សម្តែងជាមួយគ្នាបានម្តង ទ្រី​ តារាវុធ សារភាពត្រង់ៗថាពេញចិត្ត ស៊ឹម ស្រីនិច

  • 2018-12-12 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ប្រឡូក​សិល្បៈ​បាន​ជាង​២​ឆ្នាំ​មក ​លោក ទ្រី ​តារា​វុធ ​បាន​សម្ដែង​ខ្សែ​ភាព​យន្ត​​ជាមួយ​តួ​ឯក​ស្រី​ស្រស់​ស្អាត ច្រើន​នាក់​។ ​តែ​ក្នុង​ចិត្ត​របស់​តារា​សម្ដែង​រូប​ស្រស់​នេះ​វិញ ​បែរ​ជា​ពេញ​ចិត្ត​ពេញ​ថ្លើម​ លើ​ដៃ​គូ​សម្ដែង​ស្រី​ម្នាក់​ប៉ុណ្ណោះ ​គឺ​ កញ្ញា ​ស៊ឹម ​ស្រី​និច។

​អតីត​ Freshy Boy ​លេខ​១ ឆ្នាំ​២០១៦ ​បន្ត​ថា លោក ​ធ្លាប់​សម្ដែង​ជាមួយ​ ស្រី​និច ​​បាន​តែ​ម្ដង​ប៉ុណ្ណោះ​​ ក្នុង​រឿង​ភាគ "​និស្ស័យ​បង​ប្អូន​" ​ដែល​ត្រៀម​ចាក់​បញ្ចាំង​ឆាប់​ៗ​នេះ។ ​ពេល​ជួប​គ្នា​លើក​ដំបូង ​អ្នក​ទាំង​ពីរ​មិន​សូវ​​​ជិត​ស្និទ្ធ​ឡើយ តែ​ពេល​ថត​ជាមួយ​គ្នា​បាន​ជាង​មួយ​អាទិត្យ ​ក៏​ចាប់​ផ្ដើម​ស្និទ្ធ​ស្នាល​ ស៊ី​ចង្វាក់​គ្នា​កាន់​តែ​ខ្លាំង។

សម្រាប់​ កញ្ញា ​សឹម ​ស្រី​និច ​វិញ ​លោក​មើល​ឃើញ​ថា ​មាន​ការ​តាំង​ចិត្ត​ខ្លាំង​ជាង​គេ ធ្វើ​ការងារ​រហ័ស ឆាប់​ចូល​មនោសញ្ចេតនា ​និង​ចេះ​បត់​បែន​លើ​​ការងារ​បាន​ល្អ​ថែម​ទៀត ហើយ​អត្តចរិត​វិញ​ក៏​ល្អ ​ចេះ​រួសរាយ​ មិន​ស្លូត ​មិន​កាច​ ។

កន្លង​មក​ តារា​វុធ ​ធ្លាប់​សម្ដែង​ជាមួយ​នារី​ស្រស់​ស្អាត​ជា​ច្រើន​ដូច​ជា កញ្ញា ខ្លឹម ស្រី​គារ កញ្ញា បេ​ប៊ី កញ្ញា សួង ស៊ី​ធឿន ជា​ដើម ​ហើយ​អ្នក​ទាំង​​អស់​គ្នា​សុទ្ធ​តែ​មាន​សមត្ថភាព ឆាប់​ចូល​តួ ចេះ​បត់​បែន​ផង​ដែរ ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ក្នុង​ការ​សម្ដែង​​ជាមួយ​ មិន​ខុស​គ្នា​ខ្លាំង​ពី​កញ្ញា ស្រី​និច​ នោះ​ទេ។ ​​​​​​​​

​ទោះ​យ៉ាង​ណា ​ទំនាក់​ទំនង​រវាង​លោក និង ស្រី​និច ​គ្មាន​អ្វី​លើស​ពី​មិត្តភ័ក្ដិ​រួម​អាជីព​ឡើយ។ ​ លោក ទ្រី ​តារា​វុធ ​មួយ​រយៈ​នេះ​មាន​ការ​រវល់​លើ​ការ​ងារ​សិល្បៈ​ ​ដោយ​ទើប​បញ្ចប់​ការ​សម្ដែង​ភាព​យន្ត​ខ្នាត​ធំ រឿង "​ឯណា​ខ្មោច​" ព្រម​ទាំង​ត្រៀម​ចេញ​ថត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ចំនួន​២​រឿង​ទៀត ​នៅ​ដើម​ឆ្នាំ​២០១៩។ លើស​ពី​នេះ ​លោក​ក៏​រវល់​លើ​ការងារ​ជា​ពិ​ធី​ករ ​និង​ដើរ​ម៉ូដ ​ផង​ដែរ៕​​​

អត្ថបទ៖ លឹម សុនា