ទីប្រឹក្សា​រាជរដ្ឋាភិបាល៖ កំណើនសាងសង់ខុនដូកាន់តែទំនើប កាន់តែជួយលើកមុខមាត់ភ្នំពេញ

  • 2018-12-09 07:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរបាយការណ៍នៃក្រសួងដែនដី សន្ទុះ​កំណើន​នៃ​លំហូរ​ចូល​របស់​អ្នក​វិនិយោគ​ទុន​ក្នុង​ស្រុក និង​បរទេស​នៅក្នុង​វិស័យ​សំ​ណង់ និង​អចលនទ្រព្យ បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ឱ្យ​មាន​កំណើន​ថេរ​ ដោយ​ស្ថិត​នៅ​ក្នុង​រង្វង់ ៧% ក្នុង​រយៈពេល​ ៥ឆ្នាំ​ចុង​ក្រោយ​។ ​ជាក់​ស្ដែង នៅឆ្នាំ​២០១៧ ​ទុន​វិនិយោគ​បាន​កើន​ដល់​ប្រមាណ​ជាង ៦,៨​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​ជាង ២១%។ ក្នុង​នោះ​សំណង់​ទូទាំង​ប្រទេស មានចំនួនសរុប ៣០៥២គម្រោ​ង មានផ្ទៃក្រឡាជាង១០ លាន​ម៉ែត្រការ៉េ ដែល​​គេ​សង្កេត​​ឃើញ​ ​​មាន​ការ​រីក​លូតលាស់​ខ្លាំង​ ជា​ពិសេស​លើ​វិស័យ​ខុនដូ និង​អគារ​ស្នាក់​នៅ​បែប​ទំនើប​ៗ​។

សំណង់អគារសណ្ឋាគារ​ និងខុនដូនៅតំបន់កោះពេជ្ររាជធានីភ្នំពេញ

​កំណើន​ដ៏​ប្រសើរ​ក្នុង​វិស័យ​នេះ​ ឯកឧត្តម ឯក សំអុល​ ទីប្រឹក្សា​រាជរដ្ឋាភិបាល ​និង​ជា​ប្រធាន​សមាគមមិត្តភាព​កម្ពុជា-ចិន បាន​ថ្លែង​នៅ​ក្នុង​ពិធីបើក​សម្ពោធ​លក់​គម្រោង​ខុនដូ BOYI-NEW WORLD ថា ​គម្រោង​ខុនដូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ស្ថិតនៅ​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​អភិជន​រស់នៅ​ ហើយ​នៅ​ពេល​បញ្ចប់​គម្រោង​ វា​នឹង​ក្លាយ​ទៅជា​ទីតាំង​ថ្មី​មួយ​ដែល​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​រូបរាងថ្មី​ និង​ការរស់នៅថ្មី ហើយ​ស្តារឡើង​វិញ​នូវ​កិត្តិនាម​របស់​ទីក្រុង​ភ្នំពេញ​ ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បីល្បាញ​ថា​ជា "​គជ់នៃតំបន់អាស៊ីអាគ្នេយ៍"។

ឯកឧត្តម ឯក សំអុល​

ឯកឧត្តម បន្ថែមថា ​គម្រោង​ខុនដូ​សាងសង់​​នៅ​តំបន់​អភិវឌ្ឍន៍​ច្រើន​ ស្ថិត​នៅក្នុង​ខណ្ឌទួលគោក ​ដែល​ជា​ទីតាំង​​អាច​ធ្វើ​ចរាចរ​ងាយស្រួល​ព្រម​ទាំង​ជា​​ភូមិសាស្រ្ត​វប្បធម៌ និងសេដ្ឋកិច្ច​ការរីកចម្រើនខ្លាំង។

លោក លី ហ័រ ប្រធានក្រុមប្រឹក្សាភិបាលនៃ​​ក្រុមហ៊ុនខាងលើ​បាន​បញ្ជាក់​ថា នេះ​ជា​ការ​វិនិយោគ​និងអភិវឌ្ឍន៍ វិស័យស្ថាបត្យកម្មដ៏អស្ចារ្យនៅ​លើទឹក​ដី​កម្ពុជា។ ​លោក​បានសន្យា​នឹង​បន្ត​ជួយ​អភិវឌ្ឍន៍​ប្រទេស ​និង​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​ជួយ​អំពាវនាវ​ដល់​វិនិយោគិន​ចិន​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែមទៀត៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម