កុំភ្លេច Downloadទុក! ក្រសួងដាក់ដំណើរការកម្មវិធី "ថតផ្លូវ" ជូនពលរដ្ឋទូទាំងប្រទេសជាផ្លូវការ

  • 2018-12-13 02:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាស​ដាក់​​ដំណើរការប្រព័ន្ធAppកម្មវិធីថ្មីឈ្មោះថា​  "​ កម្មវិធីថែទាំផ្លូវ​ (ROAD CARE Mobile App) "​ ជាផ្លូវការនៅថ្ងៃនេះ។ កម្មវិធីនេះ អាចឲ្យប្រជាពលរដ្ឋទាញ​យកមកប្រើប្រាស់បាននៅលើទូរស័ព្ទដៃ ដើម្បីថតរូបភាព ជង្ហុក​សម្បុកមាន់ ផ្ញើ​មក​ក្រុម​ការងារបច្ចេកទេស​ក្រសួង​ភ្លាម​ៗ​។ បន្ទាប់ពី ទទួលបានរូបភាពរួចហើយ ក្រុមការងារ​ក្រសួង​នឹង​ចុះត្រួតពិនិត្យ និង​ជួសជុលភ្លាមៗ ​ដើម្បី ​បង្ការ កុំឲ្យរីករាលដាលកាន់តែធំ ដែលអាចបង្កគ្រោះ​ថ្នាក់ចរាចរដល់អ្នកធ្វើដំណើរ ។

ការប្រើប្រាស់ ប្រព័ន្ធAppថ្មីនេះ គឺវាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមរបស់បងប្អូន​ប្រជាពលរដ្ឋ ក្នុងការផ្ដល់ព័ត៌មាន និងថតរូបភាពផ្លូវខូច និងផ្លូវដែល​មានសម្បុកមាន់​ច្រើន ផ្ញើបញ្ជូនមកក្នុង ប្រព័ន្ធAppនេះ ដើម្បីក្រុមការងារដោះស្រាយភ្លាមៗ។ Appនេះ មាន​ការ​ចង​ក្រង​ផ្លូវគ្រប់រាជធានី ខេត្ដ រងការប៉ះពាល់​ សម្បុកមាន់ និងបានបង្ហាញកាន់តែច្បាស់លាស់ ខណៈពេលដែល​បងប្អូនប្រជាពលរដ្ឋបានថតផ្ញើរូបភាពចូលក្នុង​ប្រព័ន្ធនេះ។

ឯកឧត្តម ស៊ុន ចាន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសាធារណៈការ ធ្លាប់អះអាងថា ប្រព័ន្ធ App ទំនើបនេះ គឺល្អណាស់ ដោយសារតែ​នៅ​ពេល​ដែលមានការបញ្ចូនរូបមកភ្លាមវាចេញ ពណ៌ ក្រហម និងដឹងព័ត៌មានពិតប្រាកដ ថាតើសម្បុកមាន់នេះ ឬកន្លែងផ្លូវខូចនេះនៅត្រង់ណា ម្ដុំណា ផ្លូវណាមួយ។ លើសពី​នេះ​ទៀត ក្នុងពេលទទួលបានព័ត៌មាននេះ ក្រសួងនឹងផ្ដល់ជូន ទៅ​ឱ្យមន្ទីរ​សាធារណការ​រាជធានី ខេត្ដ ឬមន្រ្ដីជំនាញក្រសួង ដើម្បីចុះទៅពិនិត្យ និងជួសជុល សម្បុកមាន់តាមកន្លែងដែលបានខូចនោះ។ ឯកឧត្តមបានបន្ដថា ក្រោយពីការជួស​ជុលកន្លែង សម្បុកមាន់នេះរួច ហើយថតរូបភាពដាក់បញ្ជូលក្នុងប្រព័ន្ធAppនេះ ត្រឡប់មកវិញ វានឹងក្លាយ ជាពណ៌បៃតង។

បញ្ជាក់ តាមរយៈប្រព័ន្ធ Appនេះ ក៏មានដាក់ឈ្មោះប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ទាំង២៥ រាជធានី ខេត្ដ ដើម្បីឱ្យប្រជាពលរដ្ឋស្គាល់មុខមន្ត្រី និងដាក់បង្ហោះចំនួនផ្លូវខូច ផ្លូវមានសម្បុកមាន ប៉ុន្មានសរុបប្រចាំខែ បានជួសជុលរួចនៅតាមរាជធានី ខេត្ដនីមួយៗ ដើម្បីឱ្យបានដឹងទាំងអស់គ្នាផងដែរ។

អត្ថបទ៖ ស៊ិន សាវ៉េត