Vinícius ថា​ការ​លេង​ឲ្យ​​ឈុត​ធំ​ Real Madrid ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​

  • 2018-12-13 08:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vinicius Junior តារាង​វ័យ​ក្មេង​សាំបា​មាន​មហិច្ឆតា​ចង់​លេង​ឲ្យ​ Real Madrid ឈុត​ធំ​ជា​ប្រចាំ​​បើ​ទោះ​ជា​មាន​វ័យ​ទើប​តែ​១៨​ឆ្នាំ​​ក៏​ដោយ។

កើត​ក្នុង​រដ្ឋធានី​ Rio de Janeiro ក្នុង​ខែ​កក្កដា​ឆ្នាំ​២០០០ Vinicius បាន​ចូល​ហាត់​​ឲ្យ​ក្លឹប​ធំ​ប្រចាំ​តំបន់​ Flamengo ក្នុង​​វ័យ​១០​ឆ្នាំ​ ជា​ទី​ដែល​រូប​គេ​អភិវឌ្ឍ​ខ្លួន​ និង​ទទួល​ការ​ចាប់​អារម្មណ៍​តាម​រយៈ​បច្ចេកទេស​គ្រប់គ្រង​ និង​បណ្ដើរ​បាល់​យ៉ាង​ប៉ិន​ប្រសប់​ដូច​សិស្ស​ច្បង​ប្រេស៊ីល​​មួយ​ចំនួន​ដែល​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​អឺរ៉ុប។​

កីឡាករ​វ័យ​ក្មេង​រូប​នេះ​ចាប់​ផ្ដើម​ស្ថិត​ក្នុង​ខ្សែ​ភ្នែក​ក្លឹប​បរទេស​ក្រោយ​ក្លាយ​ជា​ Top Scorer ក្នុង​ពាន​ South American U-15 championship ហើយ​​ក្រោយ​មក​ជួយ​ជម្រើស​ជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​ឈ្នះ​ពាន Under-17 championship នៅ​២​ឆ្នាំ​បន្ទាប់។​

Vinicius បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ឈុត​ធំ​ Flamengo មុន​ពេល​ផ្ទេរ​ទៅ​ Real Madrid ក្នុង​វ័យ​១៨​ឆ្នាំ​។​ មែនទែន​ទៅ​រូប​គេ​បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​មុន​នេះ​ទៀត​ប៉ុន្តែ​ដោយសារ​ច្បាប់​ FIFA រារាំង​ការ​ផ្ទេរ​កីឡាករ​ក្រោយ​អាយុ​១៨​ឆ្នាំ​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ទើប​ធ្វើ​ឲ្យ​ឱកាស​ទៅ​អេស្ប៉ាញ​របស់​គេ​មាន​ការ​យឺតយ៉ាវ។​

ឱកាស​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ Real គឺ​ក្នុង​ពាន​កម្ដៅ​សាច់ដុំ International Champions Cup ទល់​នឹង​ Manchester United នៅ​ទីក្រុង​ Miami ដោយ​កាលណោះ​រូប​គេ​លេង​នៅ​ដំណែង​របស់​ Cristiano Ronaldo។ Vinicius ហ្វឹកហាត់​ជាមួយ​ឈុត​ធំ​ជា​ប្រចាំ​ប៉ុន្តែ​លេង​​ជាមួយ​ក្រុម​យុវជន​ Castilla ដោយ​បង្ហាញ​ខ្លួន​៥​ប្រកួត​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់។​

ក្រោយ​មក​អតីត​អ្នក​ចាត់ការ​ឈុត​ធំ​ Julen Lopetegui បាន​ផ្ដល់​ឱកាស​ឲ្យ​គេ​លេង​ La Liga លើក​ដំបូង​ក្នុង​ជំនួប​ Madrid Derby ទល់​នឹង​ Atletico Madrid នៅ​ទឹកដី​ Bernabeu។​ ឱកាស​បន្ទាប់​ Vinicius បាន​លេង​ជម្រើស​ដំបូង​ពេល​ Real ប៉ះ​ Melilla ក្នុង​ពាន​ Copa del Rey។

យុវជន​មាន​ទេពកោសល្យ​ខាងលើ​​បាន​​លេង​បន្ត​បន្ទាប់​នៅ​ La Liga ដូចជា​ការ​ប៉ះ Valladolid និង​​ក្រោយ​មក​ បាន​ឈាន​ជើង​ជាន់​ស្មៅ​ Champions League ដំបូង​ក្នុង​ជំនួប​ Real យក​ឈ្នះ​ Viktoria Plzen ៥-០។ ​កាល​ពី​យប់​មិញ​រូប​គេ​ក៏​បាន​លេង​ទល់​នឹង​ CSKA Moscow ផង​ដែរ​តែ​រង​បរាជ័យ​ក្នុង​ទឹកដី ០-៣៕

អត្ថបទ៖ វីរ័ត្ន