កក់ថ្ងៃគ្នាទៅ! ២កន្លែងនៅកម្ពុជា លក្ខណៈធម្មជាតិ១០០% ទេសភាពស្អាតគ្មានផ្ទឹម

  • 2018-12-12 03:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ជា​ប្រទេស​គ្រប​ដណ្ដប់​ដោយ​តំបន់​ធម្មជាតិ​ជា​ច្រើន លាត​សន្ធឹង​ស្ទើរ​ទូទាំង​ប្រទេស។ ថ្មីៗ​នេះ​អ្នក​ពនេចរ​ចូលចិត្ត​ផ្សង​ព្រេង​ទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​នានា បាន​ទៅ​ដល់​កំពូល​ភ្នំ​ត្បែង​ក្នុង​ខេត្ត​ព្រះវិហារ និង​ហគមន៍​ទេសចរណ៍​អូរសោម នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ​ខេត្ត​ពោធិ៍សាត់ និង​ហើយ​បាន​ឃើញ​នូវ​សម្បត្តិ​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​លក្ខណៈ​ធម្មជាតិ​១០០%។ សូម​មក​អាន​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម​នេះ៖

១. សហគមន៍​ទេសចរណ៍​អូរសោម

សហគមន៍​ទេសចរណ៍​អូរសោម នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ​ខេត្ត​ពោធិ៍សាត់ ជា​ទី​​ប្រជុំ​ដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​មហាសាល កម្រ​មាន​អ្នក​ទៅ​ដល់​បំផុត។ លោក គាំ វិទូ ជា​អ្នក​ខេត្ត​សៀមរាប ចូលចិត្ត​ធ្វើ​ការ​ផ្សងព្រេង​ទៅ​តំបន់​ធម្មជាតិ​នានា ក្នុង​ប្រទេស​កម្ពុជា បាន​ទៅ​ដល់​សហគមន៍​ទេសចរណ៍​អូរ​សោម និង​បាន​ប្រទះ​ឃើញ​ទស្សនីយភាព​​ដ៏​អស្ចារ្យ​ជា​ច្រើន​មិន​នឹក​ស្មាន​ដល់​នៅ​ទីនោះ។

អ្នក​ខេត្ត​សៀមរាប ចូលចិត្ត​ផ្ដិត​ការ​ថត​រូប​នេះ ប្រាប់​ថា ក្នុង​សហគមន៍​ទេសចរណ៍​អូរ​សោម ភ្ញៀវ​ទេសចរ អាច​សម្រាក​ផ្ទះ​ស្នាក់​របស់​អ្នក​ស្រុក មាន​អាហារ​ប្រចាំ​តំបន់​​ប្លែកៗ និង​មាន​មគ្គុទ្ទេសក៍ នាំ​ដើរ​កម្សាន្ត​ក្នុង​សហគមន៍​ទៅ​កាន់​តំបន់​ប្លែក​ៗ​ជា​ច្រើន។ ក្នុង​នោះមាន​ដូចជា​ទឹក​ធ្លាក់​រហូត​ទៅ​ដល់​៧​កន្លែង​ផ្សេងគ្នា មាន​បឹង​ដ៏​ធំ ទស្សនា​ក្រពើ​ព្រៃ និង​តំបន់​វាលវែង​គ្រប​ដណ្ដប់​ដោយ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង។

លោក​បាន​ទៅ​ដល់​ទឹក​ធ្លាក់ ឆាយរការ មាន​ទេសភាព​ស្អាត​ខ្លាំង ហើយ​អ្នក​ស្រុក​ប្រាប់​ថា​កម្រ​មាន​អ្នក​ទៅ​ដល់​ណាស់។ លោក និង​មិត្ត​ភក្ដិ បាន​ជួល​ម៉ូតូ​ជិះ​កាត់​ផ្លូវ​លំ​តូចៗ មាន​ចម្ការ​ចេក​របស់​អ្នក​ស្រុក ត្រូវ​ឆ្លង​កាត់​ផ្លូវ​ឡើង​ចំណោត ចុះ​ចំណោត និង​ឧបសគ្គ​ជា​ច្រើន រហូត​ទៅ​ដល់​ទឹក​ធ្លាក់​ឆាយ​រការ។ ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​ការ​ផ្សងព្រេង​នោះ​ឥត​ប្រយោជន៍​ឡើយ ព្រោះ​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​នៅ​ទី​នោះ បាន​ធ្វើ​ឲ្យ​ភាព​ហត់​នឿយ​ធូរ​ស្បើយ​មួយ​រំពេច។

ក្រៅ​ពី​ទៅ​ដល់​ទឹក​ធ្លាក់​ឆាយ​រការ វិទូ ក៏​បាន​ទៅ​ដល់​ទឹក​ធ្លាក់​មួយ​កន្លែង​ទៀត​មាន​ឈ្មោះ​ថា ​ឆាយ​ប្រុយ មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ប្រជុំ​ជន​អូរសោម​ឡើយ។ វិទូ ប្រាប់​ថា បើ​ធ្វើ​ដំណើរ​ពី​កោះកុង​មក​ខេត្ត​ពោធិ៍សាត់ តាម​ជួរ​ភ្នំ​ក្រវាញ​ អាច​ឆៀង​ចូល​តំបន់​ទឹកធ្លាក់​នេះ​យ៉ាង​ងាយស្រួល តែ​បើ​យើង​មក​ពី​ខេត្ត​ពោធិ៍សាត់​វិញ ត្រូវ​ធ្វើ​ដំណើរ​ហួស​ទី​ប្រជុំជន​អូរសោម ប្រមាណ​ជិត​៣០​គីឡូម៉ែត្រ​ទៀត​ទើប​ដល់។

សហគមន៍​ទេសចរណ៍​អូរសោម ស្ថិត​នៅ​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ មាន​ចម្ងាយ​ប្រមាណ ១៥៣​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត។

២. ភ្នំ​ត្បែង​ខេត្ត​ព្រះវិហារ

តាម​ការ​រៀបរាប់​របស់​លោក​វិទូ បាន​ទៅ​ដល់​ផ្ទាល់​ប្រាប់​ដោយ​អារម្មណ៍​រំភើប​ថា នៅ​ទី​នោះ​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ស្រោង​ត្រឈឹងត្រឈៃ​ មាន​សត្វ​ស្លាប​ស្រែក​យំ​អឺង​កង​រំពង​ពេញ​ព្រៃ។ ​នៅ​កំពូល​ភ្នំ​មាន​ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង មាន​សម្រស់​ស្រស់​ស្អាត​បំផុត។ វិទូ​រៀបរាប់​បន្ត​ទៀត​ថា នៅ​លើ​ភ្នំ​មាន​ទឹកជ្រោះ​ផ្សេងៗ​ពី​គ្នា​រហូត​ដល់​ទៅ​ជាង​២០​កន្លែង​ឯណោះ​សុទ្ធ​តែ​អាច​ងូត​លេង​កម្សាន្ត​បាន។ ក្នុង​នោះ​ទឹក​ជ្រោះ​ចក្រវិល ជា​កន្លែង​ដ៏​ស្រស់​បំព្រង ទឹក​ថ្លា​ឆ្វង់​មើល​ឃើញ​ដល់​បាត​ដី ឃើញ​ត្រី​ភ្នំ​ហែល​ឆ្វាត់ឆ្វែង​ ទឹក​ហូរ​ធ្លាក់​ពី​ស្ទឹង​មួយ​នៅ​ខាង​លើ មាន​ជម្រៅ​ត្រឹម​ចង្កេះ ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ងូត​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។ ក្រៅ​ពី​នេះ​នៅ​មាន​ទឹកជ្រោះ​ជាច្រើន​រាប់​មិន​អស់​នៅ​ក្បែរ​ៗ​គ្នា សុទ្ធ​តែ​មាន​សម្រស់​ទាក់ទាញ​មិន​ចាញ់​គ្នា​ឡើយ។

អ្វី​ៗ​គ្រប់​បែប​យ៉ាង​គឺ ជា​ធម្មជាតិ​ពិតៗ សូម្បី​សំរាម​មួយ​មិន​មាន​ផង។ វិទូ​បន្ត​ថា ទឹក​លើ​កំពូល​ភ្នំ​ត្រជាក់​ស្រឹប​ មាន​ព្រៃ​ឈើ​ហ៊ុម​ព័ន្ធ​ជុំវិញ បើ​មាន​អ្នក​ទៅ​លេង​ប្រលែង​លេង​ជាមួយ​គ្នា​ផង គឺ​កង​រំពង​ពេញ​ព្រៃ​តែ​ម្ដង។ នៅ​លើ​ភ្នំត្បែង​ក៏​មាន​វត្ត​អារាម​មួយ​ផងដែរ គឺ​វត្ត​តាំង​យូរ មាន​ព្រះសង្ឃ​តែ​មួយ​អង្គ​ប៉ុណ្ណោះ​គង់​នៅ។ បច្ចុប្បន្ន​មាន​តែ​អ្នក​ភូមិ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ឡើង​ចុះ​ភ្នំ​នេះ ដើម្បី​រក​ឱសថ​បុរាណ និង​រក​អុស​ដុត ហើយ​ក៏​ឆ្លៀត​យក​ចង្ហាន់​ជូន​ព្រះសង្ឃ​ដែល​គង់​នៅ​ថែ​រក្សា​សម្បត្តិ​ធម្មជាតិ​ទាំង​នោះ។

ដើម្បី​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ អ្នក​មក​ពី​ខេត្ត​សៀមរាប រូប​នេះ​ប្រាប់​ថា ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៦៤ ចេញ​ពី​ទីរួម​ខេត្ត​ព្រះវិហារ ប្រមាណ​ជាង​១០​គីឡូម៉ែត្រ នឹង​ទៅ​ដល់​ភូមិ​មួយ​ឈ្មោះ​ថា ភូមិ​ឈាន​មុខ ក្នុង​ឃុំ​អភិវឌ្ឍ មាន​អ្នក​ស្រុក​រស់​នៅ​ក្បែរ​ជើង​ភ្នំ ដែល​យើង​អាច​ផ្ញើ​ឡាន​ ផ្ញើ​ម៉ូតូ​បាន។ អ្នក​ភូមិ​ឈាន​មុខ គឺ​ជា​អ្នក​នាំ​ផ្លូវ​ដ៏​ចំណាន​ក្នុង​ដំណើរ​ផ្សង​ព្រេង​ដ៏​វែង​ឆ្ងាយ​នេះ ដោយ​គ្រាន់​តែ​ចំណាយ​ថវិកា​តែ​១០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ជួយ​យួរ​ឥវ៉ាន់​ភ្ញៀវ​ទេសចរ​ទៀត​ផង។

ដូច្នេះ​បើ​ចង់​ទៅ​កាន់​តំបន់​មួយ​នេះ អាច​រក​អ្នក​នាំ​ផ្លូវ​បាន តែ​កុំ​ភ្លេច​វេច​ខ្ចប់​អាហារ​ដាក់​តាម​ខ្លួន​ផង ព្រោះ​ត្រូវ​ធ្វើ​ដំណើរ​រយៈ​ចម្ងាយ​៤០០​ម៉ែត្រ​ដោយ​ថ្មើរ​ជើង និង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជាង​២​ម៉ោង​ទើប​ទៅ​ដល់​គោលដៅ៕

រូបភាព៖ ផ្ដល់សិទ្ធិដោយ ពនេចរថតរូប អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ