សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន ៩នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​រូបភាព និង​សម្ភារៈ​អាសអាភាស​កុមារ

  • 2018-12-10 03:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​ចិន​ចំនួន​៩​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ​រូបភាព​និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត។ នេះ​ជា​ចំណង​ជើង​ធំៗ​ នៅ​លើ​គេហទំព័រ​របស់​អគ្គស្នង​ការ​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី ០៩ ខែ​ធ្នូ ម្សិលមិញ។ គេហទំព័រ​ដដែល​បាន​រាយការណ៍​ថា កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ​-​សង្កាត់​ ស្ល​ក្រាម​ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ ដោយ​លោក​ ជួន​ សុ​បញ្ញា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប​ បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​រូបភាព​និង​សម្ភារៈ​អាសអាភាស​នៃ​កុមារ ​(តាម​ប្រព័ន្ធ​អ៊ីនធឺណិត​)​ នៅ​ក្នុង​ទីតាំង​ចំនួន​ ០៣​ទីតាំង​ផ្សេង​គ្នា​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់​។​

​ទីតាំង​ទី​៖

១- ​ផ្ទះ​លេខ​ E២១​ បុរី​អាក់​ខេត​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​ សៀមរាប​ ដោយ​ឃាត់ខ្លួន​មនុស្ស​០១​នាក់​ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​។​

២-​ ផ្ទះ​វីឡា​ជួល​ ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្ត​ សៀមរាប​ ឃាត់ខ្លួន​មនុស្ស​ ០៥​នាក់​ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​។​

៣-​ បន្ទប់​លេខ​៣០៥​ ផ្ទះសំណាក់​មហា​មាន​ ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្ត​ សៀមរាប​ ឃាត់ខ្លួន​មនុស្ស​០៣​នាក់​ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន។​

​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ​០៩​នាក់​ ត្រូវ​បាន​លោក​ ជួន​ សុ​បញ្ញា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប​សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា