ប្រុសៗ បើនៅមានចរិត៦យ៉ាងនេះ កុំប្រញាប់យកប្រពន្ធ នាំកូនក្រមុំគេមកពិបាក

  • 2018-12-22 03:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀបការ​ហើយ គ្រួសារ​មាន​សុភមង្គល ឬ​ក៏​គ្មាន និង​រៀបការ​ហើយ​ជោគជ័យ ឬ​បរាជ័យ មាន​កត្តា​ច្រើន​យ៉ាង​ណាស់​រួម​ផ្សំ។ តែ​មួយ​ផ្នែក​ធំ គឺ​អាស្រ័យ​លើ​បុគ្គល​ផ្ទាល់​ថា បាន​ត្រៀម​ខ្លួន​បាន​ប៉ុណ្ណា? ខាង​ក្រោម​នេះ ជា​លើក​យក​ចំណុច​ខ្វះ​ខាត របស់​ភាគី​ខាង​បុរស​ជា​ផ្នែក​សំខាន់ ក្នុង​ជីវិត​គ្រួសារ ដែល​មិន​ទាន់​អាច​បង្កើត​គ្រួសារ​មួយ​បាន។

១. ចិត្ត​ឆេវឆាវ​ឆាប់​ខឹង មិន​ចេះ​ទប់​អារម្មណ៍

ចរិត​បែប​នេះ​បង្ហាញ​ពី​ភាព​ក្មេង​ខ្ចី គំនិត​នៅ​រាក់ ការ​គិត​នៅ​ខ្លី ព្រោះ​មក​ពី​កត្តា​ខ្វះ​ការ​យល់​ដឹង និង​កម្រិត​ក្រម​សីលធម៌។ បែប​នេះ​ទាមទារ​រៀន​សូត្រ​ឲ្យ​បាន​ជ្រៅជ្រះ មាន​ចរិត​នឹងន ចេះ​ថ្លឹងថ្លែង ចេះ​គិត​ពិចារណា​បាន​វែងឆ្ងាយ ចាំ​បង្កើត​គ្រួសារ។ មនុស្ស​ប្រុស​ខឹង​ប្រពន្ធ រត់​ទៅ​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្ដិ ប្រើ​សម្ដី​ទ្រគោះ​បោះបោក ច្រើន​តែ​បរាជ័យ​រឿង​គ្រួសារ។

រូបតំណាង

**២. មិន​ទាន់​មាន​ភាព​ឯករាជ្យ​លើ​ខ្លួន​ឯង**

គោល​ជំហរ​រឹងមាំ​កាន់​តែ​សំខាន់​បំផុត សម្រាប់​មនុស្ស​ប្រុស មិន​អាច​រៀបការ​ហើយ​ឲ្យ​ភរិយា​ដឹក​មុខ​នោះ​ទេ។ ប្រសិន​បើ​មិន​ទាន់​មាន​ភាព​ឯករាជ្យ ជឿជាក់​លើ​ខ្លួន​ឯង មាន​គោល​ជំហរ​រឹងមាំ និង​ដឹក​នាំ​កសាង​គ្រួសារ​កុំ​ទាន់​អាល​ចង់​យក​ប្រពន្ធ។ ថ្វី​បើ​ប្រពន្ធ​ក៏​ជា​ចំណែក​មួយ​ជា​មេ​គ្រួសារ តែ​ក្នុង​នាម​ជា​មនុស្ស​ប្រុស មិន​អាច​ទម្លាក់​បន្ទុក​លើ​នាង​ទាំង​ស្រុង​ឡើយ។

៣. មិន​ទាន់​អាច​លះបង់​ភាព​សប្បាយ​រីករាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន

ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា ពេល​រៀបការ​រួច​ត្រូវ​តែ​នៅ​ជាមួយ​ភរិយា គ្រប់​ពេល​ គ្រប់​វេលា​នោះ​ឡើយ តែ​ក៏​មិន​អាច​ទៅ​ជួបជុំ ដើរ​លេង ផឹកស៊ី ដាច់​យប់​រាល់​ថ្ងៃ​ទុក​ប្រពន្ធ​កូន​ចោល​បាន​ឡើយ។ ដូចនេះ​បើ​ថា​ចង់​នៅ​សប្បាយ​បែប​ក្មេង​ជាយុវវ័យ​ នៅ​លីវ​ឲ្យ​អស់​ចិត្ត​សិន លុះ​ត្រា​គិត​ថា​ខ្លួន​ឯង ល្មម​ដល់​ពេល​បង្កើត​គ្រួសារ ចាំ​បង្កើត។ គ្មាន​មនុស្ស​ស្រី​ឯណា ដែល​ចង់​បាន​ប្ដី គិត​តែ​រក​សុខ​តែ​ខ្លួន​ឯង​នោះ​ទេ។

រូបតំណាង

៤. គ្មាន​ប្រាក់​ចំណូល​ស្ថិតស្ថេរ គ្មាន​ជំនាញ​ច្បាស់​លាស់

ហេតុ​អី​ប្រាក់​ចំណូល​សំខាន់? ចម្លើយ​មិន​ពិបាក​ទេ បើ​រៀបការ​រួច គ្មាន​ដើម​ទុន គ្មាន​លុយ តើ​ប្ដី​ប្រពន្ធ អាច​កសាង​គ្រួសារ​ដោយ​របៀប​ណា? បែប​នេះ​ហើយ បើ​ដឹង​ថា​ខ្លួន​ឯង នៅ​រត់​ឆ្លេឆ្លា រក​លុយ នៅ​រត់​រក​ជំនាញ​នៅ​ឡើយ កុំ​ទាន់​អាល​យក​ប្រពន្ធ​ល្អ​ជាង។ ស៊ូ​លំបាក​ម្នាក់​ឯង តែ​កុំ​ឲ្យ​គេ​មក​ពិបាក​ជាមួយ ចាំ​ដល់​ពេល​ដែល​មាន​ប្រាក់​ចំណូល​ច្បាស់​លាស់ និង​ជំនាញ​មួយ​ជាក់​លាក់​សិន ទើប​មិន​ពិបាក​ទាំង​ខ្លួនឯង និង​ខាង​ស្រី។

៥. មិន​ទាន់​អាច​ប្រឈម​មុខ​នឹង​បញ្ហា

ក្រោយ​រៀប​ការ​ហើយ មិន​មែន​ឲ្យ​តែ​ចេះ​ស្រលាញ់​គ្នា​ចប់​រឿង​នោះ​ទេ មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​ប្រឈម និង​ឆ្លង​កាត់ ហើយ​ក្នុង​នាម​ជា​ស្វាមី ត្រូវ​តែ​ជា​បង្គោល​ដ៏​ក្ដៅ​នៃ​គ្រួសារ។ ត្រូវ​មាន​ទុន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ត្រូវ​រៀន​សូត្រ​ពី​ជីវិត ស្គាល់​ការ​តស៊ូ ស្គាល់​ការ​លំបាក​សិន ទើប​មាន​មូលដ្ឋាន​គ្រឹះ ប្រឈម​គ្រប់​បញ្ហា។ រត់​រក​ឪពុក​ម្ដាយ​ពេល​ពិបាក រត់​ចោល​បញ្ហា បង្ហាញ​នូវ​ភាព​ក្មេង​ខ្ចី ដែល​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត។

រូបតំណាង

៦. ចិត្ត​ស្រលាញ់​មិន​ទៀងទាត់ មិន​ចេះ​ស្មោះ​ជាមួយ​អ្នក​ណា

ចាំ​ក្លាយ​ជា​មនុស្ស​ចេះ​ស្មោះ​សិន ចាំ​គិតគូរ​ចង់​បង្កើត​គ្រួសារ ព្រោះ​លើលោក​នេះ​គ្មាន​នារី​ណា​មក​ស្រឡាញ់​ប្រុស​សាវា​ទេ។ បើ​ក្នុង​ចិត្ត​ឃើញ​អ្នក​ណា​ក៏​ស្អាត ឃើញ​អ្នក​ណា​ក៏​ពេញ​ចិត្ត​ មាន​ន័យ​ថា មិន​ទាន់​ជួប​ស្នេហ៍​ពិត​ទេ។ បើ​សិន​ជា​ច្បាស់​ក្នុង​ចិត្ត​ថា ស្រឡាញ់​នារី​ម្នាក់​ណា​ពិត​ប្រាកដ គ្មាន​ចិត្ត​ឲ្យ​អ្នក​ផ្សេង​ទៀត ចាំ​គិតគូរ​ទើប​ជា​ការ​ប្រសើរ៕

អត្ថបទ៖ វឌ្ឍនៈ