វត្តបុរាណមួយនៅសៀមរាប កំពុង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ថ្មី មានភ្ញៀវបរទេសចេញចូលមិនដាច់

  • 2018-12-27 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 95

ចន្លោះមិនឃើញ

លោក វណ្ណ ប៊ុនណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​សៀមរាប​ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន ភ្ញៀវ​ទេសចរ​បរទេស ជា​បន្តបន្ទាប់​បាន​មក​ទស្សនា និង​ឈ្វេង​យល់​ពី​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​តាម​បណ្ដា​វត្ត​អារាម​សំខាន់​ៗ​ នៅ​ក្នុង​ក្រុង​សៀមរាប។ ​វត្ត​ស្វាយ​រមៀត​ដែល​ជា​វត្ត​បុរាណ​មួយ ក្នុង​ចំណោម​វត្ត​បុរាណ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​ឃើញ​ថា មាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ច្រើន​គួរ​សម ហើយ​វត្ត​នេះ​កំពុង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចង់​ឈ្វេង​យល់​ពី​ព្រះពុទ្ធសាសនា។

រូបថត AKP

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​សៀមរាប​ បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​សៀមរាប​មាន​គម្រោង​ស្នើ​ដាក់​វត្ត​ ចំនួន​៥​នៅ​ក្នុង​ក្រុង​សៀមរាប​ ជា​វត្ត​អារាម​ទេសចរណ៍ ដែល​មាន​ដូចជាៈ វត្ត​ព្រះព្រហ្មរ័ត្ន វត្ត​រាជបូណ៌ វត្ត​ដំណាក់ វត្ត​ថ្មី និង​វត្ត​ស្វារមៀត ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ដោយ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​តែ​ធ្វើការ​ពិភាក្សា​គ្នា។

រូបថត AKP

ព្រះតេជគុណ វិមុលសំវ ភទ្ទកោ នឿម វុទ្ធី ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ស្វាយ​រមៀត មាន​សង្ឃ​ដីកា​ថា វត្តបារាយណ៍នទី រតនារាម ហៅ​វត្ត​ស្វាយ​រមៀត​មាន​សក្ដានុពល​ទេសចរណ៍​ស្រាប់​ផង​នោះ បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរ​មក​ទស្សនា​នៅ​វត្ត​នេះ មិន​ដែល​ដាច់​គឺ​ក្នុង​១​ខែ​ៗ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជា​១៥០​ ទៅ​២០០​នាក់​បាន​ចូល​មក​ទស្សនា​នៅ​ក្នុង​ទី​វត្ត​អារាម​នេះ។

រូបថត AKP

សូម​បញ្ជាក់​ថា បើ​តាម​សង្ឃ​ដីកា​ព្រះ​តេជ​គុណ នឿម វុទ្ធី បាន​បញ្ជក់​ថា​បន្ត​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​ទី​អារាម​នេះ បាន​ឱ្យ​ព្រះ​សង្ឃ​ប្រោះ​ព្រំ ចង​អំបោះ​ដៃ ទៅ​តាម​ជំនឿ​សាសនា និង​ទំនៀម​ទម្លាប់ របស់​ប្រជាជន​ខ្មែរ។

ប្រភព៖ AKP   ប្រែ​សម្រួល៖ ពៅ រក្សា