បញ្ហា៣ដែលធ្វើឲ្យ Coutinho រងសម្ពាធនៅ Barcelona
- 2019-01-09 08:08:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហា៣ដែលធ្វើឲ្យ Coutinho រងសម្ពាធនៅ Barcelona
ចន្លោះមិនឃើញ
គិតមកទល់នឹងពេលនេះគឺរយៈពេល១ឆ្នាំហើយដែល Philippe Coutinho ផ្ទេរពី Liverpool ទៅចូលរួមជាមួយ Barcelona យ៉ាងគួរឲ្យភ្ញាក់ផ្អើលដែលនាំឲ្យមានទាំងការសាទរ និងការរិះគន់កើតឡើង។
រយៈពេល១ឆ្នាំមកនេះ ខ្សែបម្រើប្រយុទ្ធដែលលេចធ្លោខ្លាំងនៅ Liverpool មានទាំងពេលវេលារីករាយ និងអាប់អួនៅទ្រនំថ្មីលើដែនដីរដ្ឋមិនទាន់បានឯករាជ្យកាតាឡាន់។ មូលហេតុ៣រាំងស្ទះដល់ Coutinho ដែលអ្នកវិភាគមើលឃើញថាបានធ្វើឲ្យ Coutinho រងសម្ពាធ និងមិនជោគជ័យជាមួយ Barca ដូចកាលនៅអង់គ្លេស។
#១. តម្លៃខ្លួនខ្ពស់ជាងការរំពឹងទុក
តម្លៃ១៤៦លានផោនបានធ្វើឲ្យ Coutinho គឺជាកីឡាករដែល Barcelona ទិញថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប និងថ្លៃបំផុតទីពីរក្នុងពិភពលោកបន្ទាប់ពី Neymar Jr។ ចង់មិនចង់តម្លៃខ្លួននេះជាអម្រែកយ៉ាងធ្ងន់ដោយសារអ្នកគាំទ្ររំពឹងច្រើនពីរូបគេ ហើយនៅពេលដែល Coutinho មិនអាចធ្វើបាន ឲ្យដូចការរំពឹងទុកនោះ នាំឲ្យមានការរិះគន់កាន់តែខ្លាំងឡើងៗ។
#២. ការប្រជែងជាមួយOusmane Dembele
ទទួលស្គាល់ការពិតគឺបច្ចុប្បន្ន Dembele កំពុងឡើងជើងខ្លាំងបំផុតនៅ Barcelona បើទោះជាកាលទិញមកភ្លាមរូបគេត្រូវសម្រាកជាច្រើនខែដោយសាររបួសក៏ដោយ។ កីឡាករសញ្ជាតិបារាំងគឺជាឧបសគ្គមួយរបស់ Coutinho ដោយសារតែលេងនៅតំណែងដូចគ្នា។ Dembele មានប្រៀបជាង Coutinho ត្រង់ក្មេងជាង, តម្លៃខ្លួនថោកជាង ហើយយល់ចិត្តគ្នាយ៉ាងច្បាស់ជាមួយមិត្តរួមក្រុម។ ចំពោះការបណ្ដើរបាល់ និងសម្រេចទីអ្នកទាំងពីរល្អម្យ៉ាងម្នាក់។
#៣. បញ្ហាគ្រូបង្វឹក
Coutinho លែងជាកីឡាករសំខាន់សម្រាប់លោក Ernesto Valverde ទៀតហើយដោយរូបគេត្រឹមជាជម្រើសបម្រុងប៉ុណ្ណោះ។ បើសម្លឹងមើលទៅតំបន់បម្រើ Valverde ផ្ដល់ឱកាសឲ្យ Arturo Vidal ច្រើនជាង តែបើសិនលោកចង់ឲ្យក្រុមលេងការពារច្រើន Valverde នឹងសម្លឹងឃើញ Arthur Melo ជាជាងផ្ដល់ឱកាសឲ្យ Coutinho ដែលជាខ្សែបម្រើប្រយុទ្ធ៕