អ្នកតា៤ កន្លែងនៅកម្ពុជា ពូកែស័ក្ដិសិទ្ធិបំផុត ល្បីថា អ្នកអត់មានកូនទៅបន់ភ្លាមបានភ្លែត

  • 2018-12-19 02:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អប្បិយ​ជំនឿ​តែង​ផ្សារ​ភ្ជាប់​ជាមួយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាំង​ពី​ដើម​រៀង​មក។ ការ​បន់​ស្រន់​នៅ​តែ​ជា​រឿង​ដែល​ប្រជាជន​តែង​ធ្វើ​ដូចជា ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ងាយ អ្នក​ខ្លះ​ទៀត​បន់​ស្រន់​បួង​សង្រួម​ ពេល​មាន​ហេតុការណ៍​ផ្សេងៗ ខ្លះ​ទៀត​បន់​ឲ្យ​កូន​ចៅ​សុខ​សប្បាយ​ជាដើម។ ដោយ​មាន​ជំនឿ​ការ​បែរបន់​បែប​នេះ​ហើយ ទើប​គេ​សង្កេត​ឃើញ​ថា មាន​ទី​សក្ការ​បូជា​ជា​ច្រើន បាន​សង់​ឡើង​ដើម្បី​បន់​ស្រន់​គោរព​បូជា។

ខាង​ក្រោម​នេះ ជា​អ្នក​តា និង​ព្រះអង្គ​៤​កន្លែង ល្បី​ពូកែ​ស័ក្ដិសិទ្ធិ​ណាស់​បន់​អ្វី​ក៏​សម្រេច​ដូច​បំណង៖ ​

១. លោកតា​ម្ចាស់​ភ្នំ​លាក់ខ្លួន

អ្នក​មាន​ជំនឿ​លើ​ព្រហ្មញ្ញសាសនា នៅ​ពេល​បាន​ទៅ​ដល់​ភ្នំ​គូលេន​ គឺ​មិនសូវ​រំលង​បន់ស្រន់​ពី​លោកតា​ម្ចាស់​ភ្នំ​លាក់ខ្លួន ព្រោះ​អ្នក​បន់​ភាគច្រើន​សម្រេច​បាន​ដូច​ក្ដី​ប្រាថ្នា។ ភ្នំគូលេន ស្ថិត នៅ ក្នុង ស្រុកស្វាយលើ និង ស្រុកវ៉ារិន ចម្ងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និង​ប្រហែល ២៥គីឡូម៉ែត្រពី​ប្រាសាទ​បន្ទាយស្រី។

លោក លេង ពិសិដ្ឋ អ្នក​នាំ​ភ្ញៀវ​នៅ​ភ្នំ​គូលេន បាន​ប្រាប់​ថា ភ្ញៀវ​ទេសចរ​ជាតិ​ និង អន្តរជាតិ​ ដែល​បាន​មក​ដល់​ភ្នំ​គូលេន តែងតែ​មក​បន់ស្រន់​នៅ​ព្រះអង្គ​ធំ និង លោកតា​ម្ចាស់​ភ្នំ​លាក់ខ្លួន ហើយ​អ្នក​បួងសួង​ភាគច្រើន​តែង​បាន​សម្រេច។ "អ្នក​ខ្លះ​បន់​បាន​កូន គឺ​បាន​ដូច​បំណង ហើយ​គេ​ត្រឡប់​មក​វិញ​លេង​ភ្លេង​ខ្មែរ​ថ្វាយ​លោកតា។ ខ្លះ​បន់​រកស៊ី​មាន​បាន និង ខ្លះ​បន់​ប្រឡង​ជាប់​សុទ្ធតែ​សម្រេច"។

ដោយ​ការ​ប្រាថ្នា​តែងតែ​បាន​សម្រេច​ដូច្នេះ​ហើយ​មនុស្ស​គ្រប់​គ្នា​តែងតែ​មក​អុច​ធូប​ទាន​បន់ស្រន់​លោកតា។ ម៉្លោះ​ហើយ​អ្នក​ដែល​មិន​បាន​បួងសួង​ប្រាកដ​ជា​ស្ដាយ​ ព្រោះ​លោកតា​ម្ចាស់​ភ្នំ​ពិត​ជា​ស័ក្ដិសិទ្ធិ ប្រចាំ​នៅ​លើ​ភ្នំ​គូលេន។

២.លោកតា ព្រះភក្រ្ត​៨

លោក ហ៊ុន វិចិត្រ ប្រជាពលរដ្ឋ​នៅ​ជើង​ភ្នំ​ប្រាសាទ​តាមាន់ ស្ថិត​នៅ​ភូមិ​តាមាន់​សែន​ជ័យ ឃុំ​គោកមន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​ បាន​ប្រាប់​ ថា អ្នកស្រុក​ក្ដី ភ្ញៀវ​ទេសចរណ៍​ក្ដី កង​ទ័ព​ក្ដី​សុទ្ធតែ​ជឿ​លើ​លោកតា ព្រះភក្រ្ត​៨ ព្រោះ​បន់ស្រន់​អ្វី​តែង​បាន​សម្រេច។

លោក ហ៊ុន វិចិត្រ បាន​និយាយ​ថា ប្រជាពលរដ្ឋ​មិន​ថា​ជិត​ឆ្ងាយ​តែងតែ​មក​បន់​ស្រន់​ ហើយ​ខ្លះ​បាន​មក​បន់ស្រន់​សុំ​កូន​ក៏​សម្រេច​តាម​សេចក្ដី​ប្រាថ្នា​ផងដែរ។ "អ្នក​ជិត​ខាង​ក្បែរៗ​នេះ បាន​មក​សុំ​កូន​ ហើយ​បាន​សម្រេច"។

ប្រាសាទ​តា​មាន់​ស្ថិត​នៅ​ក្នុង​ភូមិ​សែន​ជ័យ ឃុំ​គោកមន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ មាន​ចម្ងាយ​ប្រមាណ​ជា ៨៥ គីឡូម៉ែត្រ ពី​ទីរួម​ខេត្ត។

៣. ទី​សក្ការបូជា​ពុទ្ធ​មាតា

ទី​សក្ការបូជា​ពុទ្ធ​មាតា ស្ថិត​នៅ​ក្នុង​វត្ត​ភ្នំបាក់ត្រា​លើ ល្បី​ស័ក្ដិសិទ្ធិ​បន់ស្រន់​បាន​ដូច​បំណង​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ មក​​បណ្ដា​ខេត្ត​ជិត​ ឆ្ងាយ​ រហូត​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​មក​បន់ស្រន់​ក៏​មាន។ ទី​សក្ការបូជា​នេះ​ ស្ថិត​នៅ​ភូមិ​បាក់ត្រា​ ឃុំ​ព្រងិល​ ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់។

ព្រះ​តេជគុណ​ សង្ឃរតោ​ ទេព សុផល ជា​ព្រះចៅ​អធិការ​វត្ត​ភ្នំ​បាក់ត្រា​លើ មាន​សង្ឃដីកា​ថា  មាន​មនុស្ស​ជាច្រើន​មក​ពី​បណ្ដា​ខេត្ត​ជិត​ ឆ្ងាយ រួម​ទាំង​​អ្នក​ក្រៅ​ប្រទេស​មក​បន់ស្រន់​ភាគច្រើន​បាន​សម្រេច​តាម​ក្ដី​ប្រាថ្នា។ ប្រាថ្នា​ភាគច្រើន​សុំ​រកស៊ី​មាន​បាន និង ចង់​បាន​កូន ហើយ​មាន​ពុទ្ធបរិស័ទ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​បន់​ចង់​បាន​កូន​សម្រេច​ដូច​ប្រាថ្នា។

៤.បារមី​ព្រះ​អង្គ​ខ្មៅ​នៅ​លើ​ភ្នំ​តូច​

បារមី​ព្រះ​អង្គ​ខ្មៅ​នៅ​លើ​ភ្នំ​តូច​ ស្ថិត​នៅ​ឃុំ​ភ្នំតូច ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជឿ​លើ​ការ​បន់ស្រន់​ជា​រឿយ​ៗ។ ​អ្នក​ភូមិ​មាន​រឿង​ក្ដី​​ អយុត្តិធម៌ នឹង​មក​ស្បថ​ឲ្យ​ព្រះ​អង្គ​ជួយ​រក​យុត្តិធម៌​ ​ហើយ​បើ​អ្នក​ស្បថ​បំពាន​នឹង​កាច់​ភ្លាម​ខ្លះ​វង្វេងវង្វាន់​ ​ខ្លះ​រហូត​បាត់​បង់​ជីវិត​ក៏​មាន។

លោក ជុំ ប្រជាពលរដ្ឋ​រស់​នៅ​ជើង​ភ្នំ​តូច ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី និយាយ​ថា អ្នកស្រុក​មង្គល​បុរី​តែង​មាន​ជំនឿ​លើ​ព្រះ​អង្គ​ខ្មៅ នៅ​សាលាឆាន់​លើ​ភ្នំ ព្រោះ​ព្រះ​អង្គ​ស័ក្ដិសិទ្ធិ​ណាស់។ ​គ្រប់គ្នា​បន់ស្រន់​ភាគច្រើន​ទទួល​បាន​ជោគជ័យ ហើយ​បាន​មក​លាបំណន់​វិញ។ តែ​បើ​មិន​លាបំណន់​​ទេ​គឺ​អាច​នឹង​មាន​បញ្ហា​វិញ​ ហើយ​អ្នក​ខ្លះ​ឈ្លោះ​គ្នា ឬ​សង្ស័យ​អំពី​ការ​លួច​ទ្រព្យ​ ឬ​មិន​ទុក​ចិត្ត​គ្នា​ជាដើម​ ​ក៏​មក​ធ្វើ​​ពិធី​ស្បថស្បែ​ដែរ។

រមណីយដ្ឋាន​ភ្នំតូច​គឺជា​ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​ដែល​អ្នក​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មានជ័យ​បាន​ចាត់​ទុក​​ជា​កន្លែង​គោរព​បូជា​បម្រើ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ ដោយ​នៅ​លើ​ភ្នំ​មាន​វត្តអារាម និង​ជា​ទីតាំង​ស្ងប់ស្ងាត់​សម្រាប់​​ឲ្យ​តាជី ដូនជី ឡើង​ទៅ​ធ្វើ​សមាធិ​តាំង​អារម្មណ៍​រៀន​ធម៌៕

អត្ថបទ៖ វឌ្ឍនៈ