គ្រួសារស្ដុកស្ដម្ភមួយកំពុងរើសជាងថតរូប​ធ្វើ​ដំណើរ ឲ្យចំណូលសែនដុល្លារ

  • 2018-12-10 06:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រួសារ​ដ៏​ស្ដុកស្ដម្ភ​មួយ​ក្នុង​ចក្រភព​អង់គ្លេស​​កំពុង​ស្វែង​រក​ជាង​ថត​មួយ​រូប​ ដើម្បី​ថត​រូប​ធ្វើ​ដំណើរ​​នៅ​លើ​​ពិភពលោក ​ដោយ​ហ៊ាន​ឲ្យ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ខ្ទង់ ១ សែន​ដុល្លារ​​ឯណោះ។

​​​ផ្អែក​តាម​​អត្ថន័យ​ក្នុង​អ៊ីមែល​ដែល​ហាង​​ថត​រូប​ Perfocal ទទួល​បាន​ឲ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​ដែល​មិន​​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នេះ បាន​បាត់​បង់​​អ្នក​ថត​រូប​ដែល​ធ្លាប់​​បាន​ថត​ឲ្យ​ពួក​គេ។ ហេតុ​នេះ​ទើប​ចង់​ស្វែង​រក​អ្នក​ថត​រូប​ថ្មី ​ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ធ្វើ​ដំណើរ​ជា​បន្ត​ទៀត។

បេក្ខភាព​ដែល​ចង់​ទទួល​បាន​ការងារ​នេះ​ត្រូវ​តែ​​មាន​បទពិសោធន៍​ ៥ ឆ្នាំ​ក្នុង​ការ​ថត​ពី​​ការ​រស់នៅ​របស់​​អ្នក​មាន​, បុគ្គល​ល្បី ហើយ​ត្រូវ​ឆ្លង​កាត់​ការ​សម្ភាសន៍​​ជា​ច្រើន​ដំណាក់​កាល​ផង​ដែរ។​

គ្រួសារ​ខាង​លើ​បាន​បញ្ជាក់​ដែរ​​ថា​ អ្នក​ថត​រូប​ដែល​ចង់​ដាក់​ពាក្យ​គួរ​តែ​អាច​ធ្វើ​ការ​បាន​ដល់ ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ, ពេល​ចេញ​ដំណើរ​ម្ដងៗ​ត្រូវ​ទៅ​រហូត​ដល់​ ៣ ខែ ហើយ​នឹង​​បាន​ឈប់​សម្រាក​ ៣០ ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ។

​អ្នក​ថត​រូប​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ទទួល​បាន​ប្រាក់​ចំណូល​គោល​ ៨០ ០០០ ផោន (ស្មើ​ប្រមាណ​ ១០២ ០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ។ បន្ថែម​ពី​នេះ​​​គ្រួសារ​ខាង​លើ​នឹង​​រ៉ាប់រង​លើ​ការ​​ធ្វើ​ដំណើរ, ការ​ស្នាក់នៅ និង​ការ​ហូប​ចុក​ថែម​ទៀត​ផង។

គ្រួសារ​ខាង​លើ​សង្ឃឹម​ថា​នឹង​អាច​រក​​អ្នក​មក​បំពេញ​តំណែង​នេះ​​ឲ្យ​បាន​​មុន​ដំណើរ​កម្សាន្ត​ខ្លួន​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ ហើយ​កុងត្រា​លើ​ការងារ​នឹង​មាន​រយៈពេល​ ១ ឆ្នាំ៕​

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង