តាមរយៈ​កាយវិការ Wu Chun ធ្វើ​ដាក់ឪពុក អ្នក​មើល​អាច​ហូរទឹកភ្នែក​មិនដឹងខ្លួន

  • 2018-12-10 04:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជនជាតិ​ព្រុយណេ Wu Chun និង​ឪពុក​វ័យ​ ៧២ឆ្នាំ Goh Kim Tian បាន​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ក្នុង​កម្មវិធី​ទួរទស្សន៍​ចិន​ The Most Beautiful Time កាល​ពី​ពេល​ថ្មីៗ​នេះ។ កាយវិការ​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​រវាង​ឪពុក​កូនពួកគេ​ទាំង​ ២​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទប់​ចិត្ត​មិន​រំភើប​មិន​បាន។

Wu Chun និង​ឪពុក

ក្នុង​កម្មវិធី​ពេល​នោះ​ Wu Chun ជាកូន​បាន​សម្រេច​ជួយ​លាង​ជើង​ឲ្យ​ឪពុកដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដោយសារ​ជើង​ហើម។

ពេល​កំពុង​លាង​ជើង​ឲ្យ​ Wu Chun បាន​សួរ​ទៅ​កាន់​ឪពុក​ថា​ មាន​ត្រង់​ណា​រមាស់ទេ? ហើយ​ឪពុក​ក៏​ឆ្លើយតប​កូន​វិញ​ថា៖ "ប៉ា​ដឹង​ កូន​ខំ​ប្រឹងណាស់” ឯ​ Wu Chun ក៏​តប​ដោយ​រីករាយ​ថា៖ "តែកូន​សប្បាយ​ចិត្ត​បំផុត”។

ទិដ្ឋភាព​នេះ​ ស្រាប់​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​នឹក​ឃើញ​ កម្មវិធី​ "Where Are We Going, Dad? 5” នៅពេល​ Wu Chun នាំកូន​ប្រុស​ស្រី​ទាំង​ ២​ចូល​ក្នុង​កម្មវិធី។ ពេល​នោះ​លោក​ក៏​បាន​លាង​ជើង​ឲ្យ​កូនៗ មុន​ឲ្យ​គេង។​

ដោយ​ឡែក​សម្រាប់​កម្មវិធី​ថ្មី​នេះ​វិញ​ ទស្សនិកជន​មិនតិច​ទេ​ បាន​បញ្ចេញ​មតិ​ដូចៗ​គ្នាថា​ ក្រោយ​មើល​ហើយ​ ពួកគេ​ពិត​ជា​រំជួល​ចិត្ត​ណាស់​ ពេល​ឃើញ​កាយវិការ​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​ ក្នុង​នាម​ជា​កូន​កតញ្ញូ​របស់​ Wu Chun ដែល​មាន​ចំពោះ​ឪពុក​ចំណាស់។

អតីត​សមាជិក​ក្រុម Fahrenheit ធ្លាប់​បាន​និយាយ​ក្នុង​បទសម្ភាស​មួយ ក្រោយ​កម្មវិធីនោះ​ថា៖ "ឪពុក​របស់​ខ្ញុំ​ មើល​ថែកូនៗ​ដល់​ទៅ ៣​នាក់ ហើយ​ខ្ញុំ​ចង់ ប្រាប់​ប៉ា​របស់​ខ្ញុំ​ថា​ គាត់​ក៏​ខំ​ប្រឹង​ខ្លាំង​ណាស់​ដែរកន្លងមកនេះ។ ខ្ញុំ​ចាំ​បាន នៅពេល​ខ្ញុំ​ជួយកូនៗ​ខ្ញុំលាង​ជើង​ពួកគេ កូន​ស្រី​ប្រាប់​ខ្ញុំ​ថា​ នាង​នឹងជួយ​លាង​ជើង​ឲ្យ​ខ្ញុំ​ ពេល​ខ្ញុំ​ចាស់ទៅ ហើយ​ពេល​នោះ​ខ្ញុំ​ស្រាប់​តែ​រលីងរលោងទឹកភ្នែកភ្លាម។ ឥឡូវ​ខ្ញុំលាង​ជើង​ឲ្យ​ប៉ា ហើយ​វា​ជា​ការចងចាំ​គ្មាន​ថ្ងៃភ្លេច ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​ ពេល​ណា​ខ្ញុំ​មាន​ឱកាស​ធ្វើ​បែប​ហ្នឹង​ទៀតទេ”៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី