អ្នកគាំទ្រឆេះដុំ ក្រោយសារព័ត៌មានមួយសម្ភាសពីភាពជោគជ័យរបស់ MONSTA X តែលើកយក BTS មកពាក់ព័ន្ធ

  • 2018-12-12 04:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១០ ខែ​ធ្នូ​កន្លង​ទៅ​នេះ សារព័ត៌មាន Access បាន​បញ្ចេញ​វីដេអូ​ឃ្លីប​ធ្វើ​បទ​សម្ភាស​ជាមួយ​ក្រុម MONSTA X នៅ​ឯ​កម្មវិធី​ប្រគំ​តន្ត្រី "iHeartRadio Jingle Ball 2018” ដែល​ប្រព្រឹត្ត​ទៅ​នៅ Madison Square Gardan ក្នុង​ទីក្រុងញូវយ៉ក។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ចំពោះ​សារព័ត៌មាន Access ដែល​បាន​ផ្ដល់​សំណួរយ៉ាង​ខ្វះ​សីលធម៌​មួយ​ចំពោះ​សមាជិក​ក្រុម MONSTA X។

តាម​វីដេអូ​សម្ភាស​នោះ​ដែរ បង្ហាញ​ឲ្យ​ឃើញ​ថា សមាជិក​ម្នាក់​ក្នុង​ក្រុម MONSTA X បាន​និយាយ​ថា៖ "ពួក​យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ"។ ភ្លាម​ៗ​នោះ​ដែរ អ្នក​សារព័ត៌មាន​រូប​នោះ​បាន​សួរ​បញ្ជាក់​ថា៖ "លោក​បង្កើត​ប្រវត្តិសាស្ត្រ​​បាន​យ៉ាង​ម៉េច​ទៅ?” ជាមួយ​គ្នា​នោះ​ដែរ នាង​ក៏​បាន​លើក​យក​ក្រុម​ចម្រៀង BTS មក​និយាយ​ពី​ភាព​ជោគជ័យ​របស់​ក្រុម​ចម្រៀង​នោះ ហើយ​ថែម​ទាំង​បាន​សួរ​ក្រុម MONSTA X ឲ្យ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ នៅ​ពេល​ដឹង​ថា BTS ទើប​តែ​ទទួល​ឈរ​ឈ្មោះ​ប្រកួត​ពាន​រង្វាន់ Grammy បែប​នេះ។​

អ្វី​ដែល​អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក​កាន់​តែ​ខ្លាំង​នោះ គឺ​នៅ​ពេល​វីដេអូ​ធ្វើ​បទ​សម្ភាស​នោះ​បាន​បញ្ចេញ​លើ​គណនី YouTube ផ្លូវ​ការ​របស់​សារព័ត៌មាន Access ពួកគេ​បាន​ដាក់​ចំណង​ជើង​ថា "Monsta X បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ខ្លាំង ក្រោយ​ដឹង​ថា BTS ជាប់​ឈ្មោះ​ប្រកួត​ពាន​រង្វាន់ Grammy”៕ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា