើងហោះហើរ​ក៏​នៅ​តែ​ចេញ​ដំណើរ​ទាន់​ពេល​តាម​គ្រោង​ទុក ហើយ​រឿង​ហេតុ​ដែល​កើត​ឡើង​ចៃដន្យរប​ស់​ខ្ញុំ​នោះ​ ក៏​មិន​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​ហោះ​ហើរ​មាន​ការ​យឺត​យ៉ាវ​ ឬ​ត្រូវ​ចុះចត​បន្ទាន់ឡើយ មានតែ​ទៅ​ដល់​មុន​មួយ​នាទី​ទៀត​ផង”។

បន្ថែម​ពី​លើ​នេះ​ លោក​ក៏​បាន​ក្រើន​រម្លឹក​ទៅ​គ្រប់​គ្នា​ តាមរយៈ​មេរៀន​ដែល​លោក​បាន​ជួប​លើក​នេះ​ ដោយ​បញ្ជាក់​ថា​ សូម​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​​កាន់រ​បស់របរ​ជាប់​ជាមួយ​ជានិច្ច​ កុំ​ឲ្យ​ភ្លេចភ្លាំង​ ព្រោះ​វា​សំខាន់​ណាស់៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី