ប្រាំមួយចំណុចគួរ​ដឹង ដើម្បី​សុវត្ថិភាព​ពេល​បើក​បរ

  • 2018-12-13 07:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​ថ្នាក់​ចរាចរណ៍បាន​សម្លាប់​មនុស្ស​ខ្ទង់​រយ​នាក់​ជារៀង​រាល់​ខែ ជាក់​ស្តែង​​កាល​ខែវិច្ឆិកា កន្លង​ទៅ​នេះ​មនុស្ស​ស្លាប់​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​មាន១៤២​នាក់។

ទោះ​យ៉ាងណា​បញ្ហា​គ្រោះ​ថ្នាក់ចរាចរណ៍​អាច​កាត់​បន្ថយ​បាន​បើ​អ្នក​បើក​បរគោរព ឬ​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុចទាំង​ប្រាំ​មួយ​នេះ។​

ចំណុច​ទី​មួយ​គឺ​ការ​បើក​បរ​ដោយ​មិន​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ពេល​កំពុង​បើក​បរ ឬ​អាច​ប្រើ​បាន​បើ​មាន​ឧបករណ៍​ភ្ជាប់​សំឡេងដែល​អនុញ្ញាត​ដោយ​​ច្បាប់​។​

សម្រាប់​ចំណុច​បន្ទាប់គឺ​អ្នក​បើក​បរ​​និង​អ្នក​រួម​ដំណើរ​ត្រូវ​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិ​ភាព​គ្រប់​ពេល​បើក​បរ និង​ចំណុច​ដែល​សំខាន់​មួយ​ទៀត​គឺ​បើក​បរ​ដោយ​មិន​ពិសា​គ្រឿង​ស្រវឹង។ បើ​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ហាមឃាត់​អ្នក​បើក​បរ​មានជាតិ​អាល់​កុល​០,២៥​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​បើក​បរ​ និង​បើមាន​ជាតិ​អាល់​កុល​ចាប់ពី០,​៤០​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ប្រ​ឈម​នឹង​ជាប់​ពន្ធនា​គារ។

សម្រាប់​ចំណុចទី​បួន​គឺ​បើក​បរ​​ក្នុង​ល្បឿន​សុវត្ថិភាព​។ ត្រង់​ចំណុចនេះ​ចង់មានន័យ​ថា​ដូច​ជា​រថ​យន្ត​ធុន​តូច​តាម​ច្បាប់​កំណត់​ល្បឿនអតិបរមា​​៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​សម្រាប់​ការ​បើក​បរ​ក្នុងទី​ប្រ​ជុំជន និង​៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងនៅ​ក្រៅទី​ប្រ​ជុំជន​។

ចំណែក​ចំណុច​ទី​ប្រាំគឺ​អ្នក​បើក​បរ​ត្រូវ​ទុក​គម្លាត​សុវត្ថិភាព​ក្នុង​ការ​បើក​បរ ដោយ​ក្នុង​ទី​ប្រជុំ​ជន​ត្រូវ​ទុក​ចន្លោះ​សុវត្ថិភាព​យ៉ាងតិច​១វិនាទី និង​ក្រៅទី​ប្រ​ជុំ​ជនយ៉ាង​តិច​​២វិនាទី។

សម្រាប់​ចំណុច​ពិសេស​ចុង​ក្រោយ​គឺ​ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ​យាន​យន្ត​តាម​ពេល​កំណត់​ដោយច្បាប់​ក្នុង​រយៈ​ពេល​ពី​រឆ្នាំ​ម្តង ឬ​មួយ​ឆ្នាំម្តង​ទៅ​តាម​ប្រ​ភេទយាន​យន្ត៕

អត្ថបទ៖ ទូច សុខា