ប្រធាន​បទ​ចរាចរណ៍​ឆ្នាំ ២០១៩ គឺ​ពង្រឹង​សមត្ថភាព​អ្នក​បើកបរ​ទោចក្រយានយន្ត

  • 2018-12-12 03:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្និសីទ​ប្រចាំ​ឆ្នាំ ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ធ្នូ ឆ្នាំ២០១៨។ ប្រធាន​បទ​ប្រចាំ​ឆ្នាំ ដែល​ត្រូវ​លើក​យក​មក​អនុវត្ត​គឺ ធ្វើ​ការ​រួមគ្នា​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។

ក្នុង​ន័យ​ថា គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន និង​គ្រប់​វិស័យ​ទាំង​ត្រូវ​ធ្វើ​ការ​រួមគ្នា​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​តិច​បំផុត។

ស្មារតី​នៃ​អង្គប្រជុំ គឺ​សង្កត់ធ្ងន់​ទៅ​លើ​អ្នក​បើកបរ​ទោចក្រយានយន្ត ​ដែល​ជា​ក្រុម​ងាយ​រង​គ្រោះ​ថ្នាក់​ដល់​ជីវិត។ មិន​ខុស​ទេ លោក​ គឹម បញ្ញា នាយក​អង្គការ​បង្ការ​របួស​អាស៊ី ប្រចាំ​​កម្ពុជា​បាន​បញ្ជាក់ នៅ​ក្នុង​ពីធី​បើក​សន្និសីទ​ប្រចាំ​ឆ្នាំ កាល​ពី​ថ្ងៃ​សុក្រ ទី៧ ខែ​ធ្នូ​នេះ​ថា ៧០ ភាគរយ​នៃ​អ្នក​រង​គ្រោះ​ថ្នាក់​ចរាចរណ៍ (ទាំង​របួស ទាំង​ស្លាប់) គឺជា​អ្នក​ប្រើ​ទោចក្រយានយន្ត ​ដែល​បណ្ដាល​មក​ពី​កត្តា​ផ្សេៗ​​ដូចជា ការ​ជែង មិន​គោរព​សិទ្ធិអាទិភាព និង​បើកបរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក​ជាដើម។

លោក​ជំទាវ មឹន មាណវី អគ្គលេខាធិការ នៃ​គណៈ​កម្មការ​ជាតិ​សុវត្ថិភាព​ចរាចណ៍​ មាន​ប្រសាសន៍​ថា ការ​យល់​ដឹង​ពី​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ​ហើយ​មិន​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ស្វែង​យល់​ថែមទៀត​ចំពោះ​អ្នក​មួយ​ចំនួន។ បច្ចុប្បន្ន​នេះ​លោក​ជំទាវ​ថា ចំនួន​អ្នក​ពាក់​មួក​សុវត្ថិភាព​នៅ​​ទីប្រជុំជន​ធំៗ​ដូចជា រាជធានី​ភ្នំពេញ និង​បណ្ដា​ទី​រួម​ខេត្ត​មួយ​ចំនួន​ឃើញ​ថា អនុវត្ត​ជិត​បាន ១០០​ភាគ​រយ​ហើយ។ ប៉ុន្តែ​ផ្នែក​ខ្លះ​ នៃ​បញ្ហា​ចរាចរ​​ដូចជា​ការ​ជែង ការ​បទ ការ​គោរព​សិទ្ធិអាទិភាព ការ​គោរព​​ផ្លាក​សញ្ញា​ចរាចរណ៍​ទាំងឡាយ​ គឺ​មិនទាន់​ទូលំទូលាយ​ទេ។

លោក​ជំទាវ មឹន មាណវី អគ្គលេខាធិការ នៃ​គណៈ​កម្មការ​ជាតិ​សុវត្ថិភាព​ចរាចណ៍​

បញ្ហា​នេះ​ លោកជំទាវ អគ្គលេខាធិការ​ថា គ្រប់​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់​ៗ ដូចជា​ក្រសួង​សាធារណការ អគ្គស្នងការ​នគរបាល​ជាតិ ក្រសួង​អប់រំ​យុវជន និង​កីឡា ​ត្រូវ​ធ្វើ​ការ​រួមគ្នា​ដើម្បី​សម្រេច នូវ​គោល​ដៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​លើ​ដង​ផ្លូវ​ឲ្យ​បាន​ ៥០​ភាគរយ​នៅឆ្នាំ ​២០២០។ ព្រោះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ស្ថាប័ន​ជំនាញ ពី​ឆ្នាំ​២០១៨ ដល់ ២០២០ អាច​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​៣ពាន់​ឯណោះ។

លោក Robert Elliott នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មេនូឡាយហ្វ៍​ខេមបូឌា ដែល​តែង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ក្នុង​នោះ​ក្រុម​នេះ​បាន​បង្កើត​គ្រោង សុវត្ថិភាព​ផ្លូវ​ថ្នល់​ (Road Safety) បាន​បង្ហាញ​ឆន្ទៈ​មុតមាំ បន្ត​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​កាត់បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​បន្តបន្ទាប់​ឲ្យ​បាន​កាន់តែ​ខ្លាំង​ក្លា។ កាល​ពី​ឆ្នាំ​កន្លង​ទៅ និង​ឆ្នាំ​២០១៨​នេះ មេនូឡាយហ្វ៍ បាន​ចែក​មួក​សុវត្ថិភាព​រាប់ពាន់​មួក និង​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​នៅ​បណ្ដា​សាលារៀន​តាម​ទីប្រជុំជន និង​ជនបទ​ នៃ​ខេត្ត​ក្រុង​នានា។

លោក Robert Elliott នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មេនូឡាយហ្វ៍​ខេមបូឌា

នៅ​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ទី ៧ ធ្នូ លោក​បង្ហើប​ថា ក្រុម​លោក និង​មាន​គម្រោង​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ នា​ខេត្ត​សៀមរាប។ ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ទី ៣ ធ្នូ​ ឆ្នាំ​នេះ មេនូឡាយហ្វ៍​បាន​រៀបចំ​ឲ្យ​មាន​កីឡា​រត់​ម៉ារ៉ាតុង​នៅ​សៀមរាប​ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​ខាងលើ។

ចំណែក​លោក​ឧត្ដមសេនីយ៍ទោ​ លុយ ឈីន ប្រធាន​នាយកដ្ឋាន​ចរាចរណ៍ ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​មាន​ប្រសាសន៍ថា គោលដៅ​នៃ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​នា​ឆ្នាំ​បន្ទាប់​នេះ គឺ​នៅ​ទីប្រជុំជន​តាម​ជនបទ។

ព័ត៌មាន​លម្អិត​ ទស្សនា​សេចក្ដីរាយការណ៍​របស់​ក្រុម​ការងារ Sabay

ចុចអាន៖ ការពិត​មួយ​ចំនួន​រុញ​ឲ្យ​​ចរាចរណ៍​ នៅ​ភ្នំពេញ​ កាន់តែ​អាក្រក់

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង ៣​ពាន់​ករណី (៣ ៥៣១) ​ហើយ​ចំនួន​នេះ​ គឺ​ថយ​ចុះ​ជាង ១០០​ករណី (១៦៩) ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៦។

គេ​នៅ​ចាំ​បាន​ដែរ​ថា ផ្អែក​តាម​ការ​សិក្សា​ឆ្នាំ ២០១៣ របស់​អង្គការ​ជន​ពិការ​អន្តរជាតិ Handicap International ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរ​បាន​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ខាត​បង់​ថវិកា​​ចំនួន​​ ៣៣៧ លាន​ដុល្លារ​ក្នុង​១ឆ្នាំ ដែល​តួលេខ​នេះ ស្មើ​ទៅ​នឹង​ប្រមាណ 3​ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ​ជា ១៥ពាន់​លាន​ដុល្លារ។

ប្រទេស​កម្ពុជា ​មាន​ឆន្ទៈ​នៅក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោល​ដៅ​សង្គ្រោះ​ជីវិត​នោះ ប្រទេស​កម្ពុជា​ប្ដេជ្ញាចិត្ត​ក្នុង​ការ​គាំទ្រ​ដល់​ទសវត្ស​សុវត្តិភាព​ផ្លូវ​គោក​របស់​អង្គការ​សហប្រជាជាតិឆ្នាំ ២០១១-២០២០ និង​គោល​ដៅ​អភិវឌ្ឈន៍​ប្រកប​ដោយ​ចីរភាព​ (SDG) ដោយ​អ្នក​ធ្វើ​ការ​ងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ចរាចរណ៍​ទាំង​អស់​នឹង​ជួបជុំ​គ្នា​ នៅ​សាលសហសិក្សា​ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នៃ​វិទ្យាស្ថានបច្ចេក​វិទ្យា​កម្ពុជា នា​ថ្ងៃ​ស្អែក ទី១៣ ខែ​ធ្នូ។ ការ​ជួប​ជុំ​នេះ នៅ​ក្នុង​ពិធី​សន្និសីទ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា ក្រោម​ប្រធានបទ "ធ្វើ​ការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក"។

អត្ថបទ៖ ឈិន ធារ៉ាត