មេ Tesla បង្ហាញពីរូងក្រោមដីដំបូង អាចឲ្យរថយន្តរត់បាន​ល្បឿន ២៤០ គម.ម៉ (មានវីដេអូ)

  • 2018-12-21 02:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ ក្រុមហ៊ុន Boring Company ដែលស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ស្ថាបនិកក្រុមហ៊ុន Tesla មាន​លោក Elon Musk ជា CEO ​បាន​បង្ហាញ​នូវ​ផ្លូ​វ​រូង​ក្រោម​ដី ដែល​មាន​ប្រវែង​ប្រហែល ១,៦ គ.ម នៅ​ក្នុង​ទីក្រុង Los Angeles ដែល​រូង​ក្រោម​ដី​នោះ​មាន​មុខងារ​សម្រាប់​ដឹក​ជញ្ជូន​រថយន្ត​ពេល​ផ្លូវ​ស្ទះ។ បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន Boring Company ផ្លូវ​ក្រោម​ដី​នេះ អាច​ឲ្យ​រថយន្ត​រត់​បាន​ក្នុង​ល្បឿន​ដល់​ទៅ ២៤០ គម.ម៉។

នៅ​ក្នុង​ការ​បង្ហាញ​នោះ រថយន្ត Tesla Model X ត្រូវ​បាន​គេកែច្នៃ កង់ខាងក្រោមដោយបំពាក់ កង់ទប់លំនឹងពិសេស តាមកង់ទាំងបួន ដើម្បីឲ្យការបើកបរតាមផ្លូវរូងក្រោមដីនេះមានលំនឹង ជាប់ទៅនឹងផ្លូវរត់។ តាមការប្រាប់មករបស់ក្រុមហ៊ុន ផ្លូវរូងក្រោមដីដែលគេបានសាកល្បងនាពេលនេះ អាចឲ្យរថយន្តរត់បានក្នុងល្បឿនដល់ទៅ ១១៧ គម.ម៉ ប៉ុន្តែនៅពេលដែលសាកល្បងជាសាធារណៈ គេកំណត់ល្បឿនអតិបរមាត្រឹមតែ ៨០ គម.ម៉ប៉ុណ្ណោះ ដើម្បីការពារសុវត្ថិភាព។

នា​ពេល​បច្ចុប្បន្ន មាន​តែ​រថយន្ត​អគ្គិសនី​របស់ Tesla តែ​ប៉ុណ្ណោះ ដែល​អាច​យក​ទៅ​កែ​ភ្ជាប់​កង់ ហើយ​បើក​បរ​នៅ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​នេះ​បាន ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Elon Musk គ្រប់​រថយន្ត​ដដែល​ដំណើរការ​ដោយ​អគ្គិសនី​សុទ្ធ ហើយ​មាន​ប្រព័ន្ធ​បើកបរ​រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ ១០០ភាគរយ​នោះ នឹង​អាច​ប្រើប្រាស់​ផ្លូ​វ​រូង​ក្រោម​ដី​នេះ​បាន​ដូច​គ្នា។

ទាក់​ទង​នឹង​សមត្ថភាព​របស់​រូង​ក្រោម​ដី​នេះ ខាង​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​វា​ជោគជ័យ​ជា​ស្ថាពរ រូង​ក្រោម​ដី​មួយ អាច​ដឹក​ជញ្ជូន​រថយន្ត​បាន​ដល់​ទៅ ៤ ០០០ គ្រឿង ក្នុង​មួយ​ម៉ោង។ សម្រាប់​តម្លៃ​ដឹក​ជញ្ជូន​ក្ន្នុង​មួយ​ជើង ក្រុមហ៊ុន​គិត​កម្រៃ​ត្រឹម ១ ដុល្លា​រ​តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​រូង​ក្រោម​ដី ដែល Elon Musk កំពុង​សាង​សង់​នេះ មាន​ទំហំ​តូច​ជាង​ផ្លូវ​ក្រោម​ដីស្ដង់ដារ​របស់​រថភ្លើង​ក្រោម​ដី ដល់​ទៅ ២ ដង ដូច្នេះ​ហើយ ការ​សាង​សង់​អាច​ប្រព្រឹត្ត​ទៅ​បាន​លឿន និង​ប្រើលុយ​តិចជាង។ ម៉្យាង​ទៀត ក្នុង​ពេល​អនាគត មេ​ Tesla រូប​​នេះ អាច​​នឹង​​ផ្ដោត​​លើ​ការ​អភិវឌ្ឍ​ផ្លូវ​ក្រោម​ដី​នេះ​ច្រើន ដោយ​នឹង​ទិញ​គ្រឿងចក្រ​បន្ថែម​សម្រាប់​ធ្វើ​ផ្លូវ​រូង​ក្រោម​ដី ឲ្យ​បាន​ច្រើន​ថែមទៀត។

ចុចអាន៖

ប្រភព៖ YouTube | Autocar   ប្រែ​សម្រួល៖ ផាត សុវត្ថិ