បង្កើតជាង៦០ឆ្នាំហើយ សូមមកដឹងប្រវត្តិត្រួសៗ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

  • 2018-12-07 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​គឺ​ជា​គ្រឹះស្ថាន​ស្រាវជ្រាវ​ និង​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។ គិត​មក​ដល់​ឆ្នាំ​២០១៨ គឺជា​ខួប​៦៥​ឆ្នាំ ​ហើយ​នៃ​ការ​បង្កើត​វិទ្យាស្ថាន​នេះ។ នេះបើតាមទំព័រហ្វេសប៊ុក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

ចំណែកឯ ប្រភព​ពី​គេហទំព័រ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាវិញ​ បាន​បញ្ជាក់​ពី​​ប្រវត្តិ​លម្អិតនានា​ទាក់ទង​នឹង​វិទ្យាស្ថាន​នេះ​។ Sabay សូមដកស្រង់តែចំណុច មួយចំនួនមកជម្រាបជូននៅពេលនេះ។ មិនមែន​មាន​តែ​ផ្នែក​ចាក់​វ៉ាក់សាំង​ទេ ​​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ មាន​បម្រើ​សេវា​សុខភាព​ជា​ច្រើន​ទៀត ដោយ​សារ​តែ​ស្ថិត​នៅ​រួម​ក្នុង​បណ្តាញ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អន្តរជាតិ ដែល​តែងតែ​មាន​សហប្រតិបត្តិការ​ជាមួយ​គ្នា។

រូបនៅឆ្នាំ ១៩៥៣ ប្រភព គេហទំព័រ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា

**១. ប្រវត្តិ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ប្រចាំ​ប្រទេស​កម្ពុជា**

បើ​តាម​ប្រភព​ពី​គេហទំព័រ​ដដែល​ឲ្យ​ដឹង​ថា វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ កម្ពុជា​​បាន​បង្កើត​តាំងពី ​ខែ​ធ្នូ ឆ្នាំ ១៩៥៣ ​ដែល​មាន​ឈ្មោះ​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​ភ្នំពេញ បន្ទាប់​ពី​ការ​ប្រកាស​ឯករាជ្យ​នៃ​ព្រះរាជាណាចក្រ​ខ្មែរ។ ​កាល​ពី​ដំបូង វិទ្យាស្ថាន​ផលិត​វ៉ាក់សាំង​សម្រាប់​សត្វ ហើយ​មិន​យូរ​ប៉ុន្មាន​វិទ្យាស្ថាន​នេះ​ក៏​បាន​បង្កើន​​សមត្ថភាព​របស់​ខ្លួន​ដោយ​ធ្វើការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត និង​វ៉ាក់​សាំង​ប្រឆាំង​ជំងឺ​អុត​តូច​ដែល​កើត​មាន​លើ​មនុស្ស។

ប្រភព គេហទំព័រ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា

ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ១៩៩៥  វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ត្រូវ​បាន​បើក​សម្ភោធ​ជា​ផ្លូវ​ការ​ដោយ​នាយក​រដ្ឋមន្ត្រី នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ កាលនោះ គឺព្រះអង្គម្ចាស់​នរោត្តម ​រណឫទ្ធិ ក្រោម​វត្តមាន​ សាស្ត្រាចារ្យ Bernard DEBRÉ រដ្ឋមន្រ្តី​នៃ​កិច្ច​សហ​ប្រតិបត្តិការ​បារាំង។ វេជ្ជ . François Flye Sainte-Marie បាន​ដឹកនាំ​វិទ្យាស្ថាន​នេះ​ជា​ផ្លូវការ​ហើយ លោកស្រី គ្រុយ ស៊ុន​ឡាយ ដែល​ជា​អ្នក​មាន​គំនិត​ផ្ដួចផ្ដើម​បង្កើត​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ត្រូវ​បាន​តែងតាំង​ជា​នាយក​រង។ យុគសម័យ ថ្មី​បាន​លេចឡើង​សម្រាប់​វិទ្យាស្ថាន​ប៉ាស្ទ័រ​ប្រចាំ​នៅ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​បារាំង ខ្មែរ។ ជា​ដំបូង​វិទ្យាស្ថាន​នេះ​បាន​បង្កើត​ផ្នែក​ជីវសាស្ត្រ។

ប្រភព គេហទំព័រ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា

ចាប់ពីឆ្នាំ១៩៩៥ វិទ្យាស្ថាន​បាន​បើក ផ្នែក​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត និង​មជ្ឈមណ្ឌល​ធ្វើ​តេស្តឈាម​អនាមិក និង​ឥត​បង់​ថ្លៃ សម្រាប់​មេរោគ​អេដស៍​ទី​មួយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

ផ្នែក​មេរោគ​សាស្ត្រ​ត្រូវ​បាន​បើក​សម្ពោធ​នៅ​ខែ​ធ្នូ ឆ្នាំ១៩៩៦ ក្រោម​អធិបតីភាព​សម្ដេច ហ៊ុន សែន ហើយ​បន្ទាប់​មក​ផ្នែក​សិក្សា​ពី​រោគ​រាតត្បាត​នៃម៉ូលេគុល ដោយ​ធ្វើការ​លើ​ជំងឺ​គ្រុនចាញ់​នៅ​ខែ ​មករា ​ឆ្នាំ​២០០១ និង​ផ្នែក​សិក្សា​ពី​ប្រព័ន្ធ​ការពារ​រាងកាយ និង​ការ​បង្កើត​ភាព​ស៊ាំ នៅ​ឆ្នាំ​២០០៥។

ប្រភព គេហទំព័រ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា

បន្ទាប់​ពី​មាន​ការ​លេច​ឡើង​ដ៏​ច្រើន​នៃ​មេរោគ ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ​H5N1 បន្ទប់​ពិសោធន៍​ដែល​មាន​សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត P3 ប្រចាំ​តំបន់​មួយ ត្រូវ​បាន​បើក​សម្ពោធ នៅថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០០៨ ក្រោម​វត្តមាន​របស់ លោក វេជ្ជ . ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង លោកស្រី Rama YADÉ រដ្ឋលេខាធិការ​បារាំង​ទទួល​បន្ទុក​កិច្ច​ការ​បរទេស និង​សិទ្ធិ​មនុស្ស។

២. សកម្មភាព​នៃ​វិទ្យាស្ថាន

រូវថត ពីទំព័រហ្វេសប៊ុក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា

​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផ្ដោត​ទៅ​លើ​ការ​ស្រាវជ្រាវ​ជីវ​វេជ្ជសាស្ត្រ និង​ការ​តាម​ដាន​ជំងឺ​ឆ្លង ដោយ​ធ្វើការ​ជា​ដៃ​គូរ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដទៃ​ទៀត និង មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ព្រម​ទាំង​ជាមួយ​មន្ទីរ​ពេទ្យ​មួយ​ចំនួន។

ការ​ស្រាវជ្រាវ​ដែល​ធ្វើ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​មាន​ទិសដៅ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ កំណត់​លក្ខណៈ​នៃ​ជីវ​វេជ្ជសាស្ត្រ ​និង​អណូ និង​អេ​ពី​ដេ​មី​សាស្រ្ត​នៃ​វីរុស (ផ្ដាសាយ គ្រុនឈាម ហ៊ីវ…) បាក់តេរី (របេង សាល​ម៉ូណែលឡូស, ឡេហ្សូណែលឡូស, លេបតូស្ព័រ…) និង​គ្រុនចាញ់​ជាមួយ​នឹង​ការ​សង្កត់​ធ្ងន់ ទៅ​លើ​ការ​កំណត់​អត្ត​សញ្ញាណ ​និង​ការ​សិក្សា​ពី​យន្តការ​នៃ​ភាព​ស៊ាំ​របស់​អតិ​សុខុម​ប្រាណ​ទៅ​នឹង​ការ​ព្យាបាល។

វិទ្យាស្ថាន​ប៉ាស្ទ័រ​ក៏​បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​នានា​នៅ​កម្ពុជា។

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម