Galaxy S10 នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​ អាច​ថតវីដេអូបែប Portrait កម្រិត 4K HDR

  • 2018-12-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Qualcomm ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ Chip បំពាក់​ក្នុង​ទូរសព្ទ​ធំ​ជាងគេ​លើ​ពិភពលោក ហើយ​ឈីប​ជំនាន់​ថ្មី​នឹង​ដើរ​តួនាទី​សំខាន់​ជំរុញ​សមត្ថភាព​ទូរសព្ទ​ឆ្នាំ ២០១៩ ខ្លាំង​មិន​ធម្មតា។ តួយ៉ាងដូច​ Galaxy S10 នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​ អាច​ថតវីដេអូបែប Portrait កម្រិត 4K HDR

ទាំងនេះជាចំណុចខ្លឹមៗ ៥ ដែលបន្ទះឈីប Snapdragon 855 ជួយឲ្យ Galaxy S10 ខ្លាំង៖

១) Sensor ស្កេន​ម្រាម​ដៃ Ultrasonic បង្កប់​ក្នុង​អេក្រង់​

Snapdragon 855 ជា Chip ដំបូង​ដំណើរការ​ជាមួយ Sonic Sensor 3D របស់ Qualcomm ដែល​ជា​បច្ចេកវិទ្យា​ស្កេន​ម្រាមដៃ​មាន​បង្កប់​ក្នុង​អេក្រង់​តែ​ម្តង​។​ អេក្រង់​ទូរសព្ទ​លាត​ពេញ ហើយ​អាច​ស្កេន​ម្រាមដៃ​នៅ​ផ្ទៃ​ខាងមុខ​ឧបករណ៍​។ Samsung មាន​ការ​រំពឹង​ថា នឹង​ប្រើ​មុខងារ​ស្កេន​ម្រាមដៃ​ក្នុង​អេក្រង់​លើ Galaxy S10 ឆ្នាំ​ក្រោយ។ 

២) ថត​វីដេអូ​បែប Portrait

រូបភាព​លក្ខណៈ Portrait មាន​ផ្ទៃ​ខាងក្រោយ​ព្រាល និង​រក្សា Subject ច្បាស់​ល្អ​។ Portrait mode សម្រាប់​វីដេអូ គឺ​មាន​លក្ខណៈ​ដូចគ្នា​។ Chip Snapdragon 855 នឹង​អាច​ផ្តល់​មុខងារ Portrait mode នេះ​ចូល​ទៅ​កាន់​វីដេអូ HDR កម្រិត 4K។ មុខងារ​នឹង​ធ្វើការ​តាម​ចាប់ Subject ខណៈ​រក្សា​ការ​បែងចែក​ផ្ទៃ​ខាងក្រោយ​បាន​ល្អ។ 

ទូរសព្ទ​ប្រើ Snapdragon 855 អាច​ថត​វីដេអូ​កម្រិត 4K នៅ​ល្បឿន 60 Frames ក្នុង​មួយ​វិនាទី ហើយ​អាច​សន្សំ​ថាមពល​ថ្ម​បាន​ដល់​ទៅ ៣០%។ 

៣) រក្សាទុក​រូបភាព និង​វីដេអូ​បាន​ច្រើន​ជាង​មុន​

ទូរសព្ទ​ប្រើ Snapdragon 855 អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ក្នុង iPhone ម៉ូដែល​ចុង​ក្រោយ​បាន​។ HEIF (High Efficiency Image Format) អាច​បន្ថយ​ទំហំ​រូបភាព JPEG បាន​ពាក់​កណ្តាល ដោយ​មិន​បាត់បង់​គុណភាព។ 

បច្ចេកវិទ្យា HEIF អាច​ដើរ​តួ​ជា​ស្តុក​សម្រាប់​ប្រភេទ​រូបភាព​ផ្សេងៗ​បាន។ឧទាហរណ៍ លើ​ទូរសព្ទ​កាមេរ៉ា បី អាច​ចាប់​យក​រូបភាព និង​រក្សាទុក​ទិដ្ឋភាព​ពី Telephoto, Wide-angle និង Super-wide-angle បាន ដែល​អាច​យក​ទៅ​ប្រើ​ការ​តាម​តម្រូវការ​ផ្សេង​ពេល​ណា​ក៏​បាន​។ ក្រៅ​ពី​សន្សំ​សំចៃ​ទំហំ​រក្សាទុក Chip Snapdragon 855 អាច​ដំណើរការ File HEIF បាន​លឿន ប្រើ​ថាមពល​ទាប​។ 

៤) ប្រើ AI Assistant ច្រើន​ក្នុង​ពេល​តែ​មួយ​​បាន

Chip 855 អាច​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ប្រើ​មុខងារ​ជំនួយ​ការ​ជា​សំឡេង​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​។ ទូរសព្ទ​ខ្លះ​បាន​ផ្តល់​មុខងារ​នេះ ប៉ុន្តែ​ត្រូវការ​ទាញ​យក​កម្មវិធី​បន្ថែម និង​ប្រើ​បាន​តែមួយ​ប៉ុណ្ណោះ​ក្នុង​ពេល​តែ​មួយ​។

Qualcomm ក៏​ប្រើ AI កាត់​បន្ថយ​សំឡេង​រំខាន​ពី​ក្រៅ​ពេល​ប្រើ​ជំនួយ​ការ​ជា​សំឡេង​ ព្រមទាំង​សម្គាល់​សំឡេង ដោយបើ​សំឡេង​នោះ​ជា​អ្នក​ផ្សេង មិន​អាច​ដាស់​បើក​ចូល​ឧបករណ៍​បាន​ឡើយ​។ 

៥) ប្រើ​ថាមពល​តិច ពេល​មើល​វីដេអូ​

មុខងារ​ថ្មី​មួយ​ក្នុង Snapdragon 855 ហៅថា Cinema Core អាច​ជួយ​សន្សំ​សំចៃ​ថ្ម ពេល​មើល​វីដេអូ​ពី​សេវាកម្ម​នានា ដូចជា​ Amazon Video។ Cinema Core ក៏​អាច​ផ្តល់​ការ​ចាក់​វីដេអូ​កម្រិត HDR10+ បាន​ដែរ​លើ​ទូរសព្ទ។ HDR ផ្តល់​ពន្លឺ និង​ពណ៌​បាន​ច្បាស់​ល្អ​ត្រជាក់​ភ្នែក​។ 

GPU Adreno 640 របស់ Snapdragon 855 ផ្តល់​ល្បឿន​ដំណើរការ​កើន​ឡើង ៣០% អាច​លេង​ហ្គេម​ផ្តល់​រូបភាព​កម្រិត HDR បាន។  សម្រាប់​បច្ចេកវិទ្យា VR Chip Snapdragon 855 អាច​ផ្តល់​លទ្ធភាព​បាន​ដល់​ទៅ Resolution កម្រិត 8K នៅ​ល្បឿន 120 Frame ក្នុង​មួយ​វិនាទី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី