៥ យ៉ាងកាដូគាប់ចិត្តអ្នកចូលរួម គួរទៅពិព័រណ៍សៀវភៅ៣ថ្ងៃនេះឲ្យហើយ

  • 2018-12-07 05:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 283

ចន្លោះមិនឃើញ

​ព្រឹក​ថ្ងៃ​ដំបូង​នៃ​ពិព័រណ៍​សៀវភៅ​កម្ពុជា​ បាន​ចាប់​ផ្ដើម​គេ​សង្កេត​ឃើញ​អ្នក​ចូលរួម​ ជាពិសេស​សិស្សានុសិស្ស​ដែល​ស្រឡាញ់​ការ​អាន​ បាន​ចូលរួម​ទិញ​ និង​អាន​សៀវភៅ​យ៉ាង​ច្រើន​កុះ​ករ។ ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​នោះ​ អ្នក​ចូលរួម​បាន​មក​កន្លែង​រៀប​ចំ​តាំង​ពី​ម៉ោង​៧ព្រឹក​ ជាង​ទៀត​ការ​ពិព័រណ៍​នេះ នឹង​កម្មវិធី​ពិសេស​សម្រាប់​អ្នក​ចូលរួម។

ជាក់ស្ដែង​តាម​រយៈ​ក្រុម​ការងារ​ Sabay បាន​ទៅ​ចុះ​ផ្ទាល់​ ដោយ​បាន​សាក​សួរ​ក្រុម​ស្ម័គ្រចិត្ត​រៀបចំ​ទាក់​ទិន​ចំណុច​ពិសេស​៥យ៉ាង គួរ​កុំ​រំលង​ពិព័រណ៍​សៀវភៅ​នេះ​ឲ្យ​សោះ៖​​​​​​​​​​​​​

១. ​ទទួល​បាន​សៀវភៅ​ចំណេះដឹង​ឥត​គិត​ថ្លៃ

ពិព័រណ៍​នេះ ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​នឹង​មាន​ការ​ចែក​សៀវភៅ​ដោយ​ឥត​គិត​ថ្លៃ​ប្រមាណ​ ១០ម៉ឺនក្បាល ដល់​អ្នក​ទៅ​ចូលរួម​។ ​ដើម្បី​បាន​សៀវភៅ​នេះ​ លោក​អ្នក​គ្រាន់​ស្នើ​សុំ​ពាក្យ​បំពេញ​​ ហើយ​ធ្វើការ​តាម​ការ​ណែនាំ​របស់​ក្រុម​ការងារ​រៀប​ចំ ពិព័រណ៍​នេះ។

២. ​ដោះដូរ​សៀវភៅ​ចាស់ៗ

អ្វី​ដែល​ពិសេស​នោះ​ មាន​ស្តង់​ដោះ​ដូរ​សៀវភៅ (Book Exchange) នៅស្ដង់​លេខ​៦២ ដែលអ្នក​ចូលរួម​មាន​សៀវភៅ​ចាស់​ អាច​យក​មក​ដោះដូរ​សៀវភៅ​អាន​ដោយ​គិត​ថ្លៃ​ប្រមាណ​ជាង​ ១០០ក្បាល​។ ​បញ្ជាក់​បើ​សៀវភៅ​លោក​អ្នក​ជាភាសាខ្មែរ ត្រូវ​ដោះដូរ​ជា​ភាសាខ្មែរ បើ​សៀវភៅ​លោក​អ្នក​ជា​ភាសា​អង់គ្លេស​ ត្រូវ​ដោះដូរ​ជា​ភាសា​អង់គ្លេស។​​​​

៣. បរិច្ចាគ​សៀវភៅ​ចាស់ៗ​

នៅ​ស្តង់​ដដែល​នេះ ​លោក​អ្នក​ដែល​មាន​សៀវភៅ​ចាស់​ៗ ដែល​អា​នរួច​ ក៏​អាច​យក​ទៅ​បរិច្ចាគ​ឲ្យ​ក្មេង​ៗ​ក្រី​ក្រ​នៅ​តាម​បណ្ដា​ខេត្ត​ ​តាម​រយៈ​ការ​ចូលរួម​ពិព័រណ៍​នេះ​ផងដែរ​។​​ ​​​​

៤​. មាន​ឱកាស​ជួប​ជាមួយ​អ្នកនិពន្ធ​ជើងចាស់ ​និង​ថ្មី​

ជឿ​ជាក់​ថា អ្នក​ចូលចិត្ត​អាន​សៀវភៅ​ប្រាកដ​ជា​ចង់​ជួប​ ចង់​ស្គាល់​អ្នក​និពន្ធ។ នេះ​ជា​ឱកាស​ល្អ​បំផុត​ សម្រាប់​ការ​ជួប​ជាមួយ​ម្ចាស់​ស្នាដៃ​អ្នកនិពន្ធ​ជើងចាស់ ​និង​ថ្មី និង​ការ​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​។

​៥. ​ទទួល​បាន​ការ​បញ្ចុះតម្លៃ​រាល់​ការ​ទិញ​សៀវភៅ​នីមួយៗ

អ្វី​ដែល​ពិសេស​នោះ​ ការ​តាំង​ពិព័រណ៍​នេះ​ ស្ទើរ​តែ​គ្រប់​ស្តង់​ទាំងអស់​ មាន​លក់​សៀវភៅ​គ្រប់​ប្រភេទ​​ថ្មី ចាស់ ជាមួយ​ការ​បញ្ចុះ​តម្លៃ​ពិសេស​​រាល់​ការ​ទិញ​សៀវភៅ​នីមួយៗ។

​​ គួរ​ជម្រាប​ថា​ សូម​កុំ​រំលង​​ពិព័រណ៍​សៀវភៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី​៧​ ចាប់​ផ្ដើម​នៅ​ថ្ងៃទី៧, ៨ ដល់​ថ្ងៃ​ទី៩ ខែ​ធ្នូ នៅ​ក្នុង​បរិវេណ​បណ្ណាល័យជាតិ ​ដែល​មាន​ទី​តាំង​នៅ​ខាង​មុខ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ម្ដុំ​វត្ត​ភ្នំ៕​


អត្ថបទ៖ ស៊ិន សាវ៉េត