ភ្ញៀវទេសចរទៅកម្សាន្តបុណ្យឆ្លងឆ្នាំសកលនៅ​ខេត្តព្រះសីហនុកើនឡើងជាង១%

  • 2019-01-02 02:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បានឱ្យដឹង​នៅថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៩នេះថា ក្នុងពិធីបុណ្យ​ឆ្លងឆ្នាំសកល​រយៈពេល​០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ២២៥.០០០នាក់ មានការកើន​ឡើងចំនួន ១.៥ភាគរយ ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវ​ទេសចរ​​ជាតិមានចំនូន៩៤.៦៥៤នាក់ ថយចុះ១៩.៣៣ភាគរយ និងភ្ញៀវ​ទេសចរអន្តរជាតិ​មានចំនួន២០.៨៤៦នាក់ កើនឡើង ១៥.១៨ភាគរយ។

លោកប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងទៀតថា ភ្ញៀវទេសចរទៅលេង​កម្សាន្តតាម​តំបន់រមណីយដ្ឋាននានាក្នុងខេត្ត មានដូចជារមណីយដ្ឋានក្បាលឆាយ ក្រុងព្រះសីហនុ មានភ្ញៀវ​សរុប​ចំនួន ១.៥៥៩នាក់ ថយចុះ ៥៤.២១ភាគរយ ភ្ញៀវជាតិ ១.៥៣២នាក់ អន្តរជាតិ ២៧នាក់ រមណីយដ្ឋានថ្មរ៉ូង ស្រុកកំពង់សិលា មានភ្ញៀវ ៧៨៦នាក់ ថយចុះ ៥២ភាគរយ ភ្ញៀវ​ទេសចរ​ជាតិមាន​ចំនួន ៧៥៩នាក់ និងអន្តរជាតិមានចំនួន ២៧នាក់ ។

លោក តាំង សុចិត្តគ្រឹស្នា បានបន្ដថា មន្ទីរទេសចរណ៍បានសហការជា​មួយរដ្ឋ​បាលខេត្ត បង្កើតស្តង់ស្នាក់នៅសម្រាប់ភ្ញៀវទេសចរចំនួន ៣០០ស្តង់ នៅទីតាំងចុងឆ្នេរអូរឈើ (អារីស្តុន) ស្តិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ស្តង់នៅថ្ងៃទី១ មានភ្ញៀវចូល​ស្នាក់នៅ​ប្រមាណជា ៣០ភាគរយ ថ្ងៃទី២ មាន ៥០ភាគរយ និងថ្ងៃបញ្ចប់នៃបុណ្យឆ្លងឆ្នាំសកល ភ្ញៀវ​មកស្នាក់ពេញ ព្រមទាំងរៀបចំបង្គន់អនាម័យ បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ងូតទឹក និង​ដាក់តាំងភ្លើង ការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្រៅពីនេះ​ រដ្ឋបាលខេត្ត​ក៏មានរៀបចំកម្មវិធីប្រគំតន្ត្រី ការដាក់តាំងពិព័រណ៍ផលិតផល ម្ហូបអាហារ នៅឆ្នេរឯករាជ្យ​ស្ថិតក្នុងសង្កាត់ លេខ៣ និងមានបាញ់កាំជ្រួច និងបង្ហោះប៉េងប៉ោង ដើម្បីអបអរសាទរ​បុណ្យ​ឆ្លងឆ្នាំសាកល២០១៨-២០១៩ ព្រមទាំងបង្កើនកម្មវិធីសម្បាយៗជាច្រើនសម្រាប់ភ្ញៀវទេសចរ​មកលេងកម្សាន្តបុណ្យឆ្លងឆ្នាំសកលផងដែរ។ លោកបានបន្ថែមថា រដ្ឋបាលខេត្ត រួមជាមួយ​អាជីវករ ស្វែងរកវិធានដោះស្រាយបញ្ហាតម្លៃសេវាបន្ទប់ស្នាក់ ម្ហូបអាហារបានសមរម្យ​ក៏ដូច​ជាការពង្រឹងគុណភាពសេវាកម្ម ការពង្រឹងសណ្តាប់ធ្នាប់បរិស្ថាន អនាម័យ នៅតាមរមណីយ​ដ្ឋាននានាបាន​ល្អប្រសើរ ក្នុងការទាក់ទាញឱ្យភ្ញៀវទេសចរមកសម្រាកកម្សាន្ត​នៅខេត្តព្រះ​សីហនុ ឱ្យកាន់តែច្រើននាពេលខាងមុខបន្ថែមទៀត ៕

ប្រភព៖ AKP