ដាច់ខាតកុំភ្លេចរបស់នេះ បើចង់ជិះឡានខ្លួនឯងទៅលេងកោះកុង ហួសដល់សមុទ្រថៃ

  • 2018-12-11 03:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ឱកាស​បុណ្យ​សមុទ្រ​លើក​ទី៧​ ដែល​នឹង​រៀប​ចំ​នៅ​ខេត្ត​កោះកុង​រយៈ​ពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ១៤ ដល់​ ១៦​ ខែ​ធ្នូ​ ឆ្នាំ ២០១៨ ​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​ទៅ​លេង​បុណ្យ​សមុទ្រ​ ហើយ​ចង់​បន្ត​ដំណើរ​កម្សាន្ត​​ហួស​ទៅលេង​ឆ្នេរ​សមុទ្រ​ខេត្ត​ត្រាត​ ប្រទេស​ថៃ​នោះ ​តាមរយៈ​រដ្ឋបាល​ខេត្ត​កោះកុង​បាន​បញ្ជាក់​ថា​ ​ប្រជាពលរដ្ឋ​ដែល​ ចង់​ទៅលេង​ដល់​ថៃ​ ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​ជាមួយ​ ហើយ​បើ​ចង់​បើក​រថយន្ត​ចូល​ខ្លួនឯង​ ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណ​បើកបរ ​សម្រាប់​បងប្អូន​ដែល​មាន​ក្មេង​តូច​ៗ​ទៅ​ផង​នោះ​ ត្រូវ​ភ្ជាប់​ជាមួយ​រូបថត ដោយ​មិន​ចាំបាច់​មាន​លិខិត​ឆ្លង​ដែន​។​

​យ៉ាង​ណា​ក្ដី​​ បើ​តាម​ការ​ម្ចាស់​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​បញ្ជាក់​ប្រាប់​ Sabay កាល​ពី​ថ្មី​ៗ​ បន្ទប់​ស្នាក់​នៅ​កោះកុង​សម្រាប់​ពិធី​​បុណ្យ​សមុទ្រ​​ខាងមុខ​ ត្រូវ​បាន​កក់​ពេញ​ស្ទើរ​ទាំង​អស់​។​ ភ្ជាប់​នឹង​ករណី​ខ្វះ​ខាត​កន្លែង​ស្នាក់​នៅ​ អាជ្ញាធរ​កម្ពុជា​ បាន​ស្នើ​ភាគី​ថៃ​(ខេត្តត្រាត) ឲ្យ​សម្រួល និង​រៀប​ចំ​បន្ទប់​បន្ថែម​​សម្រាប់​ទទួល​ភ្ញៀវ​ក្នុង​ឱកាស​នេះ​ផង​ដែរ​។

ឆ្នេរសមុទ្រ ខេត្តត្រាត

ទន្ទឹម​គ្នានោះ ខាងភាគី​ថៃ (ខេត្តត្រាត) ក៏​បាន​ផ្តល់​កិច្ចសហការដ៏ល្អ ​ក្នុងការ​ត្រៀម​រៀបចំ​ទទួល​ភ្ញៀវ​ស្នាក់នៅ ក្នុង​តម្លែ​សមរម្យ ទាំងនៅខ្លងយ៉ែ និងនៅត្រាត ដែលតម្លៃចន្លោះពី ៣០០-៨០០បាត ​ស្នាក់​នៅខ្លងយ៉ៃ គិតជា​ប្រាក់​ដុល្លារ​ប្រមាណ​១០ ទៅ២០ដុល្លារ​ និង​ចន្លោះពី ១២០០-១៥០០បាត ស្នាក់​នៅ​ទី​រួម​ខេត្តត្រាត​ គិតជា​ប្រាក់​ដុល្លារ​ប្រមាណ​ ៣៧ដុល្លារ ទៅ៤៥ដុល្លារ ​។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានត្រៀមតង់សម្រាកកាយ សម្រាប់ទទួល​ភ្ញៀវផងដែរ។

សូមជម្រាបថា មក​ទល់​ពេល​នេះ មន្ទីរសារធាណការខេត្ត បានសម្រេចការជួសជុលផ្លូវជាតិលេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិលឆ្ពោះទៅខេត្តកោះកុងរួចរាល់ ១០០ភាគរយ ហើយពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ដោយរីករាយ និងសុវត្ថិភាព៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី