តារា​ម៉ូដែល​ស្រី​ទាំង៩រូប ដែល​នឹង​លេច​ធ្លោ​ខ្លាំង​នៅ​ឆ្នាំ ២០១៩

  • 2019-01-02 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំពោះ​វិស័យ​សិល្បៈ​ម៉ូដែល​កម្ពុជា បច្ចុប្បន្ន​នេះ​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ក៏​ប៉ុន្តែ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុនៗ​គឺ​សន្ទុះ​នៃ​ការ​កើន​ឡើង​នៃ​តារា​ម៉ូដែល​និង​ការងារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​គឺ​កើន​ឡើង​ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​កត់​សម្គាល់​។ ជាក់​ស្ដែង​កម្មវិធី​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ដើរ​ម៉ូដ​គឺ​កាន់​តែ​មាន​ច្រើន​ដូច​ជា Phnom Penh Desingers Week ប្រចាំ​ឆ្នាំ និង​ព្រម​ទាំង​កម្មវិធី​ផ្សេងៗ​ទៀត​ជា​ដើម។

ដើម្បី​ឲ្យ​វិស័យ​នេះ​រីក​ចម្រើន ធនធាន​សំខាន់​បំផុត​គឺ​តារា​ម៉ូដែល​តែ​ម្ដង។ ថ្ងៃ​នេះ សប្បាយ​នឹង​ណែនាំ​នូវ តារា​ម៉ូដែល​នារី​ស្រស់​ស្អាត​ចំនួន​៨​រូប​ ដែល​នឹង​លេច​ធ្លោ​ខ្លាំង​នៅ​ឆ្នាំ​ ២០១៩​នេះ។

១. នៅ​ គីមមួយ

គីមមួយ ជា​តារា​ម៉ូដែល​មួយ​រូប​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​បដា​ផ្សាយ​ផលិត​ផល​ជា​ច្រើន ព្រម​ទាំង​តែង​តែ​បង្ហាញ​ខ្លួន​លើ​ឆាក​ Runway ជា​ញឹក​ញាប់​ផង​ដែរ​ ជាមួយ​នឹង​រូបរាង​ស្រស់​ស្អាត​ ព្រម​ទាំង​ពូកែ​ខាង​ថ្វីមាត់​ផង​នោះ គីមមួយ​ នឹង​កាន់​តែ​លេច​ធ្លោ​នៅ​ឆ្នាំ​ ២០១៩​នេះ។

២. កែវ ច័ន្ទសូនីន

តារា​ម៉ូដែល​រូប​នេះ បាន​បង្ហាញ​ខ្លួន​ជា​ច្រើន​ដង​នៅ​លើ​ក្រប​របស់​ទស្សនាវដ្ដី​ល្បីៗ​ក្នុង​ស្រុក មិន​ត្រឹម​តែ​ប៉ុណ្ណោះ សូនីន​ ក៏​បាន​ជួប​សម្ភាសន៍​ជាមួយ​សប្បាយ​ថ្មី​ៗ​កន្លង​ទៅ​នេះ​ផង​ដែរ។ ជាមួយ​នឹង​កម្ពស់​អំណោយ​ផល​ព្រម​ទាំង​សម្រស់​ស្អាត​ប្លែក​ សូនីន​ នឹង​បង្ហាញ​ខ្លួន​ជាមួយ​គម្រោង​ថ្មី​ៗ​ជា​ច្រើន​នៅ​ឆ្នាំ​ថ្មី​នេះ។​

៣. Marianne Clais

តារា​ម៉ូដែល​ខ្មែរ​កាត់​បារាំង Marianne ជា​​ម៉ូដែល​មួយ​រូប​ដែល​មាន​សម្រស់​ស្អាត ព្រម​ទាំង​លេច​ធ្លោ​ដែល​បាន​សម្ដែង​នៅ​ក្នុង​វីដេអូ​បទ​ចម្រៀង​ "អូនសាសន៍អី?” ផង​ដែរ។ ឆ្នាំ ២០១៩ នេះ​ Marianne ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​ពេញ​ចិត្ត​វិស័យ​ម៉ូដែល​ទាំង​អស់​ ភ្ញាក់​ផ្អើល​នឹង​គម្រោង​ថ្មីៗ។

៤. នេត រក្សា

នេត រក្សា ជា​តារា​ម៉ូដែល​ថ្មី​មួយ​រូប ដែល​មាន​ទេពកោសល្យ​និង​មហិច្ឆតា​ខ្ពស់​មិន​ធម្មតា។ ទោះ​បី​ជា​នៅ​សិក្សា​ត្រឹម​ថ្នាក់​វិទ្យាល័យ​ក៏​ពិត​មែន ក៏​រក្សា​តែង​តែ​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​នូវ​ស្ទីល​ថត​រូប​និង​សម្រស់​របស់​នាង។ ក្នុង​ឆ្នាំ ២០១៩ តារា​ម៉ូដែល​វ័យ​១៨​ឆ្នាំ​នេះ​ នឹង​ចូលរួម​ក្នុង​គម្រោង​មួយ​ដែល​មាន​លក្ខណៈ​សំងាត់ ប៉ុន្តែ​នឹង​ធ្វើ​នាង​កាន់​តែ​ល្បី​ខ្លាំង​ពេល​គម្រោង​នេះ​បញ្ចេញ​។

៥. Mélia Constantin

Mélia ក៏​ជា​តារា​ម៉ូដែល​សញ្ជាតិ​ខ្មែរ​កាត់​បារាំង​ដូច​គ្នា​ ហើយ​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​។ បើ​មើល​តាម​រូបភាព​ទាំង​នេះ យើង​ប្រាកដ​ជា​ស្មាន​ដឹង​ហើយ​ថា​ឆ្នាំ​ ២០១៩ គឺ​ជា​ឆ្នាំ​ដែល Mélia ឈាន​មក​ដល់​ចំណុច​ថ្មី​មួយ​កម្រិត​​ទៀត​។​

៦. Srey Ly

Srey Ly មិន​ត្រឹម​តែ​ជា​តារា​ម៉ូដែល​មាន​រូប​រាង​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​ជា​ម៉ូដែល​ម្នាក់​ដែល​មាន​ចិត្ត​ល្អ​ចេះ​ជួយ​សង្គម​ទៀត​ផង។ ក្រៅ​ពី​ជា​អាជីព​ជា​ម៉ូដែល​ Srey Ly តែង​តែ​ចំណាយ​ពេល​នៅ Gym ដើម្បី​ធ្វើ​ឲ្យ​នាង​មាន​រូបរាង​កាន់​តែ​ស្រស់​ស្អាត​។

៧. គង ស្រីពៅ

ស្រី​ពៅ​ មិន​ត្រឹម​តែ​ជា​តារា​ម៉ូដែល​មាន​ទេពកោសល្យ​ប៉ុណ្ណោះ​ទេ នាង​ក៏​ជា​តារា​សម្ដែង​មួយ​រូ​ប​ផង​ដែរ ដែល​ទើប​នឹង​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង "កូន​អើយ ម្ដាយ​ខ្មោច"។ ឆ្នាំ ២០១៩​នេះ​ ស្រី​ពៅ ឬ (Roza) ដែល​ជា​ម្ចាស់​ពាន​ Khmer Supermodel លេខ​១​ឆ្នាំ ២០១៦ នឹង​ធ្វើ​ឲ្យ​ពិភព​ម៉ូដែល​នេះ​កាន់​តែ​មាន​គេ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង។

៨. ហង្ស សុរិយាន់

​សុរិយាន់ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​​ក្នុង​កម្មវិធី Cambodia's Next Top Model ហើយ​ពេល​នេះ​នាង​កំពុង​តែ​មមាញឹក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ខ្លាំង។ មិន​ថា​ជា​ស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម​ ឬ​ភាព​យន្ត​ផ្សេងៗ សុរិយាន់ គឺ​ជា​តារា​ម៉ូដែល​មួយ​រូប​ដែល​អ្នក​គួរ​តែ​តាម​ដាន​នៅ​ឆ្នាំ​​ថ្មី​នេះ៕

អត្ថបទ៖ ធារ៉ូ