ចាប់​គូ​រួច​ហើយ! ​៥៤​ក្រុម​នឹងរំភើប​រីករាយខេត្ត​ព្រះសីហនុព្រឹកស្អែក

  • 2019-01-04 11:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​កំណត់​ក្រុម​ចូល​រួម​ប្រកួត​​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​​ទទួល​បាន​​គ្រប់​ចំនួន​ដូច​ការ​រំពឹង​នៃ​​កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​ Tiger Street​ Football​ Festival​ 2019 ដែល​នឹង​ធ្វើ​ឲ្យ​កក្រើក​នា​ថ្ងៃ​ទី​៥-៦ ខែ​មករា​ ឆ្នាំ​២០១៩​នេះ។

ក្នុង​ពិធី​​ធ្វើ​បទ​បង្ហាញ​លក្ខន្តិកៈ​ និង​បទ​បញ្ជា​នៃ​ការ​ប្រកួត​ ព្រម​ទាំង​ចាប់​ឆ្នោត​​នា​រសៀល​ថ្ងៃ​សុក្រ​ ទី​៤​ ខែ​មករា នៅ​សណ្ឋាគារ​ឯករាជ្យ​ ខេត្ត​ព្រះសីហនុ​បាន​បង្ហាញ​ថា​ ​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួន​៥៤​ក្រុម​ដែល​​ត្រូវ​តាម​ការ​កំណត់​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត។

លោកស្រី ថោង បវរលក្ខិណា

លោក​ស្រី​ ថោង​ បវរលក្ខិណា​ ​នាយក​គ្រប់​គ្រង​ស្លាក​សញ្ញា​ផលិត​ផល​ស្រាបៀរ​ថៃហ្គ័រ​​ បាន​លើក​ឡើង​ថា​ នេះ​ជា​មណ្ឌល​ទី​១​នៃ​ការ​ប្រកួត​ Tiger Street Football Festival ឆ្នាំ​២០១៩​។ ការ​ប្រកួត​​រដូវ​កាល​ទី​៧​នេះ​​បាន​កើន​ឡើង​ដល់​៧​មណ្ឌល​ ហើយ​ប្រាក់​រង្វាន់​សរុប​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ ប៉ិច​ នី​ នាយក​គ្រប់​គ្រង​សកម្មភាព​ពាណិជ្ជកម្ម​ស្រាបៀរ​ថាយហ្គ័រ​មាន​ប្រសាសន៍​ថា ស្រាបៀរ​ថៃហ្គ័រ​តែង​តែ​នាំ​មក​នូវ​​កំពូល​ព្រឹត្តិការណ៍​​​បាល់ទាត់​​​ដល់​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​យុវជន។ សម្រាប់​មណ្ឌល​ខេត្ត​ព្រះសីហនុ​នេះ​មាន​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួន​៥៤​​ ហើយ​ត្រូវ​ប្រកួត​២​ថ្ងៃ​ដើម្បី​ជ្រើស​រើស​យក​៦​ក្រុម​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ភ្នំពេញ។

លោក​បញ្ជាក់​ថា អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​ ក្រុម​ដែល​បាន​ឡើង​ទៅ​លេង​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​នឹង​បាន​ជួប​ផ្ទាល់​​អតីត​កំពូល​តារា​បាល់ទាត់​លំដាប់​ពិភព​លោក​របស់​ប្រេស៊ីល​ Ronaldinho។

លោក​ ម៉ៃ​ តុលា​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​ Tiger Street Football Festival បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​​អភិវឌ្ឍ​​កីឡា​បាល់ទាត់​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​សូម​អរគុណ​ដល់​ក្រុម​ហ៊ុន​ Tiger ដែល​បាន​​ចូល​រួម​ចំណែក​ដ៏​សំខាន់​នេះ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ លោក​ក៏​បាន​ផ្តាំ​ឲ្យ​ប្អូន​ៗ​កីឡាករ​ត្រូវ​លេង​ប្រកប​ដោយ​យុត្តិធម៌​ គោរព​តាម​បទ​បញ្ជា​នៃ​ការ​ប្រកួត​ និង​អស់​ពី​សមត្ថភាព។

លោក ម៉ៃ តុលា

ការ​ប្រកួត​នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​​វេលា​ម៉ោង​៧​ ព្រឹក​ថ្ងៃ​ទី៥​ ខែ​មករា​ ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​ជុំ​បន្ត៕

អត្ថបទ៖ ជាន ចាន់រ៉ា