​តុលាការ​ចិន​បង្គាប់​ឲ្យ​ ​​Apple ​ឈប់​លក់​ iPhone នៅ​ប្រទេស​ចិន

  • 2018-12-11 02:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​ផលិត​ឈីប​ Qualcomm បាន​ឲ្យ​ដឹង​ថា​​ តុលាការ​​នៃ​ប្រទេស​ចិន​​បាន​​បង្គាប់​មិន​ឲ្យ​ Apple នាំ​ចូល និង​លក់​​​ iPhone ​ច្រើន​ម៉ូដែល​ក្នុង​ប្រទេស​ចិន។

Qualcomm និយាយ​ថា​​តុលាការ​​នៃ​ប្រទេស​ចិន​​បាន​ផ្ដល់​ការ​បង្គាប់​បឋម​ចំនួន​ពីរ​ ដែល​បង្ខំ​ឲ្យ​ Apple បញ្ឈប់​ការ​លក់​ និង​នាំ​ចូល​​ iPhone ចាប់​តាំង​ពី​ស៊េរី​ iPhone 6s ​ដល់​ iPhone X។

Don Rosenberg ទីប្រឹក្សា​របស់​ Qualcomm បាន​លើក​ឡើង​ថា ៖ "យើង​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​​ជា​មួយ​អតិថិជន កម្រ​នឹង​រត់​រក​តុលាការ​ឲ្យ​ជួយ​ណាស់ ប៉ុន្តែ​ក៏​ប្រកាន់​ខ្ជាប់​នូវ​ការ​ការពារ​​កម្មសិទ្ធិ​បញ្ញា​របស់​យើង​ផង​ដែរ​​”។ លោក​បន្ត​ថា ៖ "Apple តែង​​បាន​ផល​ចំណេញ​ពី​កម្មសិទ្ធិ​បញ្ញា​របស់​យើង ប៉ុន្តែ​មិន​ព្រម​ឲ្យ​កម្រៃ។ ការ​បង្គាប់​របស់​តុលាការ​ពីរ​នេះ បញ្ជាក់​កាន់​តែ​ច្បាស់​ពី​ឥទ្ធិពល​នៃ​ប៉ាតង់​របស់​ Qualcomm​”។

ប៉ាតង់​ដែល​ Qualcomm លើក​ឡើង​នេះ​គឺ​ទាក់ទង​នឹង​​មុខងារ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​កែ​សម្រួល ឬ​ប្ដូរ​រូបភាព​បាន។ នេះ​បើ​តាម​ការ​លើក​ឡើង​បន្ថែម​របស់​ Qualcomm។

ទាក់ទង​នឹង​​ការ​បង្គាប់​នេះ​ Apple ​បាន​តប​វិញ​ដែរ​ថា ៖ "iPhone គ្រប់​ម៉ូដែល​នៅ​តែ​មាន​លក់​សម្រាប់​អតិថិជន​នៅ​ប្រទេស​ចិន។ Qualcomm បាន​អះអាង​លើ​ប៉ាតង់​​ចំនួន ៣ ដែល​​ពួក​គេ​មិន​ធ្លាប់​បង្ហាញ​ពី​មុន​មក បូក​រួម​នឹង​ប៉ាតង់​មួយ​ដែល​​មិន​ត្រឹម​ត្រូវ។ យើង​នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់​​លើ​បញ្ហា​មួយ​នេះ​​”។

គួរ​ដឹង​ថា​ Qualcomm ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក (ITC)​ ​ដើម្បី​ឲ្យ​ហាម​ឃាត់​ការ​នាំ​ចូល iPhone នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។ ​កាល​ពី​ខែ​កញ្ញា​ នៅ​សហរដ្ឋអាមេរិក​ តុលាការ​មួយ​រូប​របស់​ ITC បាន​​សម្រេច​ថា​ Apple ​ពិត​ជា​បាន​រំលោភ​ប៉ាតង់​របស់​ Qualcomm ប៉ុន្តែ​មិន​អាច​បង្គាប់​ហាម​ Apple នាំ​​ចូល iPhone ក្នុង​សហរដ្ឋអាមេរិក​នោះ​ទេ៕​​

ចុចអាន៖

ប្រភព៖ PhoneArena | Independent   ប្រែ​សម្រួល៖ សុខហេង