ប្រកែក​គ្នា​ជិត​មួយ​ជីវិត​ហើយ តើ​អាហារ​កំប៉ុង​ល្អ ឬ​អាក្រក់​សម្រាប់​សុខភាព?

  • 2018-12-18 08:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើសរើស​យក​អាហារ​កំប៉ុង​មក​ទទួលទាន ទំនង​ជា​វិធីសាស្ត្រ​ដ៏​ងាយ​ស្រួល និង​ឆាប់​រហ័ស​មួយ​ដើម្បី​ឲ្យ​អ្នក​បំពេញ​ក្រពះ ជា​មួយ​ការ​ចំណាយ​តិច។ ជា​យូរយារ​ណាស់​មក មនុស្ស​គ្រប់​គ្នា​បាន​លើកឡើង​ពី​​ផល​ប៉ះពាល់​​របស់​​​អាហារ​កំប៉ុង តាម​ទ្រឹស្ដី​​របស់​វេជ្ជបណ្ឌិត​នេះ ឬ​​​​​ការ​ស្រាវជ្រាវ​​​របស់​គ្រឹះស្ថាន​នោះ។ តើ​ការ​ពិត អាហារ​កំប៉ុង​ពិត​ជា​អាក្រក់​មែន ឬ​មាន​កត្តា​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​វា​មាន​បញ្ហា?

អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​លើក​ឡើង​ថា មាន​ប្រភេទ​អាហារ​កំប៉ុង​មួយ​ចំនួន​ដូចជា ប៉េងប៉ោះ សណ្ដែក ល្ពៅ និង​ត្រី​ធូណា ពិត​ជា​មាន​សុវត្ថិភាព ហើយ​ល្អ​ខ្លាំង​​​ចំពោះ​សុខភាព។ ម្យ៉ាង​វា​អាច​រក្សា​គុណភាព​បាន​យូរ ដូច្នេះ​វា​​ចំណេញ​ខ្លាំង​សម្រាប់​អ្នក​ប្រើប្រាស់។

អ្នក​ខ្លះ​យល់​ថា អាហារ​ដែល​គេ​កែ​ច្នៃ​ហើយ​យក​ទៅ​ច្រក​ចូល​កំប៉ុង​នេះ​បាន​​បាត់​បង់ ឬ​​ថយ​ចុះ​ជីវជាតិ។ ផ្ទុយ​ទៅ​វិញ​ ការ​បក​ស្រាយ​របស់​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ការ​កែច្នៃ​​ដោយ​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត មិន​បាន​​ប៉ះពាល់​ដល់​គុណភាព​របស់​ជាតិ​ប្រូតេអ៊ីន កាបូន​អ៊ីដ្រាត ជាតិ​ខ្លាញ់ ឬ​ជាតិ​រ៉ែ​ និង​វីតាមីន ដែល​មាន​ស្រាប់​ពី​ធម្មជាតិ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ជីវជាតិ​ទាំង​នោះ​អាច​នឹង​បាត់​បង់​ខ្លះ ព្រោះ​ការ​ផ្សាំ​អាហារ​មុន​យក​ទៅ​ច្រក​កំប៉ុង ​គឺ​តម្រូវ​ឲ្យ​ប្រើប្រាស់​សីតុណ្ហភាព​កម្ដៅ​ខ្ពស់ ហើយ​ជាតិ​វីតាមីន​មួយ​ចំនួន​ដូចជា C និង B អាច​ត្រូវ​បាន​បំផ្លាញ ដោយ​សារ​វា​រលាយ​ទៅ​ក្នុង​ទឹក។

មែន​ទែន​ទៅ អាហារ​ដែល​នៅ​ក្នុង​កំប៉ុង​មិន​មែន​ជា​បញ្ហា​ធំ​ទេ តែ​កំប៉ុង​ដែល​យក​មក​វេច​ខ្ចប់​ទៅ​វិញ​ទេ ដែល​ជា​ហានិភ័យ​ធំ​ដល់​សុខភាព។ ត្បិត​អី​ កំប៉ុង​ដែល​គេ​ប្រើ​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​​ម្យ៉ាង​ហៅ​ថា BPA។ សារធាតុ​គីមី​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អ័រម៉ូន​មួយ​ចំនួន និង​បង្កើន​សម្ពាធ​ឈាម ឬ​ប្រឈម​នឹង​ជំងឺ​មហារីក​ជា​ដើម។ ដូច្នេះ​ហើយ​ ទើប​អ្នក​ជំនាញ​ទូន្មាន​ថា ត្រូវ​ប្រយ័ត្ន​កុំ​​ឲ្យ​កំប៉ុង​កំប៉ិត ឬ​ខូច​ទ្រង់ទ្រាយ ព្រោះ​ថា​ពេល​​កំប៉ុង​មាន​ការ​ខូច​ខាត ជាតិ BPA នឹង​​ហូរ​ចូល​ទៅ​ក្នុង​អាហារ និង​ភេសជ្ជៈ​មិន​ខាន។

ជា​មួយ​គ្នា​នេះ អ្នក​ជំនាញ​បាន​ដាក់​ការ​សង្ស័យ​ថា សារជាតិ​ BPA ​អាច​បង្ក​ជា​ការ​ប៉ះ​ពាល់​ដល់​ អ័រម៉ូន​ភេទ ដែល​នឹង​បណ្ដាល​ឲ្យ​មនុស្ស​ផ្លាស់​ប្តូរ​ចំណាប់​អារម្មណ៍​ផ្លូវ​ភេទ ​ប៉ះ​ពាល់​ដល់​ការ​បន្ត​ពូជ និង​ខួរ​ក្បាល​ជា​ដើម។

មាន​ភស្តុតាង​ជាក់​លាក់​ជា​ច្រើន​តែ​បញ្ជាក់​ថា BPA អាច​រំខាន​ដល់​ប្រព័ន្ធ​ខួរ​ក្បាល និង​អ័រម៉ូន។ ការ​សិក្សា​​នៅ Clinical Endocrinology ក្នុង​ឆ្នាំ​ ២០១៦ បាន​​រក​ឃើញ​ថា BPA មាន​ការ​ទាក់ទង​គ្នា​នៅ​នឹង​អ័រម៉ូន​​អាំងស៊ុយលីន ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឆាប់​ធាត់។ ឯ​នៅ​ឆ្នាំ ២០១៧ ការ​ពិសោធន៍​លើ​សត្វ​កណ្ដុរ​បាន​ហុច​លទ្ធផល​ថា BPA អាច​មាន​ការ​ប៉ះពាល់​បន្តិច​បន្តួច​ទៅ​លើ​អ្នក​មាន​ផ្ទៃ​ពោះ និង​ធ្វើ​​​អ័រម៉ូន​ឃ្លាន(Ghrelin) មាន​ការ​ប្រែប្រួល។ មាន​ន័យ​ថា វា​ប៉ះពាល់​ទៅ​ដល់​សមត្ថភាព​ខួរ​ក្បាល និង​ការ​គិត​ ដូច្នេះ​​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ខុស​ប្រក្រតី។ ការ​សិក្សា​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ដែរ​ថា ជាតិ​គីមី​នេះ អាច​បង្ក​ឲ្យ​មាន​បញ្ហា​មហារីក​សុដន់ ការ​បន្ត​ពូជ និង​ការ​រំលាយ​អាហារ​ជា​ដើម​៕

អត្ថបទ៖ សុខណា