Sarri ថា​​​គ្មាន​ក្បួន​ផ្តួល​ Man City ទេ ៖ "ខ្ញុំ​តែង​ចាញ់ Guardiola រាល់​ពេល... សួរ​អ្នក​ផ្សេងទៅ​!”

  • 2018-12-08 07:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola មិន​ដែល​​ចាញ់​លោក Maurizio Sarri ឡើយ​ក្នុង​ជំនួប​៣​​លើក ហើយ​គ្រូ​បង្វឹក Chelsea បាន​សារភាព​ថា​លោក​ពិត​ជា​គ្មាន​​ក្បួន​ណា​ទៅ​ផ្តួល​ Man City ឡើយ។

តោ​ខៀវ Chelsea នឹង​បើក​ទ្វារ​កីឡដ្ឋាន Stamford Bridge ស្វាគមន៍​ក្រុម​កំពូល​តារាង​មេឃ​ខៀវ​នៅ​វេលា​ម៉ោង​ ១២:៣០ នាទី​រំលង​អាធ្រាត្រ​យប់​នេះ​។

ចាប់ផ្តើម​រដូវ​កាល​ដំបូង​ជាមួយ Chelsea លោក​ Sarri មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​ ១២​ប្រកួត ប៉ុន្តែ​បាន​បរាជ័យ​២​​លើក​​ក្នុង​ចំណោម​៣​ប្រកួត​ចុង​ក្រោយ​​នៅ Premier League ដែល​ធ្វើ​ឲ្យ​ Chelsea ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​រំពឹង​ដណ្ដើម​ជើងឯក Man City និង Liverpool។

ជ័យជម្នះ​ថ្ងៃ​សៅរ៍​​នឹង​អាច​ធ្វើ​ឲ្យ Chelsea ដែល​មាន​៣១​ពិន្ទុ​អាច​បន្ត​ឡើង​ទៅ​កៀក​កិត​​នឹង​ក្រុម​កំពូល​តារាង Man City ដែល​មាន​៤១​ពិន្ទុ។

ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ នៅ​ពេល​អ្នក​​សារព័ត៌មាន​សួរ​ថា​ធ្វើ​ម៉េច​អាច​ផ្តួល​ Man City បាន? គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ឆ្លើយ​ថា "ខ្ញុំ​មិន​ដឹង​ទេ។ ប្រកួត​ជាមួយ Guardiola ខ្ញុំ​តែង​ចាញ់​រាល់​លើក ដូច្នេះ​ខ្ញុំ​មិន​ដឹង​ទេ។ លោក​អាច​សួរ​អ្នក​ផ្សេង​បាន"។

​Sarri បាន​និយាយ​ថា ក្រុម​របស់​លោក Guardiola ជា​ក្រុម​ខ្លាំង​មួយ​​ក្នុង​ចំណោម​ក្រុម​បាល់ទាត់​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន។ Man City ចាប់​ផ្តើម​រដូវ​កាល​បាន​យ៉ាង​ល្អ។ មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​គិត​មក​ទល់​ពេល​នេះ។

គ្រូ​បង្វឹក​តោ​ខៀវ​ជឿ​ថា ឧបសគ្គ​របស់​ក្រុម​លោក​គឺ​ខ្វះ​ទឹក​ចិត្ត។ ដូច្នេះ​លោក​បាន​ប្រាប់​កូន​ក្រុម​លោក​ថា ពួក​គេ​ត្រូវ​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​​ដើម្បី​ដាក់​គោលដៅ​រួម​ គឺ​ធ្វើ​ឲ្យ Chelsea ក្លាយ​ជា​ក្រុម​កំពូល​មួយ​នៅ​អឺរ៉ុប។

“ខ្ញុំ​អាច​និយាយ​បាន​ថា បច្ចុប្បន្ន​ពួកគេ (Man City) ខ្លាំង​ជាង​ពួក​យើង ប៉ុន្តែ​គោលដៅ​ចុងក្រោយ​របស់​ពួក​យើង​គឺ​ធ្វើ​ជា​ក្រុម​ខ្លាំង​​បំផុត​នៅ​អឺរ៉ុប។ ដូច្នេះ​យើង​ត្រូវ​បង្កើន​ការ​ខំប្រឹង។ យើង​មាន​សំណាង ៩០​នាទី​ អ្វីៗ​ក៏​អាច​កើត​ឡើង​​ដែរ។ យើង​ដឹង​ថា​ វា​ជា​​ការ​ប្រកួត​ដ៏​លំបាក ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ជំនឿ​ចិត្ត"។

​​Sarri ត្រូវ​បាន​​ទទួល​ស្គាល់​ថា​ បាន​កែប្រែ​ទម្លាប់ និង វិន័យ​ដ៏​តឹងរ៉ឹង​​​​បំផុត​នៅ Chelsea

Sarri មិន​ត្រឹម​តែ​បាន​នាំ​ក្បួន​ប្រយុទ្ធ​ដែល​​ត្រូវ​នឹង​របៀប​លេង​របស់​កីឡាករ​ Chelsea ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្រូ​បង្វឹក​វ័យ ៥៩ ឆ្នាំ​រូប​នេះ​ថែម​ទាំង​ជំនាញ​ខាង​ចិត្តសាស្ត្រ​កីឡាករ​ទៀត​ផង។

​​ជា​ការ​ពិត​ណាស់ គ្មាន​នរណា​ហ៊ាន​ថា​វិន័យ​ដែក​ថែប​របស់​លោក Conte មិន​ល្អ​ទេ ព្រោះ​អតីត​គ្រូ​បង្វឹក​តោខៀវ​រូប​នោះ​ធ្លាប់​ដណ្តើម​​ទាំង​ពាន​ Premier League និង ពាន​រង្វាន់ FA Cup ក្នុងរយៈពេល​២​រដូវ​កាល​របស់​លោក​នៅ Stamford Bridge។

ប៉ុន្តែ លោក Sarri គឺ​ជា​រឿង​ដោយ​ឡែក​មួយ​ទៀត។ លោក Sarri បាន​កែប្រែ​ទម្លាប់ និង វិន័យ​ដ៏​តឹងរ៉ឹង​ទាំង​នោះ។

បន្ថែម​ពី​លើ​អាហារ​ពេល​យប់​ដែល​ភាគ​ច្រើន​ជា​​អាហារ​សម្រន់​ដូច​ជា ទឹក​ប៉េងប៉ោះ អំបិល ប៊័រ លោក Sarri បាន​ឲ្យ​មេ​ចុង​ភៅ​បន្ថែម​នំ​ឲ្យ​កីឡាករ​លោក ហើយ​នៅ​ពេល​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​លេង​ក្រៅ​ទឹកដី លោក​បាន​បន្ថែម​ការ៉េម​ដល់​កីឡាករ​ទៀត​ផង។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មិន​ត្រឹម​តែ​លោក Conte ទេ​ដែល​ដាក់​វិន័យ​តឹងរ៉ឹង​បំផុត​ដោយ​តម្រូវ​ឲ្យ​កីឡាករ ត្រូវ​ប្រមូល​ផ្តុំ​នៅ​សណ្ឋាគារ​​១​យប់​មុន​ពេល​ដែល​ការ​ប្រកួត​ក្នុង​ទឹក​ដី។ ព្រឹក​ឡើង​ ត្រូវ​​ប្រមូល​ផ្តុំ​ហ្វឹកហាត់​​លើ​ទីលាន។

ប៉ុន្តែ Sarri បាន​ផ្លាស់ប្តូរ​ទម្លាប់​នេះ លោក​អនុញ្ញាត​ឲ្យ​កីឡាករ​លោក​អាច​​គេង​នៅ​ផ្ទះ​ជុំ​គ្រួសារ​នៅ​យប់​មុន​ការ​ប្រកួត​ក្នុង​ដី។ លោក​និយាយ​ថា លោក​ជឿ​ជាក់​លើ​កីឡាករ​របស់​លោក​ថា​​ពួកគេ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ហ្វឹកហាត់​ឡើយ៕

ប្រភព៖ BBC | Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត