សហព័ន្ធ​កីឡា​មួយ​ចំនួន​អាច​នឹង​មិន​មាន​មុខ​ក្នុង​ស៊ីហ្គេម​ ២០២៣​ ព្រោះ​ហេតុផល​នេះ​...

  • 2018-12-20 03:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សម្រាប់​សហព័ន្ធ​ណា​ដែល​មិន​អាច​ធ្វើ​តាម​ផែនការ​ ក៏​ដូច​ជា​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់​ជូន​ ជា​ពិសេស​បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​សិក្សា​ពី​គ្រូ​ជំនាញ​កីឡា​កម្រិត​ខ្ពស់​មក​ពី​អាល្លឺម៉ង់​ អាច​នឹង​ត្រូវ​ដាក់​ឲ្យ​មាន​ក្នុង​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ។​

រូបភាពពេលរៀន

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដី​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់​ ដែល​កំពុង​សិក្សា​រាល់ថ្ងៃ​នេះ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដល់​សហព័ន្ធ​នានា​ក្នុង​ការ​អនុវត្ត​ខ្លួន​ឲ្យ​ទទួល​បាន​គុណភាព​ និង​ជោគជ័យ។​

ថ្នាក់​ដឹកនាំ​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ វគ្គ​សិក្សា​នេះ​ផ្ដោត​សំខាន់ ​យុទ្ធសាស្ត្រ​កីឡា​តែ​ម្ដង​ ធ្វើ​ឲ្យ​សហព័ន្ធ​ ឬ​អ្នក​កីឡា​ត្រៀម​ខ្លួន​យ៉ាង​ណា​ទើប​អាច​ចូលរួម​ក្នុង​ព្រឹត្តិការ​ធំៗ​បាន​ ឬ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កម្មវិធី​ទាំង​នោះ។

រូបភាព NOCC

​ក្នុង​វគ្គ​សិក្សា​នេះ​បាន​បង្រៀន​លើ​៣ជំនាញ​ធំៗ៖​

ទី១​ ការ​កំណត់​ទេពកោសល្យ​របស់​មនុស្ស​ គឺ​នឹង​បង្ហាញ​ចេញ​ពី​របៀប​នៃ​ការ​ជ្រើសរើស​កីឡាករ​ដែល​មាន​ទេពកោសល្យ​ មាន​សមត្ថភាព​ ដែល​មាន​លក្ខណៈ​សម្បត្តិ​បែប​ណា​ដើម្បី​ជំរុញ​ឲ្យ​ដល់​ចំណុច​កំពូល​ដែល​អាច​ស្វែង​រក​មេដាយ​បាន។​

ទី២ ​យុទ្ធសាស្ត្រ​រៀបចំ​កម្លាំង​កាយ ​ព្រោះ​បច្ចុប្បន្ន​មើល​ឃើញ​ថា​សហព័ន្ធ​ ឬ​គ្រូ​នានា​នៅ​មាន​កម្រិត​នៃ​ការ​យល់​ដឹង​រៀបចំ​ហ្វឹកហាត់​កម្លាំង​កាយ​មិន​ទាន់​សមស្រប​ មិន​ទាន់​ស៊ីជម្រៅ​ក្នុង​ជំនាញ​របស់​ពួកគេ​នៅ​ឡើយ​ទេ។​ ហ្វឹកហាត់​រាល់ថ្ងៃ​នេះ​គឺ​ភាគច្រើន​ធ្វើ​តែ​កម្លាំង​កាយ​ធម្មតា​ កម្លាំង​កាយ​ទូទៅ​ មិន​ទាន់​ស៊ីជម្រៅ​លើ​កម្លាំង​កាយ​ពិសេស។​

ទី៣​ សហព័ន្ធ​ មន្ត្រី​សហព័ន្ធ​ គ្រូ​បង្វឹក​ ឲ្យ​យល់​ដឹង​របៀប​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ត្រៀម​លក្ខណៈ​សម្បត្តិ​ ថា​តើ​ផែនការ​យុទ្ធសាស្ត្រ​បច្ចេកទេស​កីឡា​គេ​ធ្វើ​ដូចម្ដេច​ គេ​តម្រូវ​ការ​បែប​ម៉េច​ មាន​លក្ខណ​យ៉ាង​ណា​ខ្លះ​ ដើម្បី​ជួយ​ដល់​ការ​ហ្វឹកហាត់​ទទួល​បាន​ជោគជ័យ។​

រូបភាព NOCC

ឯកឧត្ដម​បញ្ជាក់​ដែរ​ថា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​ ទាំង​ទ្រឹស្ដី​ និង​ការ​អនុវត្ត​ផ្ទាល់​ ហើយ​បើ​សហព័ន្ធ​ណា​ដែល​យក​ទៅ​អនុវត្ត​នៅ​មាន​ភាព​ទន់ខ្សោយ​ មិន​ត្រឹមត្រូវ​តាម​ផែនការ​ នឹង​លុប​ឈ្មោះ​ចេញ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។​

រូបភាព NOCC

រំលឹក​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ មាន​ការ​ចូលរួម​ពី​គ្រូ​ឧបទេស​ជំនាញ​កីឡា​កម្រិត​ខ្ពស់​មក​ពី​ប្រទេស​អាល្លឺម៉ង់​ ហើយ​សិក្សា​រយៈពេល​២០ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១២​ ដល់​ ៣១​ ខែ​ធ្នូ​ ២០១៨។​ សិក្ខកាម​ចូលរួម​ចន្លោះ​ពី​ ១០០-១៥០​នាក់​ មក​ពី​សហព័ន្ធ​នានា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម