មក​ដឹង​ពី​ព្រឹត្តិការណ៍​​​និង​រឿងរ៉ាវ​របស់​​លោក​​យាយ​ងងឹត​ភ្នែក​ទាយ​ឆុត​អនាគត​ពិភពលោក ​​

  • 2018-12-16 07:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទស្សន៍ទាយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ពិភពលោក​របស់​លោក​យាយ​​​ពិការ​ភ្នែក​ Baba Vanga ជនជាតិ​ប៊ុលហ្គារី មាន​ដូចជា៖ ការ​វាយ​ប្រហារ​អាគារ​ភ្លោះ​របស់​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ​២០០១ ការ​ចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស ការ​​គំរាមកំហែង​ពិភពលោក​ដោយ​ក្រុម ISIS ជា​ដើម ​សុទ្ធ​តែ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត។ នេះ​បើ​តាម The Mirror។

Baba Vanga ជនជាតិ​ប៊ុលហ្គារី

មុន​ពេល​ដែល​លោក​យាយ​ស្លាប់​​ក្នុង​វ័យ​៨៥​ឆ្នាំ កាល​ពី​ឆ្នាំ​១៩៩៦ លោក​យាយ​បាន​ព្យាករណ៍​ព្រឹត្តិការណ៍​ពិភពលោក​ជា​ច្រើន​រួម​​នឹង​​គ្រោះ​ធម្មជាតិ​ផង​ដែរ ហើយ​អ្នក​ជំនាញ​​បាន​គណនា​ថា​៦៨%​​ការ​ទស្សន៍ទាយ​របស់​គាត់​បាន​ក្លាយ​ជា​ការ​ពិត បើ​ទោះ​ជា​លោក​យាយ​បាន​ស្លាប់​ទៅ​ជាង​២​ទសវត្ស​ហើយ​ក្តី។ ​

កាល​ពី​ឆ្នាំ ១៩៨៩ លោក​យាយ​បាន​ទាយ​ថា អាមេរិក​នឹង​ត្រូវ​វាយ​ប្រហារ​ដោយ​ "បក្សា​ស្លាប​ដែក​២"។ គាត់​និយាយ​ថា "រន្ធត់ រន្ធត់! បង​ប្អូន​អាមេរិក​២​នាក់​នឹង​ត្រូវ​ដួល​រលំ​ក្រោយ​ការ​វាយ​ប្រហារ។ ក្រុម​ចចក​នឹង​​ចេញ​រាតត្បាត ហើយ​ឈាម​​អ្នក​ដែល​គ្មាន​កំហុស​នឹង​​ហូរ​ស្រោច​ស្រព"។

កាល​ណោះ នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ​២០០១ ពួក​ភេរវករ​អាល់កៃដា​ប្រើ​យន្តហោះ​២​គ្រឿង​ដើម្បី​ហោះ​បំបុក​អាគារ​ពាណិជ្ជកម្ម​អាមេរិក​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់។

​​​​ការ​ទស្សន៍ទាយ​​​អនាគត​ផ្សេង​ទៀត​របស់​លោក​យាយ Baba Vanga

Donald Trump៖ លោក​យាយ Baba បាន​និយាយ​ថា​ប្រធានាធិបតី​​ទី​៤៥​​ (ដូណាល់ត្រាំ) នឹង​ជួប​វិបត្តិ ដែល​នឹង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ។

គាត់​បាន​ទាយ​ថា "មនុស្ស​គ្រប់​គ្នា​​នឹង​ផ្ញើ​ក្តី​សង្ឃឹម​លើ​រូប​គាត់ តែ​គ្រប់​យ៉ាង​ផ្ទុយ​ស្រឡះ គាត់​នឹង​​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចុះ ហើយ​ទំនាស់​រវាង​រដ្ឋ​ភាគ​ខាង​ជើង​និង​រដ្ឋ​ភាគ​ខាង​ត្បូង​នឹង​កើត​ឡើង"។ ប្រភព​​ខាង​លើ​បន្ថែម។

លើស​ពី​នោះ​ទៅ​ទៀត​ លោក​យាយ​បាន​និយាយ​ថា ប្រធានាធិបតី​ទី​៤៥​រូប​នោះ នឹង​​ធ្លាក់​ខ្លួន​ឈឺ​ដោយ​​ជម្ងឺ​ដ៏​អាថ៌កំបាំង ធ្វើ​ឲ្យ​លោក​ថ្លង់ និង ឈឺ​ក្បាល​រ៉ាំរ៉ៃ។

គាត់​ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រធានាធិបតី​ទី​៤៤​របស់​អាមេរិក គឺ​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ នោះ​គឺ​ Obama។

ពូទីន៖ លោក​យាយ​ក៏​បាន​​ទាយ​ថា ពូទីន នឹង​ត្រូវ​​បាន​គេ​ធ្វើ​ឃាត ហើយ​​អ្នក​ដែល​ធ្វើ​ឃាត​នោះ​ចេញ​ពី​ក្រុម​សន្តិសុខ​ផ្ទាល់​របស់​លោក​តែ​ម្តង ប៉ុន្តែ​លោក​យាយ​មិន​បាន​បញ្ជាក់​ទេ​ថា​តើ​​ប្រធានាធិបតី​រូប​នេះ​ស្លាប់​ឬ​អត់។

​ចិន ការ​ទស្សន៍ទាយ​ព្រឹត្តិការណ៍​ធំៗ​២​របស់​លោក​យាយ​ Baba ដែល​​នឹង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការប្រែប្រួល​ជា​រៀង​រហូត​នោះ​គឺ ទី​១​ចិន​នឹង​ក្លាយ​ទៅ​ជា​ "មហាអំណាច" បន្ត​វេន​ពី​អាមេរិក ទី២​​បើ​រស្ស៊ី​ចង់​ដឹកនាំ​ពិភពលោក ត្រូវ​រង់​ចាំ​សិន។

​កាល​ពី​២​ឆ្នាំ​មុន ក្រុម​អ្នកស្រាវជ្រាវ The Conference Board បាន​ព្យាករណ៍​ថា ឆ្នាំ​២០១៨ GDP របស់​ចិន​នឹង​វ៉ា​អាមេរិក។

ជាក់​ស្តែង​ឆ្នាំ ១៩៧០ សេដ្ឋកិច្ច​ប្រទេស​ចិន​តំណាង​ឲ្យ​តែ ៤,១% ប៉ុណ្ណោះ​​​ក្នុង​ចំណោម​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល ហើយ​បាន​កើន​ឡើង​ដល់ ១៥,៦% នៅ​ឆ្នាំ​២០១៥ នឹង​បន្ត​កើន​ឡើង​ទៀត។

អឺរ៉ុប ចន្លោះ​​ពី​ឆ្នាំ ២០៣៣ ដល់​ឆ្នាំ ២០៤៥ កាតឹប​ទឹកកក​នៅ​តំបន់​ប៉ូល​នឹង​រលាយ ធ្វើ​ឲ្យ​កម្ពស់​ទឹក​សមុទ្រ​នឹង​កើន​ឡើង។ ប៉ុន្តែ​អំឡុង​ពេល​នោះ​ផង​ដែរ មូស្ល៊ីម នឹង​​គ្រប់គ្រង​អឺរ៉ុប ហើយ​ក៏​ជា​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​ស្គាល់​ការ​រីក​ចម្រើន​ខ្លាំង។

​មនុស្ស​​ប្រើ​សរីរាង្គ​សិប្បនិម្មិត ការ​រីកចម្រើន​វិស័យ​វេជ្ជសាស្ត្រ​នឹង​អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​អាច​បង្កើត​សរីរាង្គ​សិប្បនិម្មិត​មក​ព្យាបាល​មនុស្ស​ ពោល​គឺ​​មនុស្ស​នឹង​ប្រើ​គ្រឿងបន្លាស់​ដូច​ឡាន​ម៉ូតូ។ ខូច​ត្រង់​ណា​ប្តូរ​ត្រង់​ហ្នឹង​ ប៉ុន្តែ​ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ថា​​ក្នុង​អំឡុង​ឆ្នាំ​ណា​ឲ្យ​ប្រាកដ​ទេ។

ម៉ាស៊ីន​ពេលវេលា យើង​ធ្លាប់​ឃើញ​ហើយ​នៅ​ក្នុង​ភាពយន្ត ប៉ុន្តែ​លោក​យាយ Baba បាន​សន្មត​ថា ចន្លោះ​ឆ្នាំ ២២៦២ ដល់ ២៣០៤ មនុស្ស​នឹង​អាច​បង្កើត​ម៉ាស៊ីន​ឆ្លង​ពេលវេលា។

អវសាន​ផែនដី

ការ​ទស្សន៍ទាយ​មួយ​ទៀត​ដែល​ពិបាក​នឹង​ជឿ គឺ​លោក​យាយ​បាន​និយាយ​ថា​ផែនដី​នឹង​ដល់​ទី​អវសាន​នៅ​ឆ្នាំ​ ៥០៧៩។

តើ​ Baba Vanga ជា​នរណា?

​Baba Vanga ជា​ជនជាតិ​ប៊ុលហ្គារី។ លោក​យាយ​ចាប់​ផ្តើម​ដឹង​ថា​​គាត់​មាន​អំណោយ​ពី​ធម្មជាតិ​នេះ​នៅ​ពេល​លោក​យាយ​មាន​អាយុ​១២​ឆ្នាំ។ ពេល​នោះ​មាន​ព្យុះ​មួយ​បាន​គួច​គាត់​យក​ទៅ​ទម្លាក់​ក្នុង​​វាល​ស្រែ។ នៅ​ពេល​ដែល​គាត់​ព្យាយាម​បើក​ភ្នែក ធូលី​បាន​ចូល​ពេញ​ភ្នែក​ ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ និង ចុងក្រោយ​ងងឹត​ភ្នែក​អស់​មួយ​ជីវិត។

ជា​ទារក​កើត​មិន​គ្រប់​ខែ មាន​បញ្ហា​សុខភាព Baba Vanga កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ ហើយ​ត្រូវ​មើល​ថែ​ប្អូនៗ​ ក្រោយ​មរណភាព​របស់​ម្តាយ និង ម្តាយ​ចុង ហើយ​ក្រោយ​មក​ឪពុក​របស់​លោក​យាយ​ក៏​ត្រូវ​​ចាប់​ខ្លួន​ក្រោយ​ចោទប្រកាន់​ថា​បាន​ចូលរួម​ចលនា​​គាំទ្រ​រដ្ឋាភិបាល​ប៊ុលហ្គារី។

ក្រោយ​មក គាត់​ចាប់​ផ្តើម​​ដឹង​ថា​​ខ្លួន​គាត់​មាន​វិញ្ញាណ​​ពិសេស​ខុស​ធម្មតា​ដូចជា៖ ក្នុង​យល់សប្ដិ លឺ​សម្លេង អាច​ឆ្លងឆ្លើយ​ជាមួយ​សាកសព និង រុក្ខជាតិ​ ហើយ​និង​​ចក្ខុ​ដែល​អាច​មើល​ឃើញ​ព្រឹត្តិការណ៍​ដែល​នឹង​កើត​ឡើង​ស្តែងៗ។

មនុស្ស​ជា​ច្រើន​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​ផ្ទះ​របស់​គាត់ ដើម្បី​ឲ្យ​​គាត់​ទស្សន៍ទាយ​។ លោក​យាយ​អាច​មើល​ឃើញ​​ខ្សែ​ជីវិត​មនុស្ស​ម្នាក់ៗ​​ដូច​ក្នុង​ខ្សែ​ភាពយន្ត តាំង​ពី​ពេល​ចាប់​កំណើត​រហូត​ដល់​ថ្ងៃ​ស្លាប់៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម