ឆ្នាំ​ថ្មី​ហើយ! នេះ​ជា​ទម្លាប់​ល្អ​៣ ​ប្រើ​ពេល​២៧​នាទី​រាល់​ព្រឹក​នឹង​ផ្លាស់ប្ដូរ​ជីវិត​អ្នក

  • 2018-12-30 01:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ

ការ​ផ្លាស់​ប្ដូរ​ដ៏​សាមញ្ញ​នៅ​ពេល​ដែល​អ្នក​ក្រោក​ពី​គេង​ពី​ព្រលឹម អាច​ជួយ​ឱ្យ​អារម្មណ៍​របស់​អ្នក​​ល្អ​ប្រសើរ និង បង្កើន​សុភមង្គល។

ប្រភព The Independent បាន​រាយការណ៍​ថា ​មាន​​វិធី​វិទ្យាសាស្ត្រ​មួយ​ចំនួន ដែល​​អាច​កែ​លម្អ​អាកប្បកិរិយា​របស់​អ្នក​ដោយ​ផ្ទាល់​ ដោយ​ការ​ចាប់ផ្ដើម​ផ្លាស់​ប្ដូរ​ទម្លាប់​នៅ​ពេល​ព្រឹក​ព្រលឹម​។

ប្រសិន​បើ​អ្នក​ចង់​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ការ​គ្មាន​ភាព​តានតឹង ស្មុគស្មាញ ប៉ុន្តែ​​ជា​ការ​គិត​បែប​វិជ្ជមាន និង ការ​បង្កើន​ចំណេះ​ដឹង អ្នក​អាច​បញ្ចូល​ទម្លាប់​​២៧​នាទី​​នៅ​ពេល​ព្រឹក ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក។

៥ នាទី - ធ្វើ​លំហាត់​ដក​ដង្ហើម​

ធ្វើ​លំហាត់​ដក​ដង្ហើមដើម្បី​បន្ថយ​ភាព​តានតឹង។ ដក​ដង្ហើមមួយៗ​វែងៗ​ ទាំង​ដង្ហើម​ចេញ និង ចូល។ ដោយ​ប្រើ​រយៈពេល​៥​នាទី ដើម្បី​អនុវត្ត​បច្ចេកទេស​ដក​ដង្ហើម អ្នក​អាច​កាត់​បន្ថយ​កម្រិត​អ័រម៉ូន​ស្រ្តេស cortisol និង ធ្វើ​ឲ្យ​អាកប្បកិរិយា​របស់​អ្នក​ល្អ​ប្រសើរ​ដោយ​ស្វ័យប្រវត្តិ។

២ នាទី - សរសេរ​គុណ​​​សម្បត្តិ​ដែល​ជា​រឿង​ល្អ​របស់​អ្នក​ចំនួន​៣

សរសេរ​នូវ​មោទនភាព​របស់​អ្នក​ចំនួន​៣។ បន្ទាប់ពី​ការ​ធ្វើ​លំហាត់​ដក​ដង្ហើម​រួច អ្នក​គួរ​ចំណាយ​ពេល​២​នាទី​បន្ទាប់​ដើម្បី​សរសេរ​រឿង​រ៉ាវ​៣​ដែល​អ្នក​ចង់​អរគុណ​ខ្លួន​ឯង។

លោក Shawn Achor ជា​ចិត្តវិទូ​វិជ្ជមាន និង ជា​អ្នក​និពន្ធ​​សៀវភៅ​អត្ថប្រយោជន៍​សុភមង្គល​បាន​រៀបរាប់​ថា​ ដោយ​ចំណាយ​ពេល​តែ​២​នាទី​ប៉ុណ្ណោះ​ដែល​ផ្តោត​លើ​ការ​ដឹងគុណ មិន​ថា​ដឹងគុណ​ដល់​ខ្លួន​ឯង ឬ អ្នក​ដទៃ ធ្វើ​របៀប​នេះ អ្នក​កំពុង​តែ​បង្រៀន​ខួរ​ក្បាល​របស់​អ្នក​ឲ្យ​​ឲ្យ​ប្រមើល​មើល​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន ជាជាង​យក​ភាព​អវិជ្ជមាន​ដាក់​ខ្លួន។

បច្ចេកទេស​បែប​នេះ ​នឹង​ជួយ​ "កែ​សម្រួល​ខួរក្បាល​របស់​យើង​ឱ្យ​កាន់​តែ​វិជ្ជមាន" ដែល​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ និង បង្កើន​សក្ដានុពល​របស់​យើង។

២០ នាទី - រៀន​អ្វី​ដែល​ថ្មី

ចុងក្រោយ ចំណាយ​ពេល​២០​នាទី​របស់​អ្នក​ដោយ​ការ​រៀន​អ្វី​ដែល​ថ្មី មិន​ថា​រៀន​ដោយ​ខ្លួន​ឯង ឬ ជជែក​ជាមួយ​អ្នក​ដទៃ។ ឧទាហរណ៍ អ្នក​​អាច​អាន​ព័ត៌មាន​នៅ​លើ​ទូរសព្ទ​ដៃ​របស់​អ្នក​​រាល់​ព្រឹក ឬ រៀន​ពាក្យ​ថ្មី​ជា​ភាសា​អង់គ្លេស ឬ ភាសា​ចិន​រាល់​ព្រឹក ឬ ជជែក​នៅ​តុ​កាហ្វេ​ជាមួយ​មនុស្ស​នានា​ដើម្បី​ផ្លាស់ប្ដូរ​យោបល់។

ក្នុង​រយៈពេល​២០​នាទី ក្នុង​ការ​ទទួល​របស់​ថ្មី វា​នឹង​ជួយ​ពង្រីក​ចំណេះដឹង និង​ពង្រឹង​សមត្ថភាព​នៃ​ការ​គិត​របស់​ខួរក្បាល​ឲ្យ​កាន់​តែ​មាន​ភាព​រហ័សរហួន ដែល​​ទាំង​នេះ​មាន​ប្រយោជន៍​ដល់​ការ​រីកចម្រើន​របស់​មនុស្ស​ម្នាក់ៗ។

Vanessa King អ្នក​ឯកទេស​ចិត្តសាស្ត្រ​វិជ្ជមាន​បាន​និយាយ​ថា ការរៀនសូត្រ​គឺ​ជា "តម្រូវការ​ស្នូល​សម្រាប់​សុខុមាល​ភាព​ផ្លូវចិត្ត"។

King និយាយ​ថា "ការរៀនសូត្រ​អាច​ជួយ​យើង​កសាង​ទំនុក​ចិត្ត និង មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ប្រសិទ្ធភាព។ វា​ក៏​អាច​ជា​មធ្យោបាយ​តភ្ជាប់​ជាមួយ​អ្នកដទៃ​ផង​ដែរ"។

​ដោយ​អនុវត្ត​វិធី​ទាំង​៣​ដំណាក់​កាល​នេះ​រយៈ​ពេល ២៧ នាទី​រៀងរាល់​ព្រឹក បាន​ន័យ​ថា អ្នក​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​ការ​រីកចម្រើន និង ធានា​ថា​អារម្មណ៍​អាក្រក់​នឹង​មិន​មាន​ក្នុង​ចិត្ត​អ្នក​ឡើយ​ពេញ​១​ថ្ងៃ៕


អត្ថបទ៖ សុខ លាងហ៊ត