មិនចង់ទៅណាឆ្ងាយអស់លុយច្រើន ៥កន្លែងនេះដើរលេងចុងឆ្នាំសប្បាយក្នុងពិភពធម្មជាតិ

  • 2018-12-13 05:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ឈប់​សម្រាក​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​តែង​រក​កន្លែង​សម្រាក​លម្ហែ​កាយ​ជួប​ជុំ​គ្រួសារ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ។ បើ​មិន​ចង់​ទៅ​ណា​ឆ្ងាយ​អស់​លុយ​ច្រើន​ទេ បងប្អូន​អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​កម្សាន្ត​ ៥ ​កន្លែង​ខាង​ក្រោម​នេះ​បាន ឮ​អ្នក​ធ្លាប់​ទៅ​និយាយ​ថា ទេសភាព​ស្អាត ម្ហូប​ក៏​ធូរ​ថ្លៃ​ទៀត​។ តោះ​ ទៅ​ស្គាល់​គ្នា៖

១. ភូមិត្នោត

ភូមិ​ត្នោត​គឺ​ជា​រមណីយដ្ឋាន​កែ​ច្នៃ​តាម​បែប​ធម្មជាតិ​ពិតៗ ​មាន​ទី​តាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ភ្នំពេញ​ទេ។ ដើម្បី​ទៅ​ដល់​ទីនោះ​ប្រិយ​មិត្ត​ត្រូវ​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ២​  គឺ​តាម​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទន្លេបាទី និង ភ្នំ​ជីសូរ​ដែរ ដោយ​ចំណាយ​ពេល​ប្រហែល ៤៥នាទីប៉ុណ្ណោះ ពី​ភ្នំពេញ​មក។

ភូមិ​​ត្នោត​មាន ទេសភាព​ស្អាត ត្រជាក់​ស្រួល​ កន្លែង​​សម្រាប់​ជួល​អង្គុយលេង​គឺ នៅ​ក្រោម​ដើម​ត្នោត​តែ​ម្ដង ឯ​ម្ហូប​វិញ​មាន​រសជាតិ​ឆ្ងាញ់​ហើយ​តម្លៃ​សមរម្យ។  ជា​ពិសេស​គឺ​ម្ហូប​បែប​ស្រុក​ស្រុកស្រែ ប្រមូល​ពី​តាម​ភូមិ​ស្រុក​បែប​ធម្មជាតិ​ពិត​ៗ ដូច​ជា មាន់ស្រែ ត្រីស្រែ សម្ល​គ្រប់​មុខ​ជូន​តាម​សំណូមពរ​ឥត​មាន​ទាល់​តែ​ម្ដង។

កាន់​តែ​ពិសេស​មាន​អាង​ហែល​ទឹក​សម្រាប់​ក្មេងៗ​ថែម​ទៀត​ផង។ ជាង​នេះ​ទៅទៀត ភ្ញៀវ​ទៅ​លេង​កម្សាន្ត​​ក៏​អាច​ទិញ​ផ្លែ​ត្នោត និង​ស្ករ​ត្នោត​ធម្ម​ជាតិ​ពិតៗ។

២. សួន​សុបិន

រមណីយដ្ឋានសួនសុបិន-ព្រែកឯង គឺ​ជា​កន្លែង​កម្សាន្ត​ដ៏​ពេញ​និយម​សម្រាប់​ក្រុម​គ្រួសារ​ដែល​ចង់​ទៅ​លម្ហែ​កាយ​នៅ​ចុង​សប្តាហ៍​។ ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ ភ្ញៀវ​ទេសចរ​អាច​ស្រប​យក​ខ្យល់អាកាស​ដ៏​ត្រជាក់ និងមានម្លប់​ឈើ​ដ៏​ត្រឈឹង​ត្រឈៃ​ទៀត​ផង។ មិនត្រឹមតែប៉ុណ្ណោះ​ រមណីយដ្ឋានសួនសុបិន-ព្រែកឯង មានកន្លែងលេងសម្រាប់កុមារ និង​អា​ងហែលទឹក​ឌ៏​ស្រស់​ស្អាត​។ អ្វី​ដែល​គួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺ មាន​ស្រះ​ធំៗ​សម្រាប់​ស្ទូច​ត្រី​ក្នុង​មួយ​ម៉ោង​មានតម្លៃ៣ដុល្លារឡើង។

បើ​និយាយអំពីម្ហូបអាហារវិញ គឺគួរឲ្យឆ្ងាញ់ជាប់មាត់។ រមណីយដ្ឋានសួនសុបិន មាន​ធ្វើ​ម្ហូប​អាហារ​ខ្មែរ​ជា​ច្រើន​ប្រភេទ​ជ្រើស​រើស​តាម​ចំណង់​ចំណូលចិត្ត​ជាមួយ​តម្លៃសមរម្យ។ រមណីយដ្ឋានសួនសុបិនមានទីតាំងនៅតាមផ្លូវទៅរោងចក្រស្រាបៀរ Tiger ចម្ងាយ​ប្រហែល​១​គីឡូម៉ែត​ពី​ផ្លូវជាតិលេខ១។ 

៣. អន្លង់​ភ្ញៀវ​ រមណីយដ្ឋាន​ថ្មី​នៅ​តាកែវ

អន្លង់​ភ្ញៀវ​ ជា​ឈ្មោះ​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ ដែល​កំពុង​ទាក់​ទាញ​អ្នក​ទស្សនា​ខ្លាំង​ បើ​ទោះ​បី​ជា​នៅ​ទីនោះ​មិនទាន់​បើក​ដំណើរការ​ជាផ្លូវ​ការក្ដី។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​និង​ចង្កេះ​ភ្នំ​ និង​​មាន​គម្រោងសាង​សង់​កន្លែង​កម្សាន្ត​ កន្លែង​ងូត​ទឹក​ជា​ច្រើន​ផ្សេង​ទៀត​ ។ រមណី​យដ្ឋាន​ថ្មី​នេះ​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​តែ​ម្ដង។ អន្លង់​ភ្ញៀវ​មាន​ទីតាំង​​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ យ៉ាងណាក្ដី​ រមណីយដ្ឋាន​នេះ​មិន​ទាន់​បើក​ដំណើរ​ការ​ទាំង​ស្រុង​នៅ​ឡើយ​ទេ​ ប៉ុន្តែក៏​មាន​ភ្ញៀវ​ចាប់​ផ្ដើម​ទៅ​លេង​បណ្ដើរ​ៗ​ហើយ​ព្រម​ជាមួយ​ម្ហូប​អាហារ​ដ៏​សម្បូរ​បែប​នឹង​តម្លៃ​សមរម្យ​។

៤. ភូមិស្ទូចបង្កង

ប្រិយមិត្តដែលកំពុងរកកន្លែងដើម្បីលំហែកាយជាមួយគ្រួសារ មិត្តភ័ក្ត្រ និងមនុស្សជាទីស្រលាញ់ អាចទៅភូមិស្ទូចបង្កង​នេះ​បាន។ ភូមិ​ស្ទូច​បង្កង​មានបរិយាកាសល្អធំទូលាយ និង​មាន​កញ្ចុះ​អង្គុយ​លេង​ដ៏​ស្រស់ស្អាត ហើយ​អ្វី​ដែល​ពិសេស​ គឺ​អ្នក​ទៅ​លេង​កម្សាន្ត​អាច​ធ្វើការ​ស្ទូច​បង្កង​លេង​កម្សាន្ត ឬ​យក​មក​បរិភោគបាន មានរសជាតិឈ្ងុយឆ្ងាញ់។ បន្ថែម​លើ​ពី​នេះ​យើង​ក៏​អាច​ធ្វើការ​ជ្រើសរើស​មុខម្ហួបតាមចំណង់ចំណូលចិត្តបាន ក្នុង​តម្លៃ​អាច​ទទួល​យក​បាន។

ចំណែក​ឯ​ទីតាំង​គឺ​មិន​ពិបាក​រក​នោះ​ទេ ស្ថិត​នៅ​ ផ្ទះលេខ៥៧ ផ្លូវ៣១៣ សង្កាត់បឹងខ្នារ ខណ្ឌទួលគោក រាជធានីភ្នំពេញ

៥. ភូមិ​សេអាមេត្រី​

"ភូមិ​កម្សាន្ត​សេអា​មេត្រី​" មាន​ខ្យល់អាកាស​បរិសុទ្ធ​ និង​ទីធ្លា​ធំ​ទូលាយ។ភូមិ​កម្សាន្ត​ខាង​លើ មាន​កញ្ចុះ​អង្គុយ​ជាប់​មាត់​ទឹក​ មាន​អាង​ហែល​ទឹក កន្លែង​លេង​កីឡា​​ច្រើន​ប្រភេទ​ និង​មាន​លក់​ម្ហូប​អាហារ​ បង្អែម​ ភេសជ្ជៈ​ផ្សេងៗ​ក្នុង​តម្លៃ​សមរម្យ។ ក្រៅ​​ជា​ភូមិ​កម្សាន្ត​ ទីនេះ​ក៏​មាន​បើក​សាលា​បង្រៀន​ភាសា​ខ្មែរ​ អង់គ្លេស និង​កុំព្យូទ័រ​ ដោយ​ឥត​បង់​ថ្លៃ​ សម្រាប់​កុមារ​ក្រីក្រ​ទៀង​ផង។ តម្លៃ​សំបុត្រ​សម្រាប់​ចូល​កម្សាន្ត ត្រឹម​តែ​ ១​ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ភ្ញៀវ​ជាតិ និង​តម្លៃ​ ៥​ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស។ កន្លែង​កម្សាន្ត​នេះ មាន​ទីតាំង​ស្ថិត​នៅ​ត្រើយ​ម្ខាង នៃ​រមណីយដ្ឋាន​ទន្លេបាទី​ ក្នុង​ភូមិ​ចំបក់​ត្រប់​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ មាន​ចម្ងាយ​ប្រហែល​២០​គីឡូ​ម៉ែត្រ​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់៕

អត្ថបទ៖ ស៊ិន សាវ៉េត