រលក​យក្ស​ស៊ូណាមិនៅឥណ្ឌូនេស៊ី អ្នកស្លាប់ របួស និងបាត់ខ្លួន កើនជិត២ពាន់នាក់ហើយ

  • 2018-12-25 02:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​រលក​យក្ស​ស៊ូណាមិ ដែល​បណ្ដាល​មក​ពី​ភ្នំ​ភ្លើង Anak Krakatau បាន​កើន​ឡើង​យ៉ាង​ហោច​ណាស់​ដល់ ៣៧៣នាក់​ហើយ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី២២ ខែ​ធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​លើ​ទី​ប្រជុំ​ជន នៃ​តំបន់​ឆ្នេរ​សមុទ្រ​នៅ​កោះ Sumatra និង Java។ គេ​ជឿជាក់​ថា ការ​ផ្ទុះ​របស់​ភ្នំភ្លើង Anak Krakatau បង្ក​ឲ្យ​មាន​ការ​រអិល​បាក់​ដី​ក្រោម​បាត​សមុទ្រ ហើយ​បង្កើត​ជា​រលក​យក្ស​តែម្ដង។

អ្នក​នាំ​ពាក្យ​របស់​ទីភ្នាក់ងារ​ខាង​លើ លោក Sutopo Purwo Nugroho បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា «មនុស្ស​ចំនួន ១ ៤៥៩ នាក់​បាន​រងរបួស ហើយ ១២៨នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន»។

យ៉ាងណាមិញ អ្នក​រស់​នៅ​តំបន់​ឆ្នេរ​ជិត​ភ្នំ​ភ្លើង Anak Krakatau របស់​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​គេ​ព្រមាន​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ ខណៈ​មាន​ការ​ភ័យ​ខ្លាច​ថា វា​អាច​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​ជា​ថ្មី ដោយ​សារ​តែ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៣ ខែ​ធ្នូ ឆ្នាំ២០១៨ ម្សិលមិញ​នេះ ភ្នំភ្លើង Anak Krakatau បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ម្ដង​ទៀត ដោយ​ព្រួស​ផេះ និង​ផ្សែង​ទៅ​លើ​អាកាស​យ៉ាង​ខ្មួលខ្មាញ់៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម