អស់​រយៈ​ពេល​៥​ឆ្នាំ! ​ទី​បំផុត​ ចិត្ត​​ កញ្ចនា សម្រេច​បាន​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ

  • 2018-12-31 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍​ថ្ងៃ​ទី​២២ កន្លង​មក​នេះ​តារា​ចម្រៀង​ Original ចិត្ត​ កញ្ចនា​ បាន​សម្រេច​បំណង​ប្រាថ្នា​ដែល​ខ្លួនមាន​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ នោះ​គឺ​ឱកាស​បាន​បញ្ចេញ​អាល់ប៊ុម​ដំបូង​និង​ការប្រគំ​តន្ដ្រី​សម្ពោធ​យ៉ាង​គគ្រឹកគគ្រេង ព្រម​ទាំង​តារា​ល្បីៗ​មួយ​ចំនួន​ផង​ដែរ។

វា​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ កញ្ចនា បាន​ប្រារព្ធ​ពិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​បែប​នេះ។ ការ​ប្រគំ​តន្ដ្រី​ "Sweet Nightmare” បាន​ធ្វើ​ឡើង​នៅ Factory ដែល​មាន​អ្នក​គាំទ្រ​របស់​ម្ចាស់​បទ​ "អ្នក​ដទៃ​" ចូលរួម​យ៉ាង​ច្រើន​កុះ​ករ។ ខុស​ប្លែក​ពី​តារា​ចម្រៀង Original Song ផ្សេងៗ​ទៀត កញ្ចនា​ បាន​ឆ្លៀត​យក​ឱកាស​ក្នុង​កម្មវិធី​ដ៏​ធំ​សម្រាប់​ខ្លួន​ឯង​នេះ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​គាំទ្រ​ទៅ​វិញ​ ដោយ​បាន​និយាយ​រៀប​រាប់​នូវ​ពាក្យ​ពេចន៍​ល្អ​ៗ​ ជា​ច្រើន​ក្នុង​ឱកាស​កម្មវិធី​នេះ។

ម្ចាស់​បទ "Missing You” រូប​នេះ​បាន​ឆ្លង​កាត់​នូវ​ការ​តស៊ូ​យ៉ាង​ច្រើន ទម្រាំ​បាន​មក​ដល់​ចំណុច​នេះ​។ មុន​នឹង​បាន​ក្លាយ​ជា​អ្នក​ចម្រៀង កញ្ចនា​ ចាប់​ផ្ដើម​ឡើង​​តាំង​ពី​ជា​គ្រូ​បង្រៀន​​ហ្គីតា​ម្នាក់​។ ដោយ​សារ​តែ​មាន​ចិត្ត​ស្រលាញ់​វិស័យ​ចម្រៀង​ខ្លាំង ព្រម​ទាំង​មាន​សមត្ថភាព​ក្នុង​ការ​តែង​និពន្ធ​ទំនុក​ច្រៀង​ខ្លួន​ឯង​ផង​នោះ តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ជម្នះ​រហូត​ដល់​បាន​សម្រេច​។

អ្វី​ដែល​គួរ​ឲ្យ​សរសើរ​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ ក្នុង​អាល់ប៊ុម​ថ្មី​នេះ កញ្ចនា បាន​បញ្ចូល​បទ​ភ្លេង​បែប​អេឡិចត្រូនិក ឧបករណ៍​ភ្លេង​ខ្មែរ​​ពិត​ជា​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត។ គូស​បញ្ជាក់​ដែរ​ថា​ក្នុង​អាល់ប៊ុម​ "Sweet Nightmare” នេះ​មាន​បទ​ចម្រៀង​ចំនួន​៧​បទ​គឺ "The Dark”, “Sweet Nightmare”, “Missing You”, “Do It”, “សន្យា", “កម្លាំង​ចិត្ត" និង "ក្រោក​ឈរ" ដែល​អាច​ចូល​ស្ដាប់​បាន​ដោយ​ឥត​គិត​ថ្លៃ​លើ Smart Music App៕

រូប​ថត៖ ផ្ដល់​ឲ្យ​ពី​ ចិត្ត​ កញ្ចនា

​​

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម