អាមេរិកចាប់ផ្ដើមដកទ័ពចេញពីស៊ីរី ក្រោយកម្ទេចក្រុមរដ្ឋអ៊ីស្លាមបានសម្រេច

  • 2018-12-20 03:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ប្រកាស​ថា​កងទ័ព​របស់​អាមេរិក​កំពុង​ដក​ខ្លួន​បណ្ដើរ​ៗ​ហើយ​ចេញ​ពី​ប្រទេស​ស៊ីរី ក្រោយ​ពេល​ប្រធានាធិបតី​ដូណាល់ ត្រាំ​អះអាង​ថា​កម្ទេច​ក្រុម​រដ្ឋអ៊ីស្លាម​បាន​សម្រេច។

យោង​តាម​មន្ទីរ​បញ្ចកោណ​ឲ្យ​ដឹង​ថា កងទ័ព​អាមេរិក​កំពុង​ផ្លាស់​ប្ដូរ​ទៅ​កាន់​ដំណាក់​កាល​មួយ​ទៀត​នៃ​យុទ្ធ​នាការ​របស់​ខ្លួន។ ប៉ុន្តែ​ប្រភព​មិន​បាន​ផ្ដល់​ព័ត៌មាន​​ជាក់​លាក់​ណា​មួយ​ពាក់ព័ន្ធ​នឹង​ជំហាន​ថ្មី​នោះ​ទេ​ក្រោម​ហេតុផល​ដើម្បី​ការពារ​កង​កម្លាំង​របស់​ខ្លួន និង​បញ្ហា​សុវត្ថិភាព​នៃ​ប្រតិបត្តិការ​ទាំង​មូល។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ដក​ទ័ព​របស់​អាមេរិក បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ក្រុម​រដ្ឋ​អ៊ីស្លាម​អាច​នឹង​ងើប​ឡើង​វិញ ឬ​បន្ដ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ស៊ីរី​រហូត​ដល់​រុស្ស៊ី និង​អ៊ីរ៉ង់។

ប៉ុន្តែ​ខាង​សេតវិមាន​អះ​អាង​ថា "សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន បាន​ត្រៀម​ខ្លួន​រួច​ជានិច្ច​ដើម្បី​ចូល​រួម​ការ​ពារ​ផល​ប្រយោជន៍​របស់​អាមេរិក​នៅ​ពេល​ណា​ដែល​ចាំ​បាច់ ហើយ​យើង​នឹង​បន្ដ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រឆាំង​នឹង​ដែនដី​ភេរវករ​អ៊ីស្លាម និង​មធ្យោបាយ​នានា​ដែល​ប៉ះ​ពាល់​ព្រំដែន​របស់​យើង។"

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ក៏​បាន​បង្ហោះ​សារ​មួយ​ក្នុង​គណនី Twitter ផ្ទាល់​ខ្លួន​ផង​ដែរ​ដោយ​សរសេរ​ថា "ក្រោយ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​លើ​ក្រុម​រដ្ឋអ៊ីស្លាម វា​គួរ​តែ​ដល់​ពេល​ហើយ​សម្រាប់​នាំ​មនុស្ស​វ័យ​ក្មេង​ដ៏​អស្ចារ្យ (កងទ័ព) របស់​យើង​ត្រលប់​មក​ផ្ទះ​វិញ"៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន