រក​ស៊ី​ត្រូវ​ចេះ​ចាប់​ឱកាស ស៊ិន ឧត្ដម​ផល្លា ថា ពី​ពេល​នេះ​ទៅ​តារា​ចម្រៀង​ភាសា​ចិន កើប​លុយ​ហើយ!

  • 2018-12-11 03:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​បទ​ពិសោធន៍​ខ្លួន​ឯង ដែល​អាច​ច្រៀង​បាន​ច្រើន​ភាសា ក្នុង​នោះ​មាន​ភាសា​ចិន​ផង ស៊ិន ឧត្ដម​ផល្លា លើក​ឡើង​ថា អ្នក​ចម្រៀង​ភាសា​ចិន នឹង​មាន​ទីផ្សារ​កាន់​តែ​ល្អ​រាប់​ចាប់​ពី​ពេល​នេះ​ត​ទៅ។

ការ​ព្យាករណ៍នេះ ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​បច្ចុប្បន្ន ដែល​ប្រជាជន​ចិន និង​ការ​វិនិយោគ​របស់​ចិន​បាន និង​កំពុង​ហូរ​ចូល​មក​កម្ពុជា​ច្រើន​ឡើង តាម​នយោបាយ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ចិន របស់​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​។ ដូច្នេះ​ហើយ តាម​ការ​កត់​សម្គាល់​ផ្ទាល់​ខ្លួន ផល្លា អះអាង​ថា នាង​បាន​ឃើញ​វត្តមាន​របស់​ជនជាតិ​ ឬ​ភ្ញៀវ​ចិន​នៅ​ក្នុង​កម្មវិធី​នានា ច្រើន​ឡើង​ៗ។ ប្រការ​នេះ​ច្បាស់​ណាស់​ថា ពួក​គេ(ចិន) ចង់​ស្ដាប់​បទ​ចម្រៀង​ជា​ភាសា​ខ្លួន​ឯង។

ផល្លា ថ្លែង៖ “អ្នក​ចម្រៀង​ភាសា​ចិន ចាប់​ពី​ពេល​នេះ​ទៅ​ត្រៀម​កើប​លុយ ព្រោះ​កម្មវិធី​អី​ក៏​ដោយ តែង​តែ​មាន​ភ្ញៀវ​ចិន​ស្ទើរ​តែ​៩៩ភាគរយ​ទៅ​ហើយ។" យ៉ាង​នេះ​ក្ដី បើ​​មើល​ពី​ទិដ្ឋភាព​ជាក់​ស្ដែង តារា​ចម្រៀង​ខ្មែរ​ដែល​អាច​ច្រៀង​ជា​ភាសា​ចិន​មាន​តិច​តួច​បំផុត។ ដូច្នេះ​ហើយ ពិត​ជា​ល្អ​ដែល​តារា​ចម្រៀង​ខ្មែរ​នានា អាច​វិវត្ត​ខ្លួន​បន្ថែម​មក​ជា​តារា​ចម្រៀង​ជា​ភាសា​ចិន ដូច​ដែល​ក្រុម​អ្នក​រកស៊ី​មាន​ពាក្យ​មួយ​ឃ្លា​ថា "ចង់​រក​ស៊ី ត្រូវ​ចេះ​ចាប់​ឱកាស" នោះ​ឯង។

"តារា​ចម្រៀង​ខ្មែរ​យើង​ទាំង​អស់ គួរ​ហាត់​រៀន​ច្រៀង​បទ​ចិន​អោយ​បាន​ច្រើន​នាក់ ព្រោះ​អ្នក​ចម្រៀង​ភាសា​ចិន​នៅ​មាន​កម្រិត​នៅ​ឡើយ។ អភិវឌ្ឍ​សមត្ថភាព​ទៅ ខ្ញុំ​មិន​ចង់​មាន មិន​ចង់​បាន​តែ​ម្នាក់​ឯង​ទេ(សើច)”។ ស៊ិន ឧត្ដម​ផល្លា បន្ថែម។

អ្នក​មេម៉ាយ​ចាយ​រាង ស៊ិន ឧត្ដម​ផល្លា ត្រូវ​បាន​គេ​ស្គាល់​ថា​ជា តារា​ចម្រៀង​យ៉េយ៉េ ដែល​អាច​ច្រៀង​បាន​ជា​ច្រើន​ភាសា​មាន​ទាំង​ខ្មែរ អង់គ្លេស ឥណ្ឌា និង​ចិន​ជា​ដើម។ សមត្ថភាព​ដ៏​កម្រ​នេះ នាំ​អ្នក​មេម៉ាយ​ដែល​មាន​វ័យ​លើ ៤០​ឆ្នាំ​ទៅ​ហើយ នៅ​តែ​មាន​ទីផ្សារ​ការងារ​ល្អ​នៅ​ឡើយ។ ជាក់​ស្ដែង ក្រោយ​ពី​ថៅកែ​ហាង​មួយ​ហៅ​នាង​ទៅ​ច្រៀង​ប្រចាំ​ហាង​របស់​គេ ផល្លា ក៏​ទើប​ត្រូវ​លោក យ៉ែម សំអូន ប្រធាន​ក្រុម​ពិធីការ Dara Entertainment កោះ​ហៅ​ចូល​ក្រុម​ដែរ ដែល​ធ្វើ​ឲ្យ​នាង​រវល់​កាន់​តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

រូបភាព៖ ហ្វេសប៊ុក ផល្លា

ជាមួយ​គ្នា​នេះ ក្នុង​ចំណោម​ភាសា​ដែល​នាង​អាច​ច្រៀង​បាន ម្ចាស់​ហាង​លក់​សម្ភារៈ​សម្រាប់​ពិធី​បុណ្យ​ផ្សេង​ៗ "ឧត្ដម​ឧត្ដម" បាន​អះអាង​ទៀត​ថា ច្រៀង​ជា​ភាសា​ចិន ក៏​បាន​ធ្វើ​ឲ្យ​នាង​មាន​ទីផ្សារ​ការងារ​សិល្បៈ​កាន់​តែ​ខ្ពស់​នៅ​ក្នុង​ដំណាក់​កាល​នេះ​ដែរ ដែល​ពេល​ខ្លះ ក៏​ការងារ​ជា​ក្រុម ពេល​ខ្លះ​ទៀត ជា​ការងារ​ឯកជន​របស់​នាង​ដែរ។ កម្មវិធី​នីមួយ ផល្លា ប្រាប់​ថា នាង​តែង​ច្រៀង​ភាសា​ចិន​ច្រើន​ជាង​ភាសា​ដទៃ​ទៀត ដូច្នេះ​ហើយ រាល់​កម្មវិធី​ដែល​មាន​ភ្ញៀវ​ចិន​ចូល​រួម​ច្រើន ម្ចាស់​កម្មវិធី កម្រ​មើល​រំលង​នាង​ណាស់។

គិត​ត្រឹម​ថ្ងៃ​នេះ ស៊ិន ឧត្ដម​ផល្លា ត្រូវ​បាន​ម្ចាស់​កម្មវិធី​នានា​កក់​រួច​ហើយ រាប់​ចាប់​ពី​ថ្ងៃ 11, 13, 14, 15, 21, 22, 27, 30, 31/12/2018៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី