អ្នក​សិល្បៈ​គំនូរ​សញ្ជាតិ​ខ្មែរ​រស់​នៅ​កាណាដា​ម្នាក់​ ផលិត​គំនូរ​ផ្ដល់​តម្លៃ​ឲ្យ​ស្ដ្រី

  • 2018-12-27 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សិល្បៈ​គំនូរ​សញ្ជាតិ​ខ្មែរ​កាណាដា​ កែវ មេយលី​ ព្យាយាម​ផលិត​គំនូរ​របស់​ខ្លួន​ដើម្បី​ផ្ដល់​តម្លៃ​ឲ្យ​ស្ដ្រី​ក្នុង​នាម​ជា​អ្នក​សិល្បៈ​នារី​មួយ​រូប​ ព្រម​ទាំង​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ខ្មែរ​ផង​ដែរ។ ទោះ​បី​ជា​បាន​កើត​នឹង​រស់​នៅ​ប្រទេស​កាណាដា​តាំង​ពី​តូច​ក្ដី ​ មេយលី នៅ​​តែ​មិន​ភ្លេច​ពី​ប្រទេស​កំណើត​របស់​ឪពុក​ម្ដាយ​ខ្លួន​គឺ​ប្រទេស​កម្ពុជា​​​នោះ​ទេ ដោយ​តែង​តែ​ត្រលប់​មក​ទី​នេះ​ជា​ញឹក​ញាប់​ដើម្បី​យល់​ដឹង​និង​សិក្សា​ឲ្យ​ច្បាស់​ពី​ប្រទេស​នេះ។

កែវ មេយលី

ជុំ​វិញ​អាជីព​ជា​អ្នក​សិល្បៈ​គំនូរ អាណិកជន​ខ្មែរ​នៅ​កាណាដា​រូប​នេះ​អាច​គូស​គំនូរ​ប្រើ​ដៃ​ដោយ​ស្ទាត់​ជំនាញ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក៏​រចនា​រូប​តាម​កម្មវិធី​កុំព្យូទ័រ​ Illussrator និង​ធ្វើ Animation ផង​ដែរ។ មុន​នឹង​អាច​ធ្វើ​ការងារ​នេះ​បាន មេយលី ត្រូវ​ឆ្លង​កាត់​ការ​សិក្សា​ទាំង​វិទ្យាល័យ​និង​សកលវិទ្យាល័យ​ នៅ​ទីក្រុង Montreal ប្រទេស​កាណាដា​ ដោយ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ចម្រុះ​ជាតិ​សាសន៍។ ហេតុ​នេះ​ហើយ​បាន​ជា​ នាង​អាច​សិក្សា​ពី​មនុស្ស​ជា​ច្រើន​ទូទាំង​ពិភពលោក និង​អាច​សិក្សា​ពី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់​ចំពោះ​សិល្បៈ​គំនូរ​ផ្ទាល់​ខ្លួន​ ដែល​មាន​ភាព​ខុស​ប្លែក​ពី​អ្នក​​សិល្បៈ​ដទៃ។

ចំណុច​សំខាន់​មួយ​នៃ​សិល្បៈ​របស់​នាង គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ស្ដ្រី​ ដោយ​មិន​គិត​ពី​ពណ៌​សម្បុរ​ឬ​ទ្រង់​ទ្រាយ​នោះ​ទេ គឺ​ពួក​គេ​សុទ្ធ​តែ​ស្រស់​ស្អាត​តាម​បែប​ខុសៗ​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គំនូរ​ផ្សេងៗ​របស់​នាង​ក៏​បរិយាយ​ពី​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ​​ផ្សេងៗ ព្រម​ទាំង​ការ​តស៊ូ​នឹង​ភាព​បាក់​ទឹកចិត្ត​ផង​ដែរ។ កាល​ពី​ខែ​មុន​នេះ​ មេយលី ក៏​បាន​ចូលរួម​នូវ​កម្មវិធី​តាំង​ពិព័រណ៍​មួយ​នៅ ​The Art Bar ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​សិល្បៈ​គំនូរ​៤​រូប​ទៀត​ ដែល​ជា​កម្មវិធី​មួយ​ប្លែក​ឈ្មោះ "#Bless” ដែល​បង្ហាញ​ពី​អារម្មណ៍​និង​ទេពកោសល្យ​របស់​អ្នក​ទាំង​៥​រូប។

ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

​​

អត្ថបទ៖ ធារ៉ូ