ត្រឹម ១​ខែធ្នូប៉ុណ្ណោះ​ ផ្ទុះ​រឿង​ធំៗ​កក្រើក​ពេញ​ពិភពសិល្បៈចិន

  • 2019-01-01 06:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​រំលង​ទៅ​លឿន​បំផុត​ តែ​បើ​ក្រឡេក​ទៅ​មើល​រឿង​រ៉ាវ​ជា​ច្រើន​ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក ពិត​ជា​បាន​ធ្វើ​ឲ្យអ្នក​ស្នេហា​វិស័យ​សិល្បៈ​ចិន​ ជួប​រឿង​ស្មាន​មិនដល់​ជា​ច្រើន។ ប៉ុន្តែ​ក្នុង​ចំណោម​ខែ​ទាំង​ ១២ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ដឹង​រឿង​រ៉ាវ​ធំ​ៗ​ដែល​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ ពោល​គឺ​គិត​ត្រឹម​តែ​ខែ​ធ្នូ​ប៉ុណ្ណោះ។ ព័ត៌មាន​ធំៗ​ទាំង​នោះ​មាន៖

១. នៅ​ថ្ងៃ​ទី ១៧ ខែធ្នូ តារាសម្ដែង Cecilia Cheung បាន​ទទួល​ស្គាល់​ថា​ ខ្លួន​ពិត​ជា​បាន​​សម្រាល​កូន​ទី​ ៣ មែន។

ដំណឹង​នៃ​ការ​ប្រសូត​បុត្រ​នេះ​ ត្រូវ​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដោយ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ហុងកុង ហើយ​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​ជា​ច្រើន ស្របពេល​ស្ងាត់​ដំណឹង​នាង​មួយ​រយៈ​ធំ ហើយ​ភ្លាមៗ​ស្រាប់​តែលេច​ព័ត៌មាន​នេះ​ចេញ។ តាម​មតិ​ភាគ​ច្រើន​នាំគ្នា​សន្និដ្ឋាន​ថា​ ឪពុក​របស់​ក្មេង​ អាច​ជា​មហាសេដ្ឋី​អ្នកជំនួញ​វ័យ​ ៦៥​ឆ្នាំ​ ជនជាតិ​សិង្ហបុរី​ម្នាក់។

២. ថ្ងៃ​ទី ២០ ខែធ្នូ​ ឆ្នាំ​ ២០១៨ តារាសម្ដែង​ Nicky Wu និង​ភរិយា​ Liu Shishi បាន​ប្រកាស​ជា​សាធារណៈ​ថា​ ខ្លួន​ជិត​ស្វាគមន៍​កូន​ដំបូង​ជាមួយ​គ្នា​ហើយ​ ក្រោយ​រៀបការ​ ៣ឆ្នាំ។

បន្ថែម​ពី​លើ​នេះ​ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា​ កូន​ដំបូង​នេះ​ នឹង​ចេញ​មក​ស្វាគមន៍​ពិភពលោក​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ ២០១៩ ខាង​មុខ។

៣. នៅថ្ងៃ​ទី ២០ ខែធ្នូ​ឆ្នាំ ២០១៨​ដដែល ក៏​មាន​ព័ត៌មាន​មង្គល​មួយ​ទៀត​ដែឬ គឺ Gillian Chung បាន​ចូល​រោង​ការ​ហើយ​ជាមួយ​នឹង​ស្វាមី​ដែល​ជា​វេជ្ជបណ្ឌិត​ដ៏​សង្ហា​មាន​ឈ្មោះ​ថា​ Lai Wong។

៤. ថ្ងៃ​ទី ២២ ខែធ្នូ​ ឆ្នាំ ២០១៨ គឺ​ជា​ថ្ងៃ​ដែល​ គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​ចិន និង​ហុងកុង​នាំ​គ្នា​ប្រកាសព័ត៌មានជា​បន្ត​បន្ទាប់​ពី​ការ​លែង​លះ​របស់​ តារា​សម្ដែង​ Hawick Lau និង​ Yang Mi។

ទោះ​ជា​យ៉ាង​ណា ក៏​មាន​មជ្ឈដ្ឋាន​ខ្លះ​ជឿ​ជាក់​ថា​ ពួកគេ​ទាំង​ ២​បាន​ដាក់​ពាក្យ​លែង​លះ​គ្នា​យូរ​ហើយ​ ប៉ុន្តែ​ទើប​សម្រេច​ប្រកាស​ជា​ផ្លូវការ​នៅ​ពេល​នេះ​ប៉ុណ្ណោះ។

៥. ឈាន​ចូល​ថ្ងៃ​ទី​ ២៤ ខែតុលា ក្រុមហ៊ុន​របស់​ Hu Ge បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​ លោក​បាន​រៀបការ​ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់ស្ងាត់ៗ។

ជាក់ស្ដែង​ ដំណឹង​ដែល​បាន​ផ្សាយ​ចេញ​ថា​ Hu Ge រៀបការ​ជាមួយ​នឹង​នារី​ជំទង់​ម្នាក់​ បាន​ធ្វើឲ្យ​កក្រើក​ពេញ​សង្គម​សិល្បៈ​ចិន ហើយ​មាន​អ្នក​ខ្លះ​បង្ហោះ​សំបុត្រ​អាពាហ៍​ពិពាហ៍របស់​ Hu Ge ទៀត​ ប៉ុន្តែ​គ្រប់យ៉ាង​ត្រូវ​បាន​ស្ងប់ស្ងាត់​វិញ​ ក្រោយ​ក្រុម​ហ៊ុន​របស់​ លោក​ជម្រះ​រឿង​នេះ​ ដោយ​បដិសេធ​ថា​ជា​ព័ត៌មាន​ខុស​ពីការ​ពិត​ទាំងស្រុង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី