ព័ត៌មានក្ដៅៗ! ចាប់បាន Kai និង​ Jennie លួច​បង្កាត់ភ្លើង​ស្នេហ៍នឹង​គ្នា

  • 2019-01-01 02:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ភ្នាក់ងារ​ព័ត៌មាន​ Dispatch ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៩​ បាន​ឲ្យ​ដឹង​ថា​ Kai សមាជិក​ក្រុម EXO និង​ Jennie សមាជិក​ក្រុម​ BLACKPINK បាន​ទាក់ទង​គ្នា​ជា​គូស្នេហ៍​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

Dispatch បាន​ទម្លាយ​ទៀត​ថា​ នៅ​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ Kai បាន​បង្ហោះ​រូបភាពមួយ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន។ ដោយ​រូបភាព​នោះ ពេល​ឃើញ​ភ្លាម​ក៏​ដឹង​ថា​ Kai ដើរ​ម្នាក់​ឯង​លើ​ផ្លូវ​ស្ងាត់​នៅ​ពេល​យប់​ជ្រៅ។ ប៉ុន្តែ​ Dispatch នៅ​បញ្ជាក់​បន្ថែម​ថា​ ពេលនោះ​ Kai នៅ​ជាមួយ​តារា​ម្នាក់​ទៀត​ ម្នាក់​នោះ​គឺ​ Jennie។

តារា​ប្រុស​ស្រី​ទាំង​២ ត្រូវ​បាន​គេ​ប្រទះ​ឃើញនៅ​ជាមួយ​គ្នា​ពេល​យប់​ជ្រៅ នៅ​សួន​កម្សាន្ត​មួយ​ក្នុង​ទីក្រុង​សេអ៊ូល។ ផ្អែក​តាម​ប្រភព​ដដែល​​ Kai ដំបូង​ឡើយ​បើក​ឡាន​ទៅ​យក​ Jennie នៅ​អគារ​ស្នាក់នៅ ដោយ​រង់​ចាំ​នាង​នៅ​កន្លែង​ផ្ញើ​ឡាន។ អ្នក​ទាំង​ ២​បាន​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​ Sangam-Dong មួយ​សន្ទុះ​ រហូត​ទៅ​ដល់​ឧទ្យាន​ Haneul Park។ ពេល​ទៅ​ដល់​ Kai បើក​ទ្វា​ឲ្យ​ Jennie ហើយ​ពួកគេ​ក៏ បាន​កាន់ដៃ​គ្នា​ដើរ​យ៉ាង​មាន​ក្ដី​សុខ។ ហេតុ​នេះ​ហើយ​ ទើប​មាន​ការ​សន្និដ្ឋាន​ថា​ រូបថត​ដែល Kai បង្ហោះ​នោះ​ គឺ​ថត​ដោយ​ Jennie។

នៅ​មិនទាន់​អស់​ទេ រហូត​ដល់​ថ្ងៃ​ទី​ ០២ ខែធ្នូ Dispatch ក៏​ថត​បាន​សកម្មភាព​ សមាជិក​ EXO រូបនេះ​ ទៅ​យក​ Jennie នៅ​កន្លែង​ស្នាក់នៅ​ជាថ្មី ជាមួយ​នឹង​កាដូ​កាន់​នៅ​នឹង​ដៃ ក្រោយ​ពី​ត្រឡប់​ពី​សម្ដែង​នៅ​កោះ​ហាវ៉ៃ កាល​ពី​ពេល​ថ្មីៗ។

ទាំងនេះ​ជា​ព័ត៌មាន​បឋម​នៃ​ដំណឹង​ស្នេហា​របស់តារា​កំពុង​ពេញ​ល្បី​ទាំង​ ២​ហើយរង់​ចាំ​តាមដាន​ជា​បន្ត​តើ​មាន​អ្វី​ទៀត៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី