៥ ឆ្នាំ​ចុង​ក្រោយ​នេះ ធនាគារ CIMB មាន​កំណើនប្រកបដោយស្ថិរភាព

  • 2018-12-14 07:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) បាន​ប្រារព្ធ​ពិធីថ្លែងអំណរគុណ ដល់​អតិថិជន​ធនាគារ នៅភោជនីយដ្ឋាន Topaz​ ដោយ​​ក្នុង​នោះ​ក៏​បាន​​បង្កើតនូវកម្មវិធីរីករាយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។

កម្មវិធីជួបជុំប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមានអតិថិជន Preferred ប្រមាណ ១០០នាក់ ក្រោមអធិបតីភាពប្រធាននាយកប្រតិបត្តិ (CEO) និងគណៈគ្រប់គ្រងមួយចំនួនរបស់ធនាគារ CIMB ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB ​បានបញ្ជាក់ពីរបាយការណ៍រីកចម្រើនរបស់ធនាគារ CIMB ដោយសង្ខេបថា ចាប់តាំងពីបើកដំណើរការក្នុងប្រទេសកម្ពុជាមក ធនាគារ CIMB បានរក្សានូវកំណើនប្រតិបត្តិការអាជីវកម្មយ៉ាងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្តែង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ នេះ ធនាគារ CIMB មានកំណើនលើទ្រព្យសកម្មជាមធ្យម ២៨% ក្នុងមួយឆ្នាំ កំណើនឥណទានជាមធ្យម ៣២% ក្នុងមួយឆ្នាំ កំណើនប្រាក់បញ្ញើជាមធ្យម ២៩% ក្នុងមួយឆ្នាំ និងកំណើនប្រាក់ចំណេញជាមធ្យម ៧៤% ក្នុងមួយឆ្នាំ។ តាមរយៈលទ្ធផលទាំងអស់នេះ បានបង្ហាញថា ធនាគារ CIMB មានកំណើនគួរជាទីមោទនៈ ប្រកបដោយស្ថេរភាព និងសុភវិនិច្ឆ័យ។

លោក ប៊ុន យីន បានអៈអាងថា សមិទ្ធិផលរបស់ធនាគារ CIMB គឺកើតចេញពីការគាំទ្ររបស់អតិថិជន ដែលមិនអាចប្រកែកបាន។ ដូច្នេះហើយធនាគារ CIMB នឹងបន្តខិតខំយកចិត្តទុកដាក់កែលម្អជានិច្ចនូវគុណភាពសេវាកម្មបម្រើអតិថិជន និងនាំយកផលិតផលធនាគារ ឲ្យកាន់តែប្រសើរឡើងផងដែរ។

ថ្ងៃអនាគត ធនាគារ CIMB នឹងផ្តោតសំខាន់លើការកែលម្អនូវបច្ចេកវិទ្យា លើរចនាសម្ព័ន្ធដូចដែលធនាគារតែងតែឮគេរំលឹកអំពីបដិវត្តន៏បច្ចេកវិទ្យាលើកទី៤។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិទ្យានឹងផ្លាស់ប្តូរអតិថិជន អំពីរបៀបផ្តល់សេវាកម្ម និងផលិតផលថ្មីរបស់ធនាគារ ជូនដល់អតិថិជន។ ដូច្នេះ ធនាគារនឹងខិតខំប្រែក្លាយខ្លួនឯង ទៅតាមបច្ចេកវិទ្យាថ្មី លើសាខាទាំង១៣របស់ធនាគារ៕

អត្ថបទ៖ សុខហេង