ក្រោយ​ឈ្នះ​តាមតំបន់ ជាង​សំណង់ឡើងមក​ប្រកួត​ដណ្ដើម​ជើងឯក​ក្នុង​វ​គ្គ​ផ្ដាច់​ព្រ័​ត្រនៅភ្នំពេញហើយ

  • 2018-12-17 04:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​នៅ​ថ្នាក់​តំបន់​រួចហើយ ជាង​សំណង់​ចំនួន ៣៤ នាក់​បាន​មក​ចូលរួម​ប្រកួត​គ្នា​ក្នុង​វ​គ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប​ណ្ដុះ​បណ្ដាល​ជាង​សំ​ណង់​របស់​ក្រុមហ៊ុន​អេស​ស៊ីជី (SCG) ដែល​ការ​ប្រកួត​នេះ​បាន​រៀប​ចំ​នៅក្នុង​រាជធានី​ភ្នំ​ពេញ ដើម្បី​ស្វែង​រក​កំពូ​លជាង​សំ​ណង់​ផ្នែក​បូក​ស៊ីម៉ង់ត៍ និង​ផ្នែក​ប្រក់​ដំបូល​។​

យោងតាម​ក្រុមហ៊ុន​អេស​ស៊ីជី កម្មវិធី​ប​ណ្ដុះ​បណ្ដាលជាង​សំ​ណង់​នេះ​ជា​សក្ខីកម្ម​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា និង​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន ដើម្បី​លើកកម្ពស់​ជំនាញ​របស់​ជាង​សំ​ណង់ និង​ជីវភាព​រស់នៅ​របស់​ប្រជា​ជន​នៅក្នុង​ប្រទេស និង​សហ​គមន៍​ដែល​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​។​​

ការ​ប​ណ្ដុះ​បណ្ដាល និង​ការ​ប្រកួត​ជាង​សំណង់​នេះ បាន​យក​ផលិតផល​សំណង់​គុណភាព​ខ្ពស់​ទាន់​ស​ម័​យ​របស់​ក្រុមហ៊ុន​អេស​ស៊ី​ជី មកប្រើប្រាស់ ដែល​មាន​ដូចជា​ស៊ីម៉ង់ត៍ ខេ​-​ស៊ី​មេន និង​ក្បឿង​អេស​ស៊ីជី​ជាដើម​។

លោក ស៊ុម​វ៉ាង ម៉ាន់​ពីមុន​ឆៃ (Somwang Manpimonchai) នាយក​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​៖ “​ម៉ាក​យីហោ អេស​ស៊ីជី​គឺជា​ម៉ាក​យីហោ​ដែល​មាន​ការទុកចិត្ត​។ យើង​បានឈ្នះ​នូ​វ​ពាន​រ​ង្វាន់​ផ្សេងៗ​ចំពោះ​ទំនុ​ក​ចិត្ត​របស់​អតិ​ថិ​ជន​មក​លើ​ផលិតផល​របស់​យើង ដូច្នេះ តាម​រយៈ​កម្មវិធី​ប​ណ្ដុះ​បណ្ដាល និង​ការ​ប្រកួត​នេះ យើង​សង្ឃឹមថា ជាង​សំណង់​ដែលបាន​ឆ្លងកាត់​ការ​ប​ណ្ដុះ​បណ្ដាល ផ្នែក​បូក​ស៊ីម៉ង់ត៍ និង​ប្រក់​ដំបូល កំពុងតែ​ទទួលបាន​ផល​ប្រយោជន៍​តាម​រយៈ​ទំ​នាក់​ទំ​នង​របស់​ពួកគេ​ជាមួយនឹង​ម៉ាក​យីហោ​អេស​ស៊ីជី និង​ទទួលបាន​ទំនុកចិត្ត​ចំ​ពោះ​ស្នាដៃ​របស់​គេ​ផងដែរ​”​។​

តាម​រយៈ​ការគាំទ្រ​ពី​ក្រសួង​ការងារ និង​ប​ណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ វ​គ្គប​ណ្ដុះ​បណ្ដាល និង​ការ​ប្រកួត​ជាង​សំណង់​នេះមាន​បំ​ណង​លើកកម្ពស់​ជំ​នា​ញ និង​ប្រាក់​ចំណូល​របស់​ជាង​សំ​ណង់ លើកកម្ពស់​គុណភាព​រ​បស់​សំណង់ ក៏ដូចជា​រួម​ចំណែក​ដល់​ការ​អភិ​វ​ឌ្ឍ​ន៍​វិ​ស័​យ​សំ​ណង់​។​

នៅ​ថ្ងៃ​នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​ក្រសួង​ការងារ និង​ប​ណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៃ​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការ​រៀបចំ​ការ​ប្រកួត​សំ​ណង់​ទូទាំង​ប្រទេស ដែល​ប្រព្រឹត្តិ​ទៅ​នា​ឆ្នាំ​នេះ ដើម្បី​ជា​ការបង្កើន​ជំនាញ​របស់​ជាង​សំ​ណង់ និង​លើកកម្ពស់​គុណភាព​ផ្នែក​សំណង់ ក៏ដូចជា​អភិ​វ​ឌ្ឍ​ន៍​ឧស្សាហកម្ម​សំ​ណង់​ជារួម​ផងដែរ​។​

ការ​ប្រកួត​ជ​ម្រុះ​នៅតាម​ខេត្តសម្រាប់​ផ្នែក​បូក​ស៊ីម៉ង់ត៍​នឹង​ត្រូវបាន​ធ្វើឡើង​ នៅតាម​ទី​រួម​ខេត្ត​សំ​ខាន់ៗ​ទូទាំង​ប្រទេស ហើយ​អ្នកឈ្នះ​ក្នុង​វ​គ្គ​ជម្រុះ​នោះ នឹង​ចូលរួម​ក្នុងការ​ប្រកួត​ចុងក្រោយ ដែល​រៀបចំ​ដោយ SCG ក្នុង​រាជធានី​ភ្នំពេញ នៅ​ចុងឆ្នាំ​នេះ​ផងដែរ​។ ចំណែកឯការ​ប្រកួត​ផ្នែក​ប្រក់​ដំ​បូល​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំ​ពេញ នៅ​ខែធ្នូ ឆ្នាំ ២០១៨ នេះ​។ ​

សិក្ខាកាម​ដែល​ចូលរួម នឹង​ទទួលបាន​វិញ្ញាប​នប័​ត្រ​បញ្ជាក់​ការ​ប​ណ្ដុះ​បណ្ដាល​ពី​គ​ម្រោ​ង​នេះ ខណៈដែល​ជយលាភី​ចុងក្រោយ​នឹង​ទទួលបាន​រ​ង្វាន់​ជា​សាច់ប្រាក់​ចំ​នួន ២ លាន​រៀល និង​អាច​ចូលរួម​ដំណើរ​ទស្សនកិច្ច​អប់​រំ ទៅកាន់​ប្រទេស​ថៃ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន SCG ផងដែរ​។

ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អប់​រំ ប​ណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ បាន​ស្វា​គមន៍​ចំពោះ​គំនិ​ត​ផ្ដួចផ្ដើម​របស់​ក្រុមហ៊ុន SCG ។​

ឯកឧត្តម បាន​មាន​ប្រសាសន៍ថា​៖ “​គោល​បំណង​នៃ​ការ​ប្រកួតប្រជែង​ជំ​នា​ញ​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​ជាង​សំណង់​ក្នុងការ​អភិ​វ​ឌ្ឍ​ន៍​ជំ​នា​ញ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ឈានដល់​កម្រិត​អន្តរជាតិ តាម​រយៈ​ការ​ប្រកួតប្រជែង​ជំនាញ​ដោយ​ប្រើប្រាស់​នូ​វ​ចំ​ណេះ​ដឹង ជំនាញ​ពី​ការ​ប​ណ្តុះ​បណ្តាល និង​បទពិសោធន៍​តាម​ការដ្ឋាន​”​៕

អត្ថបទ៖ ថា ម៉ាលីដា