តុលាការ​អេស្ប៉ាញ​នឹង​ប្រកាស​ទោស​ពី​​​បទ​បន្លំ​ពន្ធ​របស់​ Ronaldo នៅ​ខែ​មករា​​

  • 2018-12-23 03:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​អេស្ប៉ាញ​បាន​និយាយ​ថា​​សាលក្រម (ការ​សម្រេច​វិនិច្ឆ័យ​ទោស) ពី​បទ​បន្លំ​ពន្ធ​របស់​ Cristiano Ronaldo នឹង​ត្រូវ​​ប្រកាស​នៅ​ថ្ងៃ​ទី ២១ ខែ​មករា​ខាង​មុខ។ នេះ​បើ​តាម ទីភ្នាក់ងារ​ព័ត៌មាន AP ដក​ស្រង់​ដោយ The Washington Post កាល​ពី​ថ្ងៃ​សៅរ៍។

​​​Ronaldo ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ទោស តែ​តុលាការ​នឹង​ព្យួរ​ទោស​​​ដែល​ Ronaldo នឹង​ត្រូវ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​តារា​ឆ្នើម​ព័រទុយហ្គាល់ ព្រះរាជអាជ្ញា និង អាជ្ញាធរ​ពន្ធដារ​អេស្ប៉ាញ​លើ​កិច្ចព្រមព្រៀង​​មួយ​​។

កិច្ចព្រមព្រៀង​នោះ​រួម​មាន Ronaldo សុខចិត្ត​បង់​ប្រាក់​ពិន័យ​​ ២២​លាន​ដុល្លារ​ដើម្បី​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ។

នៅ​ប្រទេស​អេស្ប៉ាញ ចៅក្រម​អាច​​ព្យួរទោស​ជនល្មើស​​២​ឆ្នាំ​ឬ​តិច​ជាង​នេះ​ ប្រសិន​បើ​​ជា​បទល្មើស​លើក​ដំបូង។

កាល​ពី​ឆ្នាំ​មុន ព្រះរាជអាជ្ញា​អេស្ប៉ាញ​បាន​ចោទ​ប្រកាន់​​ Ronaldo ពី​បទ​ក្លែងបន្លំ​ពន្ធ​៤​ករណី ចន្លោះ​ពី​ឆ្នាំ​ ២០១១-១៤ ដែល​មាន​តម្លៃ​ ១៦,៥ លាន​ដុល្លារ។

អតីត​កីឡាករ Real Madrid រូប​នេះ​​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​បើក​ក្រុមហ៊ុន​សំបក (ក្រុមហ៊ុន​ដែល​មាន​តែ​ឈ្មោះ​តែ​គ្មាន​សកម្មភាព​ជាក់លាក់​ណា​មួយ) ដើម្បី​គេចវេះ​ពី​ការ​បង់ពន្ធ។ ការ​ចោទប្រកាន់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​បៀវត្ស​របស់ Rpnaldo នៅ​ក្លឹប​អេស្ប៉ាញ​ឡើយ។

Messi និង​ឪពុក​ឈ្មោះ Jorge ត្រូវបាន​តុលាការ​អេស្ប៉ាញផ្តន្ទាទោសពីបទបន្លំពន្ធ​កាល​ពី​ឆ្នាំ​២០១៦

Lionel Messi ក៏​​ធ្លាប់​ត្រូវ​បាន​​ព្យួរទោស​​​មិន​ឲ្យ​ជាប់​ពន្ធនាគារ​២១​ខែ កាល​ពី​ឆ្នាំ​២០១៦​ផង​ដែរ ក្រោយ​តុលាការ​​អេស្ប៉ាញ បាន​រក​ឃើញ​ថា​មានទោស​ពី​បទ​បោកបញ្ឆោត​អាជ្ញាធរ​ពន្ធដារ​ដែល​​គិត​ជា​ទឹកប្រាក់​សរុប ៤,៦ លាន​ដុល្លារ។ ​​

ស្វែង​យល់​ពី​បញ្ហា​បង់​ពន្ធ​​ដ៏​ស្មុគស្មាញ នៅ​អេស្ប៉ាញ​

​​​​​បើ​តាម​ច្បាប់​ពន្ធ​លើ​ប្រាក់​ចំណូល​ឆ្នាំ២០១៦ ប្រាក់​ចំណូល​ចាប់​ពី​ ១២ ៤៥០ អឺរ៉ូ ទៅដល់ ៦០០ ០០០ អឺរ៉ូ​ ត្រូវ​បង់ពន្ធ​ចាប់ ពី១៩% ទៅ៤៥%។ ​ ដោយ​ឡែក​រដ្ឋបាន​កំណត់ "ពន្ធ​ពិសេស​សម្រាប់​ជនបរទេស ធ្វើការ​នៅ​អេស្ប៉ាញ" ដែល​ធូរ​ប្រមាណ​​ពាក់​កណ្ដាល​បើ​ធៀប នឹង​​អ្នក​បង់ពន្ធ​ទូទៅ​។ ការ​កំណត់​បែបនេះ​មាន​គោល​បំណង​ លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​មាន​ទេព​កោសល្យ និង កំពូល​កីឡាករ​ជុំវិញ​ពិភពលោក ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​នេះ។

ច្បាប់​នេះ ជួនកាល​គេ​ហៅថា "ច្បាប់ Beckham (Beckham Law)” ព្រោះ​កាលពី​ឆ្នាំ​ ២០០៣ ពេលDavid Beckham ទៅ​លេង​ឲ្យ Real Madrid គាត់​​ចំណេញ​ថ្លៃ​បង់ពន្ធ​ពាក់​កណ្ដាល ឬ​បង់​ត្រឹម ២៤% ប៉ុណ្ណោះ។ ​​​​

ច្បាប់​លើ​ពន្ធ​ពិសេស​នេះ តម្រូវ​ឲ្យ​បង់​ត្រឹម ២៤% ចំពោះ​ចំណូល​ក្រោម​ ៦០ ០០ អឺរ៉ូ តែ​​បើ​លើស​​ពី​នេះ​ នៅ​តែ​ត្រូវ​បង់ ៤៥% ដដែល។ ក៏​ប៉ុន្តែ​លក្ខណៈ​ពិសេស​មួយ​ទៀត​របស់ "ច្បាប់ Beckham” គឺ ​មិនថា​ចំណូល​ច្រើន​ប៉ុណ្ណា​ក៏ដោយ បង់​ពន្ធ​ត្រឹម​២៤%​ទេ​ក្នុងរយៈពេល៥ ឆ្នាំ​ដំបូង ផុត​ពី​នោះ​ត្រូវ​បង់​ ៤៥%​ដដែល។

ដូច្នេះ​មាន​ន័យ​ថា រយៈ​ពេល​៥​ឆ្នាំ​ដំបូង Ronaldo ត្រូវ​បង់ពន្ធ​តែ ២៤%​ប៉ុណ្ណោះ ប៉ុន្តែ​​៤​ឆ្នាំ​ចុងក្រោយ​នៅ​ Real Madrid ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល​ត្រូវ​បង់ពន្ធ​៤៥% ពោល​គឺ​ចំណូល​ជិត​ពាក់​កណ្ដាល​​របស់​ខ្លួន​​ត្រូវ​​ចែក​រំលែក​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ៕

ប្រភព៖ BBC | Washingtonpost   ប្រែ​សម្រួល៖ សុខ លាងហ៊ត