គ្រូ​បង្វឹក​មក​ពី Spurs ២​រូប ​មក​ចូលរួម​កម្មវិធី​អង្គការ​ផ្កាយ​សមុទ្រ​ជា​លើក​ទី​២

  • 2018-12-11 03:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត​ AIA ​បាន​ហៅ​គ្រូ​បង្វឹក​ក្រុម Spurs ​នៅ​តំបន់​អាស៊ី​២​រូប ​មក​ចូល​រួម​បើក​កម្មវិធី​ប្រកួត AIA-ISF Youth League ​ជា​លើក​ទី​២។

ការ​ប្រកួត​ពាន​រង្វាន់​នេះ​ដែរ ​គឺ​មាន​ក្រុម​ចូល​រួម​ដល់​ទៅ​១០០​ក្រុម​ឯ​ណោះ ​ដោយ​មាន​កុមារ​ចំនួន ១ ៤៥៥​នាក់ ​មក​ពី​បណ្ដា​អង្គការ​ទាំង​អស់​ទូទាំង​រាជា​ធានី​ភ្នំពេញ។ ការ​ប្រកួត​បាន​បែងចែក​ជា​ច្រើន​កម្រិត​ដូចជា ​កុមារ​ក្រោម​អាយុ​១០​ឆ្នាំ ​១៤​ឆ្នាំ ​និង​១៨​ឆ្នាំ​ជា​ដើម។ ​ក្នុង​ឱកាស​នោះ ​ខាង AIA ​ជា​ដែល​ជា​ដៃ​គូ​សហការ​រៀប​ចំ​ការ​ប្រកួត​នេះ​ជាមួយ ​អង្គការ​ផ្កាយ​សមុទ្រ ​បាន​អញ្ជើញ​គ្រូ​បង្វឹក Spurs ​២​នាក់​មក​បង្ហាត់បង្ហាញ​ពី​បច្ចេកទេស​ខ្លះ​ៗ​ផង​ដែរ។

លោក Anton Blackwood ​គ្រូ​បង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូ​បង្វឹក Spurs ​ទាំង​ពីរ​នាក់​និង​ធ្លាប់​មក​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​នោះ ​បាន​និយាយ​ដែរ​ថា​៖ “​យើង​បាន​ផ្ដល់​ការ​ហ្វឹកហាត់​ខ្លី​ៗ ​ដើម្បី​ជា​គន្លឹះ​សម្រាប់​កុមារ​លេង​បាល់ទាត់​ឱ្យ​បាន​ត្រឹម​ត្រូវ។ យើង​រំពឹង​ថា​ពួកគេ​នឹង​ខិតខំ​ប្រឹងប្រែង ​ហើយ​យើង​សប្បាយ​ចិត្ត​ដែល​បាន​ចូល​រួម​កម្មវិធី​នេះ។ បាល់ទាត់​រីក​ចម្រើន​ទៅ​បាន គឺ​ត្រូវ​កើត​ចេញ​ពី​ក្មេង​ៗ​ទាំង​នេះ”។

ចំណែក​ឯ​លោក Richard Bates ​អគ្គនាយក​ក្រុមហ៊ុន AIA ​បាន​និយាយ​ដែរ​ថា​នេះ​ជា​ការងារ​មួយ​ដែល​អាច​ជួយ​ដល់​សង្គម​បាន ​ហើយ​ការ​លេង​បាល់ទាត់​គឺ​សំខាន់​សម្រាប់​ក្មេង​ៗ។ លោក​រំពឹង​ថា​ការ​ប្រកួត​នេះ ​នឹង​នាំ​ផល​វិជ្ជមាន​ច្រើន​ដល់​ក្មេង​ៗ ​ទៅ​ថ្ងៃ​មុខ​។

ជាមួយ​គ្នា​នោះ​ដែរ Leo Brogan ​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​ផ្កាយ​សមុទ្រ​បាន​និយាយ​ថា​៖ “​យើង​ពិត​ជា​រីករាយ​ដែល​បាន​ធ្វើ​ការ​ជាមួយ​ខាង AIA ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​គាំទ្រ ​និង​ជំរុញ​ឱ្យ​មាន​ការ​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ សម្រាប់​មនុស្ស​គ្រប់​រូប ​និង​សហគមន៍​ក្រីក្រ។ ការ​សហការ​គ្នា​នេះ ​នឹង​ធ្វើ​ឱ្យ​កុមារ​នៅ​កម្ពុជា​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​បច្ចេកទេស​​លេង​បាល់ទាត់ ព្រោះ​ក្រុមហ៊ុន​នេះ ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម Spurs ។ ពួកគេ​នឹង​ជួយ​យើង​កាន់​តែ​ច្រើន ​ចំពោះ​បច្ចេកទេស​ក្នុង​ការ​លេង​បាល់ទាត់”៕

អត្ថបទ៖ មុន្នីរម្យ