ជា​តារាភាពយន្ត តែ អ៊ឹង និមល រក​ប្រាក់​ពី​ច្រៀង​បាន​ច្រើន​ជាង​សម្ដែង ទៅ​ទៀត

  • 2018-12-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ភាព​ល្បីល្បាញ ​កញ្ញា អ៊ឹង និមល​ ​ត្រូវ​មហាជន​ស្គាល់​តាម​រយៈ​ការ​សម្ដែង ​និង​ម៉ូ​ដែល ​ប៉ុន្តែ​បើ​និយាយ​ពី​ប្រាក់​ចំណូល​វិញ ប្អូន​ស្រី​របស់​នាយ​ ទុយ ​បែរ​ជា​រក​បាន​ច្រើន​ពី​ការ​ច្រៀង​ទៅ​វិញ។ តារា​ស្រី​កម្ពស់​ខ្ពស់​ រូប​នេះ ​ប្រាប់​ថា ​​ចម្រៀង​អាច​ធ្វើ​ឲ្យ​ខ្លួន​រក​បាន​ច្រើន​ ឆ្ងាយ​ជាង​សម្ដែង​ទៅ​ទៀត បើ​ទោះ​និមល ​មិន​មែន​ជា​តារា​ចម្រៀង​កំពូល​ ក៏​ដោយ។ ​

យ៉ាងនេះក្តី តារាម៉ូដែលវិវត្តជាតារាសម្តែងរូបនេះ មិនបញ្ជាក់ថា រកបានច្រើនប៉ុន្មាននោះទេ ។ តែក្នុង​មួយ​ខែ​ៗ ​ជា​ធម្មតា ​ស្រី​ស្អាត​ចង្កេះ​មួយ​ក្ដាប់​ ​អាច​រក​ចំណូល​បាន​ខ្ទង់ពាន់​ដុល្លារ ដោយ​ភាគ​ច្រើន​ច្រៀង​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ ​និមល​អាច​រក​កម្រៃ​បាន​កាន់​តែ​ច្រើន​ ផង​ដែរ។ ក្រៅ​ពី​នេះ ​និមល​ថា ​នឹង​ត្រៀម​ចេញ​បទ​ចម្រៀង​ Original Song អត្ថន័យ​ចាក់​ដោត ​សម្រាប់​ទស្សនិកជន ​ឆាប់​ៗ​នេះ​ទៀត​ផង។

ពិធី​កា​រី​នី ​រូប​នេះ ​បន្ត​ថា ​ពេល​ខ្លះ​មាន​ផលិតករ​ជា​ច្រើន​ទាក់​ទង​មក​ឲ្យ​សម្ដែង ​ប៉ុន្តែ​ដោយសារ​មិន​សូវ​មាន​ពេល​វេលា ហើយ​ណា​មួយ​គិត​ថា​ អំឡុង​ខែ​នេះ ​បើ​ទទួល​សម្ដែង​អាច​ខាត ​ដូច្នេះ​នាង​ចង់​ទទួល​ចម្រៀង​លើ​ឆាក​តន្ត្រី​ច្រើន​ជាង។

សម្រាប់​ស្រី​ស្អាត​ទម្រង់​មុខ V បង្ហើប​ថា ទាំង​សម្ដែង ​និង​ច្រៀង ​គឺ​ស្រលាញ់​ដូច​គ្នា ​និយាយ​ទៅ​ឲ្យ​តែ​ថា​ការងារ​ទាក់​ទង​នឹង​សិល្បៈ និមល​ពិត​ជា​ពេញចិត្ត​ធ្វើ​ខ្លាំង​ណាស់។ ​​ប៉ុន្តែ​ពេល​ខ្លះ ​ពេលវេលា​មិន​សូវ​អំណោយ​ផល ទើប​មិន​សូវ​បាន​ទទួល​ការ​សម្ដែង​ឲ្យ​បាន​ច្រើន។

ទោះ​ជា​យ៉ាង​ណា ​​អ៊ឹង និមល ​កំពុង​លៃ​លក​ពេល​វេលា ​ដើម្បី​អាច​ឆ្លៀត​បង្ហាញ​ទេពកោសល្យ ​ជូន​ទស្សនិកជន​គ្រប់​ទម្រង់​សិល្បៈ ​ដើម្បី​បំពេ​អារម្មណ៍​អ្នក​គាំ​ទ្រ ​ឲ្យ​សប្បាយ​រីករាយ៕​​​​​​​

អត្ថបទ៖ លឹម សុនា