ប្រុសៗសម័យឥឡូវធ្វើបាន ៦ចំណុចនេះ វ័យ៣០មិនទាន់ សល់លុយដណ្ដឹងប្រពន្ធខ្លួនឯង

  • 2018-12-10 07:29:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីវ័យ​ ១៨ឆ្នាំ​ឡើង ជាវ័យ​ដែល​មនុស្ស​កំពុង​ពេញ​កម្លាំង​​អាច​រក​ប្រាក់​ដោយ​ខ្លួន​ឯង ស្រប​នឹង​ច្បាប់​ការងារ​នៅកម្ពុជាផងដែរ។ ​ជាមួយ​គ្នានេះ​ យុវជន​ សូ វណ្ណា និស្សិតឆ្នាំទី២ ​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​​ បាន​រៀប​រាប់ប្រាប់​ Sabay ពី​បទពិសោធន៍​សន្សំ​លុយ​ទាំង​វ័យក្មេង និង​មិនធ្លាប់​ដាច់​លុយ​ចាយ​នោះ​ឡើយ​។ ត​ទៅ​នេះ​ គឺជា​គន្លឹះ​សន្សំ​លុយ​​ ៦​ចំណុច ដែល​ជួយ​ឲ្យ​យុវជន​​រូប​នេះ ​មិន​ខ្ចី​លាត​ដៃ​សុំលុយ​ម៉ាក់ប៉ា ក្រោយរៀនចប់វិទ្យាល័យ។

រូបតំណាង

**១. រក​ការងារ​ក្រៅ​ម៉ោង​**

​ ក្រោយ​ទំនេរ​ពី​ការសិក្សា​ ពេល​ល្ងាច​ វណ្ណា ឆ្លៀត​ធ្វើ​ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​របស់​សាលា​ឯកជន​មួយ​ ទទួល​បាន​​ចំណូល ១៥០ដុល្លារ /ខែ។ ចំណូល​នេះ ​អាច​ជួយ​ឲ្យ​វណ្ណា​ដោះ​ស្រាយ​ការចំណាយលើសម្ភារៈ​សិក្សា​ និង​ថ្លៃ​សាលា​មួយ​ចំណែក​។ ធ្វើ​ការ​ផង រៀន​ផង​ ​វណ្ណា​បានប្ដេជ្ញា​មិន​យក​ស្នេហា​មក​លូក​ឡំ​ឡើយ​ ព្រោះ​ចង់​ផ្ដោត​តែ​លើក​គោល​ដៅ​សមត្ថភាព​ឲ្យ​បាន​ពេញលេញ​។​​​​​​​

​​​ ២​. សន្សំ ទើបចំណាយក្រោយ

ជា​រៀងរាល់​ខែ ចំណូល​ដែល​បាន​ពី​ធ្វើការ វណ្ណា​ ដក​សន្សំ​តិចបំផុត ៣០ភាគរយ ហើយ​សល់​ប៉ុន្មាន​សម្រាប់​ចាយវាយលើតម្រូវការ។ ​នៅពេល​ទៅ​ណា​ម្ដងម្កាលជាមួយមិត្តភក្តិ វណ្ណា​មិន​ដាក់​លុយ​ច្រើន​តាម​ខ្លួន​នោះ​ដែរ ​ដោយគិតថា​អាច​នឹង​ត្រូវចាយ​អស់។​ ម្យ៉ាង​គេ​ ក៏​មិន​ចូលចិត្ត​បង្កើត​ទម្លាប់​ខ្ចី​លុយ​មិត្ត​ភក្ដិ​ចាយ​នោះ​ដែរ​។

៣. ធ្វើតារាង​ទំនិញចាំបាច់

យុវវ័យមិនថា ស្រី ឬប្រុស​ជៀស​មិនផុត​ឡើយលើ​ការ​ចំណាយ​សម្ភារៈប្រើប្រាស់។ ប៉ុន្តែយុវជន​នេះ ចេះ​បង្កើត​តារាង​ទំនិញ​ចាំបាច់​ផ្ទាល់ខ្លួន​ សម្រាប់​ចំណាយ ដោយ​កត់ត្រា​ទុក​នូវវត្ថុទាំង​នោះឲ្យបាន​ច្បាស់លាស់ ហើយត្រូវកំណត់អោយដាច់ខាតថានឹងទិញតែអ្វីដែលមានក្នុងតារាង​ជៀសវាងការទិញរបស់តាមនឹកឃើញដែលមិនសូវសំខាន់។ ​ជាងនេះ​សំណួរ ដែលត្រូវសួរខ្លួនឯងមុនទិញនោះ​គឺ របស់សម្ភារៈថ្មី​ ថាតើ​ទិញមកអាចផ្តល់ប្រយោជន៍អីខ្លះ? ហេតុអីត្រូវទិញ?

៤. លក់របស់របរលែងប្រើចេញ

ចំណុចនេះ វណ្ណា​ប្រាប់ថា​ រៀន​តាមគេ​ដែរ ព្រោះ​ធ្លាប់​ឃើញមិត្ត​​មួយ​ចំនួន​លក់​ខោអាវ​ខ្លួន​ស្លៀក​រួច​ ក្នុង​តម្លៃ​ថោកៗ។ ដោយ​ឡែក​យុវជន​​នេះ​ ជា​មនុស្ស​ចូលចិត្ត​រក្សា​ទុក​របស់​របរ​ឲ្យស្អាត និងនៅថ្មី អ៊ីចឹង​របស់​ប្រើ​​មួយចំនួន មិន​ទាន់​ហួស​សម័យ ​លែងត្រូវប្រើប្រាស់ទៀត ដូចជាកាបូប​ នាឡិកា​ និង​សម្លៀក​បំពាក់​ គ្រឿងអេឡិចត្រូនិច... ហើយ​យកវាទៅដាក់លក់តាមonline ដែលអាចចំណេញបានទាំងលុយ ហើយបានទូលាយផ្ទះទៀតផង។ ​

៥. បាយផ្ទះរាល់ថ្ងៃ

មួយខែ សឹងតែ៣០ថ្ងៃ ហើយ ដែលយុវជន​កំពូលអ្នកសន្សំនេះ​ ញ៉ាំ​បាយជុំគ្នាជាមួយគ្រួសារ។ ខ្លះ​ណា​បើ​មិត្តភក្ដិបបួលញាំអី នាងតែងហៅមកជួបជុំធ្វើផ្ទះ វាក៏បង្ក​បរិយាយកាសសប្បាយម្យ៉ាង និងចំណាយអស់តិចផងដែរ។

៦. រៀនធ្វើរបស់ដោយខ្លួនឯង (DIY)

វណ្ណា​ លើកឡើងថា របស់របរ​ប្រើ​ប្រាស់​មួយ​ចំនួន​ យើង​អាច​រៀន​ធ្វើ​របស់​ដោយ​ខ្លួន​ឯង​បាន មិន​ចាំបាច់​ទិញ​ទេ​។ ឧទាហរណ៍ របរប្រើ​មួយ​ចំនួន​ យើង​អាច​រៀន​ធ្វើ​ DIY (មានន័យថា​ Do it yourself) ងាយៗ​ មើល​តាមYoutube ក្នុង​នោះ​មាន​វត្ថុ​ជា​ច្រើន ​​យើង​អាច​កែច្នៃធ្វើបានដោយខ្លួនឯងពីអ្វីដែលមានស្រាប់ ដោយ​មិនចាំបាច់ចំណាយលុយទៅទិញនោះទេ។​ ​

អត្ថបទ៖ ស៊ិន សាវ៉េត