ឧកញ៉ា​មួយ​រូប​គ្រោង​ចំណាយ​រង្វង់ ​១០​ម៉ឺន​ដុល្លារ​អាមេរិក សាងសង់​អគារ​សមាគម​អ្នក​និពន្ធ​ថ្មី

  • 2019-01-09 08:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​សមាគម​អ្នក​និពន្ធ​ខ្មែរ ដែល​មាន​សភាព​ទ្រុឌទ្រោម ​និង​តូច​ចង្អៀត​នោះ​នឹង​ត្រូវ​កសាង​ឡើង​វិញ​លើ​ទី​តាំង​ដដែល​ក្នុង​ពេល​ឆាប់ៗ។ នេះ​បើ​តាម​ប្រសាសន៍​ លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ថ្លែង​ប្រាប់ sabay។

លោក ព្រឿង ប្រណីត

បច្ចុប្បន្ន អគារ​សមាគម​ខ្មែរ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្តបទុមវតី​រាជធានី​ភ្នំពេញ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​អំឡុង​ឆ្នាំ ១៩៩៦ បច្ចុប្បន្ន​ស្រុត​ឥត​ការ៉ូ ហើយ​ដំបូល​ធ្លុះធ្លាយ​ជា​អន្លើ។ អគារ​នេះ​ជា​អំណោយ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

ទីតាំងចាស់
ប្លង់ថ្មី

  លោក​បាន​បន្ថែម​ថា ម្ចាស់​ជំនួយ​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់៣ហេង អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍​បាន​យល់​ព្រម​សាងសង់​អគារ​ថ្មី​ទំហំ ១០ម៉ែត្រ គុណ១២ ម៉ែត្រ កម្ពស់​មួយ​ជាន់ ខណៈ​អគារ​ចាស់​មាន​ទំហំ ៨ម៉ែត្រ គុណ ១០ម៉ែត្រ។ ប៉ុន្តែ​សមាគម​នៅ​មិនទាន់​បាន​ឆ្លង និង​សម្រេច​យក​ប្លង់​អគារ​ថ្មី​នៅ​ឡើយ។ ក្រុម​វិស្វករ​បាន​ពង្រាង​ប្លង់​ខ្លះ​ហើយ។ លោក​ថា អគារ​សមាគម​ថ្មី​ត្រូវតែ​មាន​រចនាបថ​ជា​ខ្មែរ  និង​យល់​ព្រម​រួម​ពី​គណៈ​គ្រប់គ្រង​សមាគម​ជាមុន។​

ខ្ញុំ​គិត​ថា ទឹក​ចិត្ត​សប្បុរស​លោក​ជំទាវ សៀង ចាន់ហេង គឺជា​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​ដល់​អ្នក​និពន្ធ​ជំនាន់​ក្រោយ ព្រោះ​អគារ​ចាស់​ក្រៅ​ពី​ទ្រុឌទ្រោម ក៏​មាន​សភាព​តូច​ចង្អៀត ពិបាក​សិក្ខា​កាម​រៀន​ណាស់”។

  យ៉ាង​ណា​លោក​បាន​បន្ថែម​ថា មុន​សាងសង់​អគារ​ថ្មី​ទៅ​បាន​ក៏​ត្រូវ​មាន​ការ​ឆ្លង​យោបល់ ​ឬ​យល់​ព្រម​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ផង​ដែរ ព្រោះថា អគារ​ចាស់​ជា​អំណោយ​របស់​សម្តេច។

  សមាគម​អ្នក​និពន្ធ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ៥ ខែ​មិនា ឆ្នាំ​១៩៥៦។ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​សមាគម​អ្នក​និពន្ធ​ខ្មែរ​បាន​ដំណើរ​ការ​ឡើង​វិញ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣។ ពេល​នោះ​គណៈកម្មាធិការ​កណ្តាល​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​បាន​សុំ​យាង ព្រះ​ករុណា​ព្រះ​បាទ​នរោត្តម សីហនុ ព្រះ​បរម​រត​កោដ្ឋ​គង់​ប្រថាប់​ជា​ព្រះ​ប្រធាន​កិត្តិយស នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ឡើង​វិញ​ដូច​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម។ បច្ចុប្បន្ន​សមាគម​មាន​សមាជិក និង​សិក្ខាកាម​លើស​ពី ១ ០០០នាក់ និង​មាន​ស្នាក់​ការ​នៅ​វត្តបទុមវតី​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សុផល

អត្ថបទពេញនិយម