អបអរ​សាទរ! កូន​ខ្មែរ​មួយ​រូប​ក្លាយ​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់ ​ផលិត​ភាពយន្ត​លំដាប់​ពិភពលោក

  • 2019-01-06 04:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​បណ្ឌិត ចិន្ត ច័ន្ទរតនា ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​បុរាណវិទ្យា​ពី​ប្រទេស​បារាំង​លើ​ផ្នែក​ប្រវត្តិ​សិល្បៈ និង​បុរាណវិទ្យា​​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​ក្រុមហ៊ុន Walt Disney Animation Studios ដែល​មាន​ការិយាល័យ​ធំ គឺ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ជ្រើសរើស​ជា​ទី​ប្រឹក្សា។

លោក​បណ្ឌិត ចិន្ត ច័ន្ទរតនា

ក្រុមហ៊ុនWalt Disney Animation Studio គឺជា​ក្រុមហ៊ុន​ផលិត​គំនូរ​ជីវចល និង​ខ្សែ​ភាពយន្ត ព្រមទាំង​សេវា​កម្សាន្ត​ជា​ច្រើន​ទៀត។ ដូច្នេះ​ផ្នែក​ណា​មួយ​នៃ​គម្រោង​របស់​ក្រុមហ៊ុន​អាច​ពាក់ព័ន្ធ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​កម្ពុជា​ទើប​ជ្រើសរើស​លោក​ជា​ទីប្រឹក្សា​ ដូចគ្នា​នឹង​ការ​ជ្រើសរើស​លោក​ជា​ទី​ប្រឹក្សា​ផលិត​ខ្សែ​ភាពយន្ត​រឿង​ហ្លួង​ព្រះ​ស្តេច​កន​ដែរ។លោក​បណ្ឌិត​ចាត់​ទុក​នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​លោក​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​អាច​ស្រាវជ្រាវ​រក​ឈ្មោះ​លោក​ឃើញ​តាម​បណ្តាញ​អ៊ីនធឺណេត និង​ការណែ​នាំ​ពី​សាស្ត្រាចារ្យ​នៅ​សហរដ្ឋអាមេរិក ព្រោះថា កន្លង​មក​លោក​ក៏​ធ្លាប់​ធ្វើ​ជា​គ្រូ​ឧទ្ទេស​ឲ្យ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋ​អាមេរិក​ផងដែរ។ ដូច្នេះ​ការងារ​ស្នូល​របស់​លោក​អាច​ពាក់ព័ន្ធ​នឹង​សិល្បៈ ស្ថាបត្យកម្ម និង​ការ​តុបតែង​លម្អ​ជាដើម។ លោកថា ការ​ភ្ជាប់​អ្នក​ជំនាញ​ក្នុង​តំបន់​ជា​ទីប្រឹក្សា ក្រុមហ៊ុន​នឹង​មិន​បារម្ភ​ពី​កំហុស​ឆ្គង ហើយ​ការងារ​លោក​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​នេះ​ហើយ។

លោក​បណ្ឌិត​បន្ថែម​ថា បច្ចុប្បន្ន​នេះ​យុវជន​កម្ពុជា​ច្រើន​នាក់​ទៀត​សុទ្ធសឹងតែ​ពូកែ និង​មាន​សមត្ថភាព​ផ្សេង​គ្នា​អាច​ឈាន​ជើង​ប្រឡូក​ការងារ​ជាមួយ​នឹង​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ ហើយ​លោក​ជឿ​ថា​ប្រសិន​យុវជន​ជំនាន់​ក្រោយ​មាន​ការ​តស៊ូ និង​អត់ធ្មត់ រៀន​សូត្រ យើង​នឹង​អាច​ទទួល​បាន​ចំណេះ​ជំនាញ​អាច​ប្រកួតប្រជែង​នឹង​បរទេស​បាន៕

រូបភាព៖ ផ្ដល់ឲ្យ   

អត្ថបទ៖ សុផល