ធន់​ សុភា​ សំណូមពរ​ចៅក្រម​ដាក់​ពិន្ទុ​តាម​វិជ្ជាជីវៈ​ដែល​បាន​រៀន​ ជា​ពិសេស​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​នេះ​

  • 2019-01-03 08:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ដែល​បណ្ដុះ​យុវជន​ថ្នាល​បាន​ច្រើន​ ធន់​ សុភា​ សំណូមពរ​ឲ្យ​អាជ្ញាកណ្ដាល​ចៅក្រម​ដាក់​ពិន្ទុ​ទាំង​អស់​ធ្វើ​តាម​វិជ្ជាជីវៈ​ដែល​ខ្លួន​ធ្លាប់​រៀន​កន្លង​មក​ កុំ​ដាក់​ពិន្ទុ​តាម​អារម្មណ៍​ស្រឡាញ់​ ឬ​ស្អប់​ សម្រាប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​សង្វៀន​ CNC​ និង​បាយ័ន​សប្ដាហ៍​នេះ។​

រូបភាពហ្វេសបុកលោកគ្រូ​ ធន់ សុភា

ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​ខ្លួន​របស់​កូន​សិស្ស​លោក​ទាំង​ពីរ​ ប៊ុន​ សុធា​ និង​ ធន់​ មករា​ គឺ​ល្អ​គ្រប់គ្រាន់​ហើយ​ មិន​មាន​អ្វី​ចោត​ជា​បញ្ហា​នោះ​ឡើយ។​ ការ​ហ្វឹកហាត់​ក៏​មាន​រយៈពេល​យូរ​គួរសម​ផង​ដែល​ អាច​និយាយ​ថា​ពួកគេ​ត្រៀម​ខ្លួន​រួច​ហើយ។​

​គ្រូ​ប្រដាល់​ឆ្នើម​ខាង​លើ​នេះ​ ក៏​មាន​ការ​អារម្មណ៍​ខ្លះ​ពី​បញ្ហា​មួយ​ចំនួន​ដែរ​ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​កូន​របស់​លោក​នេះ​ដែរ​ គឺ​ការ​ដាក់​ពិន្ទុ​ ឬ​អាជ្ញាកណ្ដាល​តែ​ម្ដង។​ មួយ​រយៈពេល​នេះ​លោក​មើល​ឃើញ​ពី​ចន្លោះ​ខ្វះខាត​ច្រើន​ទាក់ទិន​ទៅ​និង​ការ​ដាក់​ពិន្ទុ​ មិន​បាន​ត្រឹមត្រូវ​តាម​អ្វី​ដែល​ខ្លួន​ធ្លាប់​រៀន​កន្លង​មក។​ ពិន្ទុ​លំអៀង​តាម​អារម្មណ៍​ស្រឡាញ់​កីឡាករ​មួយ​ ទោះ​ជា​អ្នក​ប្រដាល់​ម្ខាងទៀត​វ៉ៃ​ចូល​ក៏​មើល​មិន​ឃើញ​ ឬ​ដាក់​ពិន្ទុ​ឲ្យ​ដែរ​ ព្រោះ​ស្លុង​ទៅ​ម្ខាងៗ​បាត់​ហើយ។​ ពេល​ខ្លះ​ទៀត​ដាក់​ពិន្ទុ​ដោយ​មិន​ពេញ​ចិត្ត​ ឬ​ស្អប់​គ្នា​ត្រង់​ចំណុច​មួយ។​ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ​គ្រូ​ប្រដាល់​ប្រចាំ​សមាគម​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ទទូច​ចំពោះ​ការ​ដាក់​ពិន្ទុ​កុំ​លំអៀង​ទៅ​បាន​ហើយ​ ចាញ់​ឈ្នះ​ឲ្យ​ត្រឹមត្រូវ។​

រូបភាពរបស់ផេកបាយ័ន

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ប៊ុន​ សុធា​ នឹង​ត្រូវ​ប៉ះ​ ខេម​ ចាន់​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​៥៤​គីឡូក្រាម​ នៅ​សង្វៀន​បាយ័ន​ ថ្ងៃ​សុក្រ​ ទី៤​ ខែ​មករា​ ស្អែក​នេះ។​ ចំណែក​ ធន់​ មករា​ នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​នេះ​ដូច​គ្នា​ពាន​រង្វាន់​ ISI​ នៅ​សង្វៀន​ CNC​ ជា​មួយ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង ​ថ្ងៃ​អាទិត្យ​ ទី៦​ ចាប់​ពី​ម៉ោង​ ១១​ថ្ងៃ​ត្រង់៕​

អត្ថបទ៖ នួន ស៊ីណា​