អស់បញ្ហា! កម្ចាត់ចៃលើក្បាលបានយ៉ាងងាយ ជាមួយវិធីបែបធម្មជាតិទាំងនេះ

  • 2018-12-15 02:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើតចៃលើក្បាល ជាបញ្ហាគួរឲ្យរំខានបំផុតមួយ។ ថាតើនរណាម្នាក់ចង់អេះក្បាលនៅតាមទីសាធារណៈ ឬសឹងតែគ្រប់ពេលនោះ? (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) មិនត្រឹមតែគួរឲ្យអាម៉ាសទេ ប៉ុន្តែការអេះយូរទៅក៏បណ្ដាលឲ្យឈឺចាប់ផងដែរ។ ចៃលើក្បាលអាចឆ្លងយ៉ាងងាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការដាក់ក្បាលជិតគ្នា, ពាក់មួក, ប្រើប្រាស់ក្រាសសិតសក់ និងកន្សែងរួមគ្នាជាដើម។ ផលិតផលកម្ចាត់ចៃភាគច្រើន គឺមានផ្ទុកសារធាតុគីមីដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសក់។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ចៃឲ្យអស់ពីក្បាលរបស់អ្នកបានយ៉ាងឆាប់រហ័សដោយមិនប៉ះពាល់ដល់សក់ ក៏ដូចជាសុខភាពទូទៅ ៖

១. ប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងអូលីវឲ្យពេញក្បាល ឬសក់ និងពាក់មួកផ្លាស្ទិកងូតទឹកឲ្យជិតក្បាលសម្រាប់រយៈពេលពេញមួយយប់។ ចៃមិនអាចរស់អត់ដង្ហើមបានច្រើនម៉ោងឡើយ! អនុវត្តឲ្យបានពេញមួយសប្តាហ៍។

២. អំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១/៤ ពែង ជាមួយទឹកខ្មេះ ១/៤ ពែង រួចកូរឲ្យសព្វចូលគ្នា។ ចាក់ចូលក្នុងដបមានក្បាលបាញ់ ហើយបាញ់ល្បាយនេះលើសក់ថ្នមៗ រហូតដល់សើមតិចៗ។ ពាក់មួកផ្លាស្ទិកងូតទឹក ហើយទុកចោលបែបនេះសម្រាប់រយៈពេល ២ ម៉ោង សឹមកក់សម្អាតសក់ចេញជាមួយសាប៊ូ និងប្រើក្រែមបន្ទន់។ អនុវត្តរៀងរាល់ ៣ ថ្ងៃម្ដង។

៣. ខ្ទឹមស

រូបមន្តនេះមិនសាកសមសម្រាប់ប្រើលើកូនក្មេងឡើយ! អ្វីដែលអ្នកត្រូវធ្វើ គឺកិនខ្ទឹមសប្រមាណពី ១០ ទៅ ១២ កំពឹសឲ្យក្លាយជាល្បាយខាប់ៗ រួចលាយក្រូចឆ្មារពី ២ ទៅ ៣ ដំណក់ចូល។ កូរឲ្យសព្វសឹមលាបល្បាយលើស្បែកក្បាល និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឲ្យបាន ១ សប្តាហ៍ពេញ រហូតដល់សក់អស់ចៃ និងពងចៃ។

៤.​ ទឹកខ្មេះផ្លែប៉ោម

រូបម​ន្តនេះតម្រូវឲ្យអ្នកលាងសម្អាតសក់ជាមួយទឹកខ្មេះផ្លែប៉ោម និងទុកចោលរហូតដល់ស្ងួត រួចប្រើប្រាស់ប្រេងដូងលាបឲ្យពេញសក់ ក៏ដូចជាស្បែកក្បាល។ បន្ទាប់មកយកមួកផ្លាស្ទិកពាក់ពេលងូតទឹកមកពាក់ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ៨ ម៉ោង សឹមកក់សក់ចេញជាមួយសាប៊ូ ហើយប្រើស្និតសិតឲ្យជ្រុះពងចៃ និងចៃ។

៥. ម៉ាយូណេស

អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកម៉ាយូណេសឲ្យពេញក្បាល និងសក់ ហើយពាក់មួកផ្លាស្ទិកងូតទឹកសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤​ ម៉ោង សឹមកក់សម្អាតសក់ជាមួយសាប៊ូ រួចសឹមប្រើស្និតសិតតាមក្រោយ។ អនុវត្តឡើងវិញមួយសប្តាហ៍ក្រោយ៕

ប្រភព ៖ health.com.kh