ក្រោយ​សន្សំពាក្យចចាមអារ៉ាមជាច្រើន ពេលនេះ Hawick និង Yang Mi ប្រកាសលែងគ្នាជាស្ថាពរ

  • 2018-12-23 05:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ស្រពិចស្រពិល​ពី​សម្ព័ន្ធភាព​ប្ដី​ប្រពន្ធ​របស់​ Hawick Lau និង​ Yang Mi អស់​មួយ​រយៈ​មក​ ពេល​នេះ​អ្វី​គ្រប់​យ៉ាង​បាន​ស្រាយ​បញ្ជាក់ជាផ្លូវការហើយ។

តារាប្រុស​វ័យ​ ៤៤ឆ្នាំ​ Hawick Lau និង​តារាវ័យ​ ៣២ឆ្នាំ Yang Mi បាន​ប្រកាស​ជា​ស្ថាពរ​ថា​ ពួកគេ​ទាំង​ ២​នាក់​សម្រេច​លែងលះគ្នា​ហើយ ក្រោយ​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ ៤ឆ្នាំ។ បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​ជុំ​វិញ​តំបន់​អាស៊ី​ បាន​ចេញ​ផ្សាយ​បន្ទាន់​ភ្លាមៗ​ថា​ ជីវិត​អាពាហ៍ពិពាហ៍​របស់​ អ្នក​ទាំង​ ២​ត្រូវ​បញ្ចប់​ ដោយសារ​នៅ​ជាមួយ​គ្នា​មិន​ចុះសម្រុង​ ហើយ​ជា​រឿយៗ​គេ​តែង​ឃើញ​ពួកគេ​កម្រ​មាន​ពេល​ឲ្យ​គ្នា​ណាស់ មានន័យ​ថា​តែង​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពីគ្នា​ ព្រោះ​តែ​រវល់​ការងារ​ថត​រៀងៗខ្លួន។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញ​ពី​ក្រុមហ៊ុន​របស់​តារា​ប្រុសស្រី​ទាំង​ ២​ក៏​បាន​លើក​ឡើង​ដែរថា​ ទាំង​ Hawick និង​ Yang Mi អរគុណ​ចំពោះ​អ្នក​គ្រប់​គ្នា ដែល​តែង​ផ្ដល់​ក្ដី​ស្រឡាញ់​ និង​យក​ចិត្ត​ទុកដាក់​ ព្រមទាំង​បារម្ភ​សម្រាប់​ជីវិត​គូ​របស់​ពួកគេ​កន្លងមក។ មួយ​វិញ​ទៀត​ បន្ទាប់​ពី​គិតគួរ​ហ្មត់ចត់​ហើយ​ ឪពុកម្ដាយ​កូន​ ១​នេះ​ ក៏​សម្រេច​ដាក់​ពាក្យ​លែង​លះ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​បញ្ចប់​នាម​ជា​ប្ដី​ប្រពន្ធ​តែម្ដង។

ដោយ​ឡែក​ បើ​ទោះ​បី​ជា​លែង​នៅ​ជា​អ្វី​នឹង​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ទាំង​ ២​ក៏​បាន​ព្រម​ព្រៀង​ក្នុង​ការ​មើល​ថែ​គ្នាទៅ​វិញ​ទៅមក​ ដូច​គ្រួសារ​ និង​រួម​គ្នា​ចិញ្ចឹម​បីបាច់​កូន​ស្រី​តែ​មួយ​រួមគ្នា ដើម្បី​ឲ្យ​កូន​មាន​អនាគត​ភ្លឺស្វាងដូចក្មេង​មាន​ឪពុកម្ដាយ​ជួបជុំផ្សេងទៀត។

ទាក់ទង​នឹង​ការ​លែង​លះ​នេះ​ដដែល Hawick និង​ Yang Mi សុំ​មិន​ធ្វើ​ការ​បកស្រាយ​អ្វី​វែង​ឆ្ងាយ​ទៀត​ឡើយ​ ដើម្បី​ការពារ​ជីវិត​ឯកជន​របស់​កូនស្រី​ ក៏​ដូចជា​គ្រួសារ​ទាំង​សង្ខាង។ បន្ថែម​ពី​លើ​នេះ​ ពួកគេ​មាន​តែ​សង្ឃឹម​ថា​ គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំង​អស់​គោរព​នូវការសម្រេច​ចិត្ត​របស់​ពួកគេនៅពេល​នេះ។

រម្លឹក​ផងដែរ​ អ្នក​ទាំង​ ២ បាន​ជួប​គ្នា​ដំបូង​កាល​ពី​ឆ្នាំ ២០១១ បន្ទាប់​ពី​រួម​ការងារ​ជាមួយ​គ្នាក្នុង​រឿង​ "Ru Yu”។ ​បន្ទាប់​ពី​ចាប់​ដៃសាង​ជីវិត​គ្រួសារ​ជាមួយ​គ្នាក្នុង​ឆ្នាំ ២០១៤ និង​ប្រសូត​បាន​កូនស្រី​​ម្នាក់​មក គូស្នេហ៍​នេះ​តែង​មាន​ពាក្យចចាមអារ៉ាម​រួមរឹត​ឥតល្ហែ​ទាក់ទង​នឹង​ការ​លែង​លះគ្នា៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី